អន្តរជាតិ
ប្រមុខ​ដឹកនាំ​ឥណ្ឌូណេស៊ី និង​ម៉ាឡេស៊ី គ្រោង​ជួប​ពិភាក្សាគ្នា​ដោះស្រាយ​បញ្ហា​ព្រំដែន ក្រោយ​ចរចា​គ្នា​អស់​១៣​ឆ្នាំ
23, Jul 2019 , 8:29 am        
រូបភាព
នាយករដ្ឋមន្រ្តីម៉ាឡេស៊ី មហាធៀ មហាម៉ាត់ និងប្រធានាធិបតីឥណ្ឌូណេស៊ី ចូកូ វីដូដូ ។ រូបភាព Antara
នាយករដ្ឋមន្រ្តីម៉ាឡេស៊ី មហាធៀ មហាម៉ាត់ និងប្រធានាធិបតីឥណ្ឌូណេស៊ី ចូកូ វីដូដូ ។ រូបភាព Antara
ដោយ:
​រដ្ឋាភិបាល​ក្រុង​ហ្សា​ការ​តា និង​រដ្ឋាភិបាល​ក្រុង​គួ​ឡា​ឡាំ​ពួ កំពុង​រៀបចំ​ផែនការ​សម្រាប់​ជំនួប​ប្រចាំឆ្នាំ​មួយ​ដើម្បី​ពិភាក្សា និង​ពិគ្រោះ​យោបល់​លើ​បញ្ហា​ពាក់ព័ន្ធ​ទ្វេភាគី រួមបញ្ចូល​ទាំង​ការកំណត់​ព្រំដែន​នៃ​ប្រទេស​ទាំងពីរ​ផងដែរ​។ ជំនួប​ដោះស្រាយ​បញ្ហា​នេះ​ព្រំដែន​រវាង​ប្រទេស​ទាំងពីរ ធ្វើឡើង​ក្នុង​កាលៈទេសៈ ដែល​បណ្តា​ប្រទេស​អាស៊ាន​ដូចគ្នា នៅ​មិនទាន់​ដាច់ស្រេច​លើ​ការកំណត់​ព្រំប្រទល់​ប្រទេស​។​

 
​រដ្ឋមន្ត្រីការបរទេស​ម៉ាឡេស៊ី លោក Saifuddin Abdullah បាន​ឲ្យ​ដឹងថា​លោកនាយក​រដ្ឋមន្ត្រី មហា ធៀ មហាម៉ាត់ និង​លោក​ប្រធានាធិបតី ចូ​កូ វី​ដូ​ដូ កំពុងតែ​ជ្រើសរើស​កាលបរិច្ឆេទ​សម្រាប់​ជំនួប​ប្រចាំឆ្នាំ​ដើម្បី​ពិភាក្សា​លើ​បញ្ហា​ធំ​ពីរ​រួមមាន​ការពិនិត្យ​ឡើងវិញ​លើ​កិច្ចព្រមព្រៀង​ស្តីពី​ពលករ និង​កំណត់ព្រំដែន​សមុទ្រ​មួយចំនួន​រវាង​ប្រទេស​ទាំងពីរ​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន Jakarta Post នៅ​ថ្ងៃ​២១ កក្កដា​។​
 
​តាម​ប្រភពព័ត៌មាន​ដដែល​នោះ ម៉ាឡេស៊ី និង​ឥណ្ឌូណេស៊ី នៅ​មិនទាន់បាន​ពិភាក្សាគ្នា​លើ​កិច្ចព្រមព្រៀង​ស្តីពី​ការការពារ​ពលករ​ក្នុងស្រុក ដែល​បាន​ផុត​សុពលភាព​តាំងពី​ឆ្នាំ​២០១៦​នោះទេ ខណៈ​ដែលជា​ញឹកញាប់​មាន​ករណី នៃ​ពលករ​ឥណ្ឌូណេស៊ី ត្រូវបាន​បំពារ​បំពា​នៅ​ម៉ាឡេស៊ី​។​
 
​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ ដោយសារតែ​បញ្ហា ប្រទេស​ទាំងពីរ បាន​ឈានទៅដល់​ភាព​តានតឹង និង​ល្អក់កករ នៃ​ទំនាក់ទំនង​ការទូត​ទៀតផង​កន្លងមក ជាពិសេស​នោះ​លើ​ករណី​នៃ​ការកាត់ទោស​ប្រទេស​ជីវិត​លើ​ពលរដ្ឋ​របស់​ប្រទេសជិតខាង ដោយ​ពុំទាន់​បានបញ្ចប់​ការពិភាក្សា និង​ចរចា​ចប់​នៅឡើយ​នោះ​។  
 
​សម្រាប់​បញ្ហា​កំណត់ព្រំដែន ដែល​ក៏​ជា​បញ្ហា​ដ៏​ចម្រូងចម្រាស់​មួយ​របស់​ប្រទេស​ក្នុង​តំបន់​អាស៊ាន​នោះ តាម​លោក​រដ្ឋមន្ត្រី ពីមុនមក​ប្រទេស​ទាំងពីរ បានប្រកាស​ឯកភាពគ្នា​លើ​មូលដ្ឋាន​បច្ចេកទេស និង​គតិយុត្ត​សម្រាប់​សំណើ​កំណត់​ខណ្ឌសីមា​នៅក្នុង​សមុទ្រ Sulawesi និង​ភាគខាងត្បូង​នៃ​ច្រក Malacca បន្ទាប់ពី​បាន​ចរចា​គ្នា​អស់​រយៈពេល​១៣​ឆ្នាំ​ហើយ​នោះ​។ លោក​រដ្ឋមន្ត្រី អះអាង​ទៀតថា សម្រាប់​ជំនួប​ខាងមុខនេះ មេដឹកនាំ​ទាំងពីរ គ្រោង​នឹង​សម្រេច​ចុងក្រោយ​លើ​ការកំណត់​ព្រំដែន​តំបន់​មួយចំនួន​ឲ្យ​បាន​ត្រឹម​បំណាច់​ឆ្នាំ​២០១៩​នេះ​៕ 
 

Tag:
 ម៉ាឡេស៊ី​
  ឥណ្ឌូណេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com