ជាតិ
បាក់ឌុប
សង្គមជាតិ
បាក់ឌុបឆ្នាំនេះគ្មានអ្នកសង្កេតការណ៍ តែក្រសួងពង្រាយមន្ត្រីខ្លួន ដើម្បីតាមដានការប្រឡង
×
ភ្នំពេញ៖ សម័យប្រឡងបាក់ឌុបឆ្នាំនេះ នឹងមិនមានអ្នកសង្កេតការណ៍ ដូចការប្រឡងរាល់ឆ្នាំនោះទេ។ បើតាមលោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ ឆ្នាំនេះក្រសួងជ្រើសរើសមន្ត្រីអប់រំ គរុសិស្ស និងគរុនិស្សិត មកធ្វើជាអប្បមាទ និងជំនួយការអប្បមាទ។ អ្នកនាំពាក្យក្រសួងអប់រំ ពន្យល់ថា អប្បមាទ ជាអ្នកត្រួតពិនិត្យដំណើរការប្រឡងបាក់ឌុប នៅតាមមណ្ឌលប្រឡង។
បើទោះបីជាឆ្នាំ២០១៩នេះ គ្មានអ្នកសង្កេតការណ៍ក្នុងពេលប្រឡងបាក់ឌុបក្តី ប៉ុន្តែក្រសួងនៅតែបន្តសហការជាមួយអង្គភាពប្រឆាំងអំពើពុករលួយ(ACU) ដើម្បីដោះស្រាយបញ្ហា និងចាត់វិធានការរាល់សកម្មភាពដែលចាត់ទុកថាជាអំពើពុករលួយក្នុងពេលប្រឡង។ នេះជាការបញ្ជាក់របស់លោក រស់ សុវាចា។
អ្នកនាំពាក្យក្រសួងអប់រំ ឲ្យដឹងទៀតថា ក្រសួងបានបង្កើនចំនួន និងពង្រឹងសមត្ថភាព របស់មន្ត្រីអប់អប្បមាទ ក៏ដូចជាជំនួយការអប្បមាទ ដើម្បីធានាថាដំណើរការប្រឡងនឹងប្រព្រឹត្តទៅដោយរលូន។ លោក រស់ សុវាចា បញ្ជាក់ថា៖«នៅតាមបន្ទប់ប្រឡង និងមណ្ឌលប្រឡង យើងនឹងពង្រាយអប្បមាទ និងជំនួយការអប្បមាទ ដើម្បីសង្កេតមើលមណ្ឌលប្រឡង និងបន្ទប់ប្រឡង ដែលមិនឲ្យប៉ះពាល់ទៅលើគុណភាព និងដំណើរការប្រឡងនេះទេ គឺយើងនៅតែរក្សាស្តង់ដារការរៀបចំការប្រឡងនេះឲ្យនៅល្អប្រសើរ ដោយឈរលើគោលការណ៍ច្បាប់ តម្លាភាព យុត្តិធម៌ និងលទ្ធផលទទួលយកបាន»។
សូមជម្រាបថា សម័យប្រឡងបាក់ឌុបនៅឆ្នាំនេះ នឹងប្រព្រឹត្តទៅ នៅថ្ងៃទី១៩ ខែសីហានោះ ដោយមានបេក្ខជនប្រឡងសរុបចំនួន ១១៩,២១៧នាក់ ក្នុងនោះមានស្រីចំនួន ៦១,០៣១នាក់។ តាមតួលេខពីក្រសួងអប់រំ ឆ្នាំនេះ បេក្ខជនប្រឡងថ្នាក់វិទ្យាសាស្ត្រ ៤៥,៤១៤នាក់(ស្រី២,៥៥២៦នាក់) និងថ្នាក់វិទ្យាសាស្ត្រសង្គម ចំនួន ៧៣,៨០៣នាក់ (ស្រី៣៥,៥៣៨នាក់)។ ចំណែកសំណើរមណ្ឌលប្រឡងមានចំនួន ២០២ មណ្ឌល (កើន៦មណ្ឌល)។
គួររម្លឹកផងដែរថា ការប្រឡងបាក់ឌុបនៅឆ្នាំ២០១៨ មានបេក្ខជនប្រឡងសរុប ១១៧,០៦១នាក់ និងមានមណ្ឌលប្រឡង១៩៥មណ្ឌល។ សិស្សដែលជាប់និទ្ទេស A មានចំនួន២៩០នាក់, និទ្ទេស B មានចំនួន ១,៥៣២នាក់, និទ្ទេសC មានចំនួន ៤,៦៣១នាក់, និទ្ទេស D មានចំនួន១៣,៩៩៩នាក់ និងនិទ្ទេសE មានចំនួន ៥៤.៦០៧នាក់៕
Tag:
រស់ សុវាចា
អប់រំ
បាក់ឌុប
អ្នកសង្កេតការណ៍
បាក់ឌុប២០១៩
BacII2019
© រក្សាសិទ្ធិដោយ thmeythmey.com