ភ្នំពេញ៖ ក្នុងន័យពង្រឹងវិជ្ជាជីវៈសារព័ត៌មាននៅក្នុងប្រទេសកម្ពុជា ទីភ្នាក់ងារអភិវឌ្ឍព័ត៌មានបារាំង CFI (Canal France International) ក្រោមគម្រោង«ព័ត៌មានទន្លេមេគង្គ» (Mekong News) សហការជាមួយសារព័ត៌មានអេឡិចត្រូនិក Thmeythmey.com នឹងបើកវគ្គបណ្តុះបណ្តាល ស្តីពីរបៀបសរសេរព័ត៌មានសម្រាប់សារព័ត៌មានអេឡិចត្រូនិក (អនឡាញ) នៅថ្ងៃទី១៤-១៥-១៦ ខែសីហានេះ នៅទីក្រុងភ្នំពេញ។
វគ្គពិសេសដែលធ្វើឡើងនៅថ្ងៃទី១៤, ១៥ និង១៦ ខែសីហានេះ នឹងផ្តោតលើរបៀបសរសេរ, របៀបចាប់មុំ, គំនិតប្រធានបទ, របៀបធ្វើសេចក្តីរាយការណ៍សម្រាប់សារព័ត៌មានអេឡិចត្រូនិក (អនឡាញ), ការប្រើប្រាស់រូបភាព, ការក្សាសុវត្ថិភាពព័ត៌មានតាមប្រព័ន្ធអនឡាញ, ឥទ្ធិពលព័ត៌មានក្លែងក្លាយក្នុងវិស័យព័ត៌មាននៅកម្ពុជា, ស្ត្រី និងសារព័ត៌មាន និងក្រមសីលធម៌។
ក្រោយការសិក្សា សិក្ខាកាមនឹងទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សា ពីស្ថាប័ន CFI និង thmeythmey.com។ សាស្ត្រាចារ្យក្នុងវគ្គសិក្សានេះ គឺជនជាតិបារាំង កាណាដា និងខ្មែរ។ គម្រោងបណ្តុះបណ្តាលនេះ ទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុ ពីក្រសួងអឺរ៉ុប និងកិច្ចការបរទេស នៃសាធារណៈរដ្ឋបារាំង។ សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះ គឺជាផ្នែកមួយនៃគម្រោងធំរបស់ CFI (Mekong News) សម្រាប់ ៤ ប្រទេស ក្នុងនោះមាន៖ កម្ពុជា មីយ៉ាន់ម៉ា ឡាវ និងវៀតណាម នៅក្នុងតំបន់មេគង្គ។ វាគ្មិនសំខាន់ៗ នៅក្នុងវគ្គបណ្តុះបណ្តាលខាងលើនេះ មានដូចជា៖
លោក Pierre Gillette៖ អតីតនិពន្ធនាយកសារព័ត៌មានបារាំង Cambodge Soir និងបច្ចុប្បន្នជាអ្នកនិពន្ធសៀវភៅ
លោក ប៉ែន បូណា៖ បច្ចុប្បន្នជានិពន្ធនាយកនៃទូរទស្សន៍ PNN និងជាប្រធានក្លិបអ្នកកាសែតកម្ពុជា
លោក ងួន សេរ័ត្ន៖ ស្ថាបនិកនៃអនឡាញ Health.com.kh និងជាសាស្ត្រាចារ្យសារព័ត៌មាននៅ DMC នៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ
លោក គី សុខលីម៖ ស្ថាបនិកនៃសារព័ត៌មានអេឡិចត្រូនិក Thmeythmey.com
លោក ម៉ក់ រ៉េមីស្សា៖ អ្នកជំនាញថតរូបបែបសារព័ត៌មាន
លោក ង៉ែត ម៉ូសេ៖ អ្នកជំនាញផ្នែករក្សាសុវត្ថិភាពព័ត៌មានតាមបណ្តាញអនឡាញ
លោកស្រី Michelle Vachon៖ អ្នកសារព័ត៌មានផ្នែកសង្គម (ស្ត្រី និងសារព័ត៌មាន)
លោក ជាវ សំណាង៖ និពន្ធនាយករងនៃសារព័ត៌មានអេឡិចត្រូនិក Thmeythmey.com ៕