ដោយ៖ ងួន សុភាវត្តី
ប្រាំបីឆ្នាំហើយរាប់ចាប់ពីពេលដែលទីម័រខាងកើតដាក់ពាក្យស្នើសុំចូលសមាជិកសហគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ ប៉ុន្តែសំណើរបស់រដ្ឋមួយនេះ នៅមិនទាន់ត្រូវបានទទួលយក ពីរដ្ឋសមាជិកទាំងអស់ឡើយ។ ប៉ុន្តែទីម័រខាងកើត សង្ឃឹមថា ដំណាច់ឆ្នាំនេះ ខ្លួននឹងអាចក្លាយជាសមាជិកទី១១ជាផ្លូវការ។
រដ្ឋមន្ត្រីក្រសួងការបរទេសទីម័រ លោក Dionisio Babo Soares ថ្លែងក្នុងបទសម្ភាសន៍ជាមួយកាសែតបាងកកប៉ុស្តិ៍ កាលពីសប្តាហ៍មុនថា ទីម័រខាងកើត រំពឹងទទួលដំណឹងល្អខ្លះៗ ពីអាស៊ាននៅក្នុងឆ្នាំ ២០១៩ នេះ នៅពេលដែលប្រទេសថៃ ធ្វើជាប្រធានប្តូរវេន នៃអង្គការតំបន់នេះ។
Dionisio បានសង្កត់ធ្ងន់ថា លោកបានធ្វើដំណើរទស្សនកិច្ចទៅគ្រប់រដ្ឋសមាជិកអាស៊ានទាំងអស់ ហើយប្រទេសទាំងនោះមិនស្ទាក់ស្ទើរឡើយ នឹងទទួលស្គាល់ថា ទីម័រអាចចូលជាសមាជិកអាស៊ានបាន។ លោកបានបន្តថា អ្វីដែលអាស៊ានចង់បាននោះគឺ ទីម័រខាងកើត មិនត្រឹមតែជាប្រទេសប្រជាធិបតេយ្យប៉ុណ្ណោះទេ តែជាប្រទេសមួយដែលមានស្ថាប័នដឹកនាំរឹងមាំ អាចពឹងផ្អែកលើខ្លួនឯង និងមិនចាញ់ច្រាបអំណាចប្រទេសដទៃ។
ជុំវិញបញ្ហានេះ បើតាមរដ្ឋមន្ត្រីការបរទេសខាងលើ ទីម័រខាងកើតប្រាប់បណ្តារដ្ឋអាស៊ានដែរថា ខ្លួនមានប្រវត្តិយូរយារ ក្នុងការតស៊ូប្រឆាំងនឹងអាណានិគម ហើយរដ្ឋមួយនេះក៏មានកិច្ចព្រមព្រៀង ដើម្បីកំណត់ព្រំដែនសមុទ្រជាមួយអូស្ត្រាលី និងជាមួយឥណ្ឌូណេស៊ីរួចរាល់ដែរ។ ហើយបើផ្អែកលើទីតាំងភូមិសាស្ត្រវិញនោះ ទីម័រខាងកើតគឺស្ថិតនៅក្នុងតំបន់អាស៊ានតែម្តង។
សូមបញ្ជាក់ថា ក្នុងឆ្នាំ២០១១ ជាពេលទីម័រខាងកើត បានដាក់សំណើសុំចូលជាសមាជិកអាស៊ាន ប៉ុន្តែសិង្ហបុរី ធា្លប់ជំទាស់ ព្រោះព្រួយបារម្ភពីបញ្ហាសន្តិសុខទីម័រខាងកើត និងសេដ្ឋកិច្ចនៅមានលក្ខណៈផុយស្រួយនៅឡើយ។ ចាប់ពីពេលនោះមក អាស៊ានបន្តសិក្សាពីលទ្ធភាព និងបន្តការវាយតម្លៃសមាជិកភាពរបស់ទីម័រខាងកើត រហូតមកដល់បច្ចុប្បន្ន។
ដូចមានចែងក្នុងជំពូកទី៣ មាត្រា៦ នៃធម្មនុញ្ញអាស៊ាន ដើម្បីក្លាយជាសមាជិករបស់អាស៊ាន រដ្ឋដែលបានដាក់ស្នើត្រូវបំពេញនូវលក្ខខណ្ឌគ្រឹះមួយចំនួន។ ក្នុងនោះរួមមាន ត្រូវមានទីតាំងភូមិសាស្ត្រក្នុងតំបន់អាស៊ីអាគ្នេយ៍ ការទទួលស្គាល់ពីរដ្ឋអាស៊ានទាំងអស់ គោរពតាមធម្មនុញ្ញអាស៊ាន និងជាពិសេស ត្រូវទទួលបានការយល់ព្រមជាឯកច្ឆ័ន ពីរដ្ឋអាស៊ានក្នុងកិច្ចប្រជុំកំពូលផងដែរ។
យ៉ាងណាក៏ដោយចុះ ទីម័រខាងកើតបានបំពេញលក្ខខណ្ឌដែលចែងជាបន្តទៀតដោយ មានស្ថានទូតនៅគ្រប់ប្រទេសអាស៊ានហើយ និងថែមទាំងមានទំនាក់ទំនងផ្នែកសេដ្ឋកិច្ចជាមួយបណ្តាប្រទេសធំៗ ដទៃជាច្រើនទៀតផង។
ត្រឡប់មកមើលលក្ខណ្ឌសេដ្ឋកិច្ច និងសង្គមវិញ ប្រមុខការទូតទីម័រខាងកើតដដែល បានរៀបរាប់ថា ប្រទេសរបស់លោកមានធនធានមនុស្សគ្រប់គ្រាន់ សម្រាប់អភិវឌ្ឍប្រទេសជាតិនៅពេលអនាគត។ ក្នុងចំណោមប្រជាជនទីម័រខាងកើត ប្រជាជន ១៥% អាចប្រាស្រ័យទាក់ទងជាភាសាអង់គ្លេសបាន និងអាចនិយាយជាភាសារបស់ប្រទេសផ្សេងៗ ក្នុងតំបន់អាស៊ានបានដូចគ្នា។
ដោយឡែក ក្នុងពេលពីរឆ្នាំចុងក្រោយនេះ ទីម័រខាងកើតពឹងផ្អែកលើធនធានប្រេង និងរ៉ែផ្សេងៗទៀត ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ ទីម័រខាងកើត ក៏បានវិនិយោគទៅលើវិស័យភាគហ៊ុនច្រើនដែរ ហើយខ្លួនក៏បានបង្កើតទំនាក់ទំនងពាណិជ្ជកម្មស៊ីជម្រៅ ជាមួយសិង្ហបុរី, អូស្ត្រាលី ឥណ្ឌូណេស៊ី និងប្រទេសថៃដែរ។
ងាកទៅមើលសមត្ថភាព និងបទពិសោធន៍រៀបចំកិច្ចប្រជុំអន្តរជាតិ និងតំបន់វិញម្តង លោក Dionisio រម្លឹកថា ទីម័រខាងកើត ធ្លាប់ធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំអន្តរជាតិរួចហើយដែរ។ ដូច្នះហើយ ទីម័ខាងកើតពិតជាមានលទ្ធភាពក្នុងការរៀបចំកិច្ចប្រជុំធំៗ រួមទាំងវេទិកាអាស៊ាន ក្នុងពេលដែលខ្លួនក្លាយជាសមាជិក និងធ្វើជាប្រធានអាស៊ានប្តូរវេនដែរ៕