អន្តរជាតិ
នាយករដ្ឋមន្ត្រីអង់គ្លេសថ្មី ត្រូវជ្រើសរើសដោយប្រជាជនតែ០,២ភាគរយនៃប្រជាជនសរុប រូបភាព AFP
× លោក បូរីស ចនសុន និងលោក ជេរេមី ហាន់ ជាបេក្ខជនចំនួនពីរ កំពុងប្រជែងគ្នាដើម្បីតំណែងនាយករដ្ឋមន្ត្រីអង់គ្លេសជំនួសលោកស្រី ថេរ៉េសា ម៉េយ៍ ដែលប្រកាសលាលែង។ ប៉ុន្តែមិនមែនប្រជាជនអង់គ្លេសទាំងអស់ សុទ្ធតែអាចចូលរួមក្នុងដំណើរការនេះឡើយ។ លោក ចនសុន ឬលោក ហាន់ ដែលអង្គុយកៅអីនាយករដ្ឋមន្ត្រីអង់គ្លេសថ្មី គឺអាស្រ័យលើការបោះឆ្នោតពីសំណាក់សមាជិកបក្សអភិរក្សដែលកំពុងកាន់អំណាចចំនួន១៦ម៉ឺននាក់ប៉ុណ្ណោះ។
ចាប់ពីថ្ងៃទី៦ ដល់ទី៨ ខែកក្កដានេះ សមាជិកបក្សអភិរក្សចំនួន១៦ម៉ឺនាក់បានទទួលសន្លឹកឆ្នោតដែលផ្ញើឲ្យពួកគេតាមរយៈប្រៃសណីយ៍ ដើម្បីកំណត់អនាគតមេដឹកនាំបក្សថ្មី ក៏ដូចជានាយករដ្ឋមន្ត្រីថ្មីបន្តពីលោកស្រី ថេរ៉េសា ម៉េយ៍ ។ មានន័យថា មានតែប្រជាជនអង់គ្លេស០,២ភាគរយប៉ុណ្ណោះ ដែលមានសិទ្ធិជ្រើសរើសមេដឹកនាំថ្មីក្នុងប្រទេសដែលមានប្រជាជនក្បែរ៦៧លាននាក់មួយនេះ។
សម្រាប់ប្រព័ន្ធដឹកនាំនៅចក្រភពអង់គ្លេស នៅពេលនាយករដ្ឋមន្ត្រីលាលែងពីតំណែងដូចករណីលោកស្រី ម៉េយ៍ ជាដើម មិនមានការចាំបាច់ដើម្បីរៀបចំការបោះឆ្នោតទូទៅឡើយ។ ដោយសារប្រធានបក្សកាន់អំណាចតែងអង្គុយកៅអីនាយករដ្ឋមន្ត្រី នោះប្រធានបក្សអភិរក្សថ្មី ជាស្វ័យប្រវត្តិក៏នឹងក្លាយជានាយករដ្ឋមន្ត្រីថ្មីតែម្ដង។ ត្រង់ចំណុចនេះ ការជ្រើសរើសនាយករដ្ឋមន្ត្រីនៅអង់គ្លេស ហាក់មិនតំណាងឲ្យមតិប្រជាជនទាំងអស់ឡើយ។
ភាគច្រើននៃសមាជិកបក្សអភិរក្សដែលត្រូវបោះឆ្នោតជ្រើសរើសមេដឹកនាំថ្មី ជាជនស្បែកស មកពីវណ្ណៈកណ្ដាល និងមានជីវភាពល្អប្រសើរ។ សមាសភាពសមាជិកបក្សនេះ ក៏ប្រែប្រួលទៅតាមប្រទេសដែលស្ថិតក្នុងចក្រភពអង់គ្លេសផងដែរ។ ប៉ុន្តែពួកគេនៅតែមិនអាចតំណាងឲ្យប្រជាជនអង់គ្លេសទាំងមូលដដែល។
បច្ចុប្បន្ន ការជ្រើសរើសមេដឹកនាំបក្សអភិរក្ស ឈានដល់ដំណាក់កាលចុងក្រោយហើយ ដោយលោក បូរីស ចនសុន ត្រូវប្រជែងជាមួយលោក ជេរេមី ហាន់ ។ បេក្ខជនទាំងពីរកំពុងធ្វើយុទ្ធនាការនៅទូទាំងចក្រភពអង់គ្លេសដើម្បីទាក់ទាញការគាំទ្រពីសមាជិកបក្ស។ ការបូកសរុបលទ្ធផល នឹងធ្វើឡើងអំឡុងសប្ដាហ៍ថ្ងៃទី២២ ខែកក្កដាខាងមុខ ហើយបេក្ខជនដែលទទួលសំឡេងលើស៥០ភាគរយ នឹងក្លាយជាប្រធានបក្សថ្មី ក៏ដូចជានាយករដ្ឋមន្ត្រីថ្មីផងដែរ។
ដោយសារនីតិវិធីដូចខាងលើ បេក្ខភាពទាំងពីរ ច្រើនផ្ដោតលើការព្រួយបារម្ភរបស់សមាជិកជាជាងបញ្ហាទូទៅរបស់ប្រជាជនទាំងមូល។ ប៉ុន្តែក្រោយឡើងកាន់តំណែងនាយករដ្ឋមន្ត្រី លោក ចនសុន ឬលោក ហាន់ ត្រូវងាកទៅរកបញ្ហាធំវិញម្ដង គឺរឿងចាកចេញពីសហភាពអឺរ៉ុប។ សព្វថ្ងៃ បញ្ហាលែងលះនេះ ជាប់គាំងមិនទៅមុខ ព្រោះសភាអង់គ្លេសជំទាស់កិច្ចព្រមព្រៀងរវាងរដ្ឋាភិបាល និងសហភាពអឺរ៉ុបបីដងទៅហើយ ឯកាលបរិច្ឆេទចាកចេញក៏ពន្យារដល់ចុងខែតុលាការខាងមុខ៕
Tag:
អង់គ្លេស
ថេរ៉េសា ម៉េយ៍
© រក្សាសិទ្ធិដោយ thmeythmey.com