ជាតិ
​ប្រព័ន្ធ​សុខាភិបាល​កម្ពុជា​គួរតែ​ត្រូវបាន​ត្រួតពិនិត្យ​ឡើងវិញ​
13, Aug 2019 , 2:48 pm        
រូបភាព
​ភ្នំពេញ​៖ នៅ​កម្ពុជា​មន្ត្រី​រដ្ឋាភិបាល​ជាន់ខ្ពស់​ជាច្រើន​នាក់​និង​ឥស្សរជន​ល្បីឈ្មោះ ទាំង​សម្តេចនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ផងដែរ​នោះ​កំពុង​ប្រើប្រាស់​សេវា​ព្យាបាល​សុខភាព​នៅ​បរទេស​។ ទាំងនេះ​ជា​រឿង ដែល​កើតមានឡើង​ក្នង​ប្រទេស​នេះ   ហើយ​វា​មិនមាន​អ្វី​ភ្ញាក់ផ្អើល ឡើយ​ដែលថា ប្រជាជន​ខ្មែរ​ជាច្រើន ក៏​ហាក់​មិនមាន​ទំនុកចិត្ត​លើ​មន្ទីរពេទ្យ​ក្នុងស្រុក​ប៉ុន្មាន​ដែរ​។​

 
​កាលពី​ឆ្នាំមុន កំណើនសេដ្ឋកិច្ច​កម្ពុជា​មាន​កម្រិត ប្រាំពីរ​ភាគរយ​ដែល​ជំរុញ​ឲ្យ​មាន​កំណើន​ថវិកាជាតិ ក៏ដូចជា​ជីវភាព​រស់នៅ របស់​ប្រជាជន​ទូទៅ​ដែរ​។ ថ្វីបើ​កម្ពុ​ជាមាន​ការរីក​ចម្រើន​យ៉ាង​ឆាប់រហ័ស​ក៏ដោយ ប្រជាជន​កម្ពុជា​កាន់តែ​ច្រើនឡើង កំពុង​ស្វែងរក​ការព្យាបាល​សុខភាព​នៅ​បរទេស​។ 
 
​ចំនួន​ប្រជាជន​កម្ពុជា​ដែល​ធ្វើដំណើរ​ទៅ​បរទេស​សម្រាប់​ការព្យាបាល​ជំងឺ​និង​ថ្ងៃ​ឈប់សម្រាក​ជាទូទៅ​បាន​កើនឡើង​ពី ១,២ លាន​នាក់​នៅ​ឆ្នាំ ២០១៥ ដល់ ១,៤ លាន​នាក់​ក្នុង​ឆ្នាំ ២០១៦ ក្នុងចំណោម​ប្រជាជន​សរុប​ចំនួន ១៥,៧៦ លាន​នាក់​។ 
 
​ចំណែក​ចន្លោះ​ពី ២៤ ទៅ​៣០ ភាគរយ នៃ​ចំនួន​នៃ​ភ្ញៀវទេសចរ​ជនជាតិ​កម្ពុ​ជា​ដែល​ធ្វើដំណើរ​ទៅ​​វៀតណាម​និង ថៃ គឺមាន​គោលបំណង​ទៅ​ព្យាបាល​ជំងឺ​នេះ​។​
 
​ទោះបីជា​យ៉ាងណាក៏ដោយ​យើង​មិនទាន់មាន​ស្ថិតិ​ពេញលេញ​ឡើយ​ពី​ចំនួន​សរុប​នៃ​ប្រជាជន​កម្ពុជា​ដែល​កំពុង​ស្វែងរក​ការថែទាំ​សុខភាព​នៅ​បរទេស​នៅឡើយ​ទេ​។​
 
​លោកស្រី​វេជ្ជបណ្ឌិត Jiaranai Boonprasatsuk ប្រធាន​ផ្នែក​ទីផ្សារ​នៃ​មជ្ឈមណ្ឌល​ព្យាបាល​ជំងឺ​បេះដូង​នៅ មន្ទីរពេទ្យ Phyathai 2 ក្នុង​ទីក្រុង​បាងកក​និយាយថា មន្ទីរពេទ្យ​បានទទួល​ប្រជាជន​កម្ពុជា​ច្រើនជាងគេ ក្នុងចំណោម​អ្នកជំងឺ​បរទេស​ដែល​ទទួល​ការព្យាបាល​នៅ​មន្ទីរពេទ្យ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មកនេះ​។​
 
​ដោយ​មើលឃើញ​តួលេខ​ទាំងអស់នេះ បង្ហាញ​ពី​ភាពអវិជ្ជមាន​នៃ​ប្រព័ន្ធ​សុខាភិបាល​ក្នុងស្រុក​។​
 
​ផែនការ​យុទ្ធសាស្ត្រ​សុខាភិបាល​ឆ្នាំ ២០១៦-២០២០ របស់​ក្រសួងសុខាភិបាល បាន​បង្ហាញថា កម្ពុ​ជាមាន​មណ្ឌល​សុខភាព​សាធារណៈ​ប្រហែល ១០០០ កន្លែង និង​គ្រឹះស្ថាន​ថែទាំ​សុខភាព​ឯកជន​ចំនួន ៨០០០ កន្លែង​។ ចំនួន​ខាងលើនេះ​អាចឱ្យ​យើង​ប៉ាន់ស្មាន​បាន​ថា អ្នកបង្កើត​គោលនយោបាយ​ប្រហែលជា​ផ្តល់​សារៈសំខាន់​ទៅលើ​បរិមាណ​ជាជាង​គុណភាព​។​
 
​ជាក់ស្តែង ពី​ព្រោះតែ​កង្វះខាត​គ្រឿង​បរិក្ខារ​និង​ធនធានមនុស្ស មន្ទីរពេទ្យ និង​មណ្ឌល​សុខភាព​ទាំងនេះ​មិនអាច​បំពេញ​តាម​តម្រូវការ និង​ការរំពឹងទុក​របស់​ប្រជាជន​កម្ពុជា​ឡើយ​។​
 
​យោងតាម​ការសិក្សា​ថ្មី​មួយ អ្នក​ដែល​បាន​ទៅពិនិត្យ​ជំងឺ​នៅ​មន្ទីរពេទ្យ​រដ្ឋ​បាន​ត្អូញត្អែរ​ពី​កង្វះ​អនាម័យ និង​ការចំណាយ​ខ្ពស់​លើ​សេវាកម្ម​ផង​។​
 
​លោក ហេង តៃគ្រី រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល បាន​ទទួលស្គាល់ថា ទោះបី​មន្ទីរពេទ្យ​មួយចំនួន ដូចជា​មន្ទីរពេទ្យ​កាល់ម៉ែត​មាន​គ្រឿង​បរិក្ខារ​ដូចគ្នា​នឹង​ប្រទេស​សិង្ហ​បុរី ក៏​កម្ពុជា​នៅ​មិនទាន់មាន​បុគ្គលិក​ដែលមាន ជំនាញ​គ្រប់គ្រាន់ ដែល​អាច​ធានាបាន​នូវ​ការព្យាបាល​មាន​ប្រសិទ្ធភាព​កម្រិត​ខ្ពស់​នៅឡើយ​ទេ​។​
 
​បញ្ហា​នេះ​កាន់តែ​ធ្ងន់ធ្ងរ នៅ​ទីជនបទ ជាពិសេស​ប្រជាជន​ដែល​រស់នៅ​ជិត​ព្រំដែន តែងតែ​ធ្វើដំណើរ​ទៅ​ប្រទេសជិតខាង ពេលដែល​ពួកគេ​មិនអាច​រក​គ្រូពេទ្យ នៅ​តំបន់​ពួកគេ​រស់នៅ​។​
 
​សម្តេចនាយក​រដ្ឋមន្ត្រី បាន​មានប្រសាសន៍​នៅក្នុង​ពិធី​បិទ​សន្និបាត​ប្រចាំឆ្នាំ​របស់​ក្រសួងសុខាភិបាល​ថា ៖ «​យើង​មិនត្រូវ​ភ្លេច​ប្រជាជន​ដែល​រស់នៅ​ជិត​ព្រំដែន​ទេ​។ ពួកគេ​បាន​ទៅ​ព្យាបាល​នៅ​ប្រទេសជិតខាង ដោយសារតែ ពួកគេ​មិនអាច​រក គ្រូពេទ្យ នៅ​តំបន់​ពួកគេ​»​។ 
 
​ក្នុង​ខែមីនា លោកនាយក​រដ្ឋមន្ត្រី ក៏បាន​ទទួលស្គាល់​ផងដែរ​ពី​កង្វះ​គ្រូពេទ្យ​ជំនាញ​ក្នុង​ទីជនបទ​និង​បាន​ណែ​នាំឱ្យ​ក្រសួងសុខាភិបាល​ដាក់ពង្រាយ​វេជ្ជបណ្ឌិត និង​ធនធានមនុស្ស​កាន់តែច្រើន​ទៅកាន់​តំបន់​ទាំងនេះ​។ បន្ថែម​ពីនេះ​ទៀត​រាជរដ្ឋាភិបាល​គួរតែ​ពិចារណា​ទៅលើ​ការបង្កើន​ថវិកា​សមរម្យ​សម្រាប់​វិស័យ​សុខាភិបាល​។ នៅ​ឆ្នាំ ២០១៩ ថវិកា​ចំនួន ៤៥៥​លាន​ដុល្លា​ត្រូវ បាន​ផ្តល់អោយ​វិស័យ​ថែទាំ​សុខភាព ដែល​ចំនួន​នេះ​ទាប​ជាង​ថវិកា​ឆ្នាំ​២០១៨ ដល់​ទៅ​៣០​លាន​ដុល្លា ។​
 
​ស្របពេល​ជាមួយគ្នានេះដែរ យើង​ឃើញ​មានការ​រីកចម្រើន​គួរឱ្យកត់សម្គាល់​លើ​ចំនួន​គ្រឹះស្ថាន​សុខាភិបាល​ទំនើប ដូចជា​មន្ទីរពេទ្យ​រ៉ូយ៉ាល់ភ្នំពេញ មន្ទីរពេទ្យ​ជប៉ុន​សាន់​រ៉ា​យស៍​ភ្នំពេញ មន្ទីរពេទ្យ​ខេ​មា និង​មន្ទីរពេទ្យ​ផ្សេងៗ​ទៀត​។​
 
​ក្រមសីលធម៌​វិជ្ជាជីវៈ​
 
​មន្ទីរពេទ្យ​រ៉ូយ៉ាល់ភ្នំពេញ និង​មន្ទីរពេទ្យ​ជប៉ុន​សាន់​រ៉ា​យស៍​ភ្នំពេញ បាន​បំពាក់​ដោយ​ឧបករណ៍​ទំនើប និង​មាន​លក្ខណៈ ស្តង់ដារ​អន្តរជាតិ​។​
 
​មន្ទីរពេទ្យ​ទាំងពីរ​ខាងលើនេះ ត្រូវបាន​បង្កើតឡើង​ដោយ ក្រុមហ៊ុន​បរទេស ហើយ​ក៏មាន​បុគ្គលិក និង​គ្រូពេទ្យ​ជំនាញ​ពី​ប្រទេស​ថៃ សហរដ្ឋអាមេរិក បារាំង និង ជប៉ុន ផងដែរ​។​
 
​មន្ទីរ​ពហុ​ព្យាបាល​អន្តរជាតិ​ខេ​មា បាន​បង្កើតឡើង​ដោយ​ជនជាតិខ្មែរ លោក​វេជ្ជបណ្ឌិត អ៊ុំ សុភាព​។ នាយក​មន្ទីរ​ពហុ​ព្យាបាល​អន្តរជាតិ​ខេ​មា បាន​មានប្រសាសន៍ថា​៖ «​យើង​នឹង​ខិតខំ​ឱ្យ​អស់ពី​សមត្ថភាព ដើម្បី​ផ្តល់​ការថែទាំ​ដែលមាន​គុណភាព​ល្អ អោយ​ដូច​ទៅនឹង​ប្រទេស​ជឿនលឿន​នោះដែរ​។ បន្ថែម​ពី​នោះ​ទៀត​យើង​ក៏​សហការ​ជាមួយ​វេជ្ជបណ្ឌិត និង​អ្នកឯកទេស ដែលជា​ជនជាតិ​បរទេស​ក្នុងនាម​ជា​ដៃគូ​របស់​យើង​ផងដែរ​»​។​
 
 យោងតាម​ប្រសាសន៍​របស់​វេជ្ជបណ្ឌិត អ៊ុំ សុភាព នេះ​មានន័យថា ប្រជាជន​កម្ពុជា​អាច​ទទួល​ការព្យាបាល ពី​មន្ទីរពេទ្យ​ដែលមាន​ស្តង់ដារ​ខ្ពស់​នៅ​ប្រទេស​កម្ពុជា​។​
 
 ប៉ុន្តែ វា​ច្បាស់​ណាស់​ថា​ប្រជាជន​កម្ពុជា​នៅតែមាន​ទំនោរ​ទៅ​ស្វែងរក​ការព្យាបាល​នៅ​បរទេស ដែល​កាន់​តែមាន​ភាពងាយស្រួល ដោយសារតែ​សមាហរណកម្ម​ក្នុង​តំបន់​អាស៊ាន ប្រជាជន​ក្នុង​តំបន់​ធ្វើដំណើ​ទៅមក​រវាង​ប្រទេស​ជា​សមាជិក ដោយ​គ្មាន​ចាំបាច់​ទិដ្ឋាការ​។ 
 
​បន្ថែម​ពីនេះ ការហោះហើរ​ក៏​ប្រើ​រយៈពេល​ខ្លី​ជាង​មុន និង​មានតម្លៃ​សមរម្យ ដែល​អាចជួយ​សម្របសម្រួល​ការធ្វើដំណើរ​ក្រៅប្រទេស​។​
 
​ទោះជា​យ៉ាងណាក៏ដោយ ក្តីបារម្ភ​ធំ​បំផុត​សម្រាប់​ប្រជាជន​កម្ពុជា​លើ​ការព្យាបាល​សុខភាព​នៅ​កម្ពុជា​គឺ ក្រមសីលធម៌​វិជ្ជាជីវៈ​របស់​គ្រូពេទ្យ​។​
 
​សម្តេច ហ៊ុន សែន នៅក្នុង​សុន្ទរកថា​នៅឯ​សន្និសីទ​របស់​ក្រសួងសុខាភិបាល​
​កាលពី​ឆ្នាំមុន បាន​មានប្រសាសន៍ថា​៖ «​យើង​ទទួលស្គាល់​អំពី​កង្វះខាត​ទាំងអស់នេះ និង​ការប្រើ​ពាក្យ​អាក្រក់​ពី​សំណាក់​គ្រូពេទ្យ​មួយចំនួន ប៉ុន្តែ​មិនមែន​សំដៅ​ទៅលើ​ប្រព័ន្ធ​សុខាភិបាល​
​ទាំងមូល​ទេ​»​។ 
 
​នាយករដ្ឋមន្ត្រី​បាន​បន្ថែមទៀតថា ស្ថាប័ន​សុខភាព​គួរតែ​ព្យាបាល​អ្នកជំងឺ​ឲ្យ​ស្មើៗ​គ្នា ដោយ​មិន​គិតពី​ជីវភាព​អ្នកជំងឺ​។​
 
​ករណី​ថ្មី​មួយ​បាន​កើតឡើង ដោយ​លោក​វេជ្ជបណ្ឌិត ត្រូវបាន​គេ​រកឃើញថា​បាន​ទារប្រាក់​ពី កសិករ​ម្នាក់​ចំនួន ៥០០០ ដុល្លារ ក្នុងការ​ព្យាបាល​កូន​របស់គាត់​ពីរ​នាក់​ដែលមាន​ជំងឺគ្រុនឈាម​។ ករណីនេះ បាន​បង្ក​ឲ្យ​មានការ​ផ្ទុះ​កំហឹង​ពី​សាធារណជន​ចំពោះ​ការ​ជំរិត​ទារប្រាក់​ពី គ្រូពេទ្យ​ឯកជន​។​
 
​ករណីនេះ​បានបង្ហាញ​ថា ការកើនឡើង​នៃ​គ្រឹះស្ថាន​សុខភាព​ឯកជន​តូច​មួយចំនួន បានធ្វើ​ឲ្យ​គ្រូពេទ្យ​ខ្លះ បាន​ឆ្លៀត​កេងចំណេញ​ពី​អ្នកជំងឺ​ដោយ​យកប្រាក់​លើស​កំណត់ ឬ​បំភាន់​អ្នកជំងឺ ដើម្បី​ប្រយោជន៍​ផ្ទាល់ខ្លួន​។​
 
​លើសពីនេះទៅទៀត គេ​រកឃើញថា គ្រូពេទ្យ​ខ្លះ​ក៏បាន​ព្យាយាម​រៀបរាប់​លើសពី​អា​ការៈពិត​របស់​អ្នកជំងឺ ឬ​ផ្តល់ព័ត៌មាន​មិន​ពិត ដើម្បី​ទាញ​ប្រយោជន៍​។​
 
​បុរស​ម្នាក់​បាន​ប្រាប់ កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ថា គាត់​បាន​ពិនិត្យ​សុខភាព​នៅ​ប្រទេស​ថៃ ព្រោះ​គាត់​មិន​ទុកចិត្ត​គ្រូពេទ្យ​ក្នុងស្រុក​។ គ្រូពេទ្យ​ខ្មែរ​ម្នាក់ បាន​ប្រាប់​គាត់​ថា គាត់​ត្រូវ​ទទួល​ការវះកាត់​។ ដូច្នេះ​គាត់​បាន​សំរេចចិត្ត​ធ្វើដំណើរ​ទៅកាន់​មន្ទីរពេទ្យ​មួយ​ក្នុង​ខេត្ត​សុ​រិ​ន​ប្រទេស​ថៃ ដើម្បី​ស្វែងរក​ជម្រើស​ផ្សេងទៀត​។ វេជ្ជបណ្ឌិត​នៅ​ប្រទេស​ថៃ​បានចេញ​វេជ្ជបញ្ជា​ឲ្យ​គាត់​ប្រើប្រាស់​ថ្នាំ​ធម្មតា​តែប៉ុណ្ណោះ​។​
 
​ការបាត់បង់​ទំនុកចិត្ត​
 
​មាន​អ្នកជំងឺ​ខ្លះ​បាន​ស្លាប់ ដោយសារតែ​ការធ្វេសប្រហែស​របស់​គ្រូពេទ្យ​។ នៅ​ឆ្នាំ ២០១៦ គ្លីនិក​ឯកជន​មួយ​ត្រូវបាន​បិទ​បន្ទាប់ពី​បានធ្វើ​ឲ្យ​បុរស​ម្នាក់​ស្លាប់​ភ្លាមៗ ក្រោយពី​បាន​
​ចាក់​ថ្នាំ ព្យាបាល​ការឈឺ​ឆ្អឹងខ្នង​។​
 
​យ៉ាងណាក៏ដោយ​ខណៈពេល​ដែល​ប្រជាជន​កម្ពុជា​ជាច្រើន​ធ្វើដំណើរ​ទៅ​បរទេស​ដើម្បី​ទទួល​ការព្យាបាល​ដែលមាន​គុណភាព​ល្អ​ជនជាតិ​បរទេស​បានធ្វើ​ដំណើរ​ម​ក​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​ក្លាយទៅជា​មជ្ឈមណ្ឌល​នៃ​វិស័យ​ទន្តសាស្ត្រ​ក្នុង​តំបន់ ដើម្បី​ទទួល​ការព្យាបាល​នៅ​កម្ពុជា ដ្បិត​វា​មានតម្លៃ ៧០​ភាគរយ​ថោក​ជាង​បណ្តា​ប្រទេស​ឯទៀត​ផង​។​
 
​ក្នុងខណៈដែល​ប្រជាជន​ទូទៅ​តែង​ចាប់អារម្មណ៍​ពី​រឿងរ៉ាវ​ផ្សេងៗ​ទាក់ទិន​នឹង​ប្រព័ន្ធ​ថែទាំ​សុខភាព​ក្នុងស្រុក   រឿងអាស្រូវ​ក្នុង​វិស័យនេះ​គឺអាច​សាយភាយ​បាន​រហ័ស​ខ្លាំង​តាមរយៈ​បណ្តាញ​ផ្សព្វផ្សាយ​សង្គម​។​
 
​ករណី​ទាំងនេះ​បានធ្វើ​ឲ្យ​សាធារណជន យល់ឃើញ​កាន់តែ​អវិជ្ជមាន​ទៅលើ​ប្រព័ន្ធ​សុខាភិបាល​នៅក្នុង​ប្រទេស​។ ប្រជាជន​កម្ពុជា​ហាក់ដូចជា​បាត់បង់​ការជឿទុកចិត្ត​បន្តិច​ម្ដងៗ​ទៅលើ​សេវា​ថែទាំ​សុខភាព​របស់​ពួកគេ​។​
 
​ទំនុកចិត្ត​លើ​គ្រូពេទ្យ ពិតជា​មាន​សារៈសំខាន់​សម្រាប់​សេវា​សុខាភិបាល​នៅ​កម្ពុជា ព្រោះ​អ្នកជំងឺ​ពឹងផ្អែក​យ៉ាងខ្លាំង​លើ​ការសម្រេចចិត្ត​ព្យាបាល​របស់​អ្នកផ្តល់​សេវា​សុខភាព​។ ដូច្នេះ ការបាត់បង់​ទំនុកចិត្ត​លើ​គ្រូពេទ្យ បានធ្វើ​ឲ្យ​កើន​ចំនួន​ប្រជាជន​ស្វែងរក​ការព្យាបាល​នៅក្រៅ​ប្រទេស​។​
 
​ទោះជា​វេជ្ជបណ្ឌិត​ទាំងនោះ​មិនមាន​បំណង​អាក្រក់​ក្តី   ប៉ុន្តែ​ករណី​ទាំងនេះ​បង្ហាញ​ពី​ការមិន​យកចិត្ត ទុកដាក់ និង​គ្មាន​ស្តង់ដា​អាជីព​ច្បាស់លាស់​របស់​មន្ទីរពេទ្យ​ទាំងនេះ​។​
 
​រហូត​ទាល់តែ​ស្តង់ដា​និង​បទបញ្ជា​សេវា​សុខាភិបាល​ត្រូវបាន​រឹតបន្តឹង និង​លើកកម្ពស់ ប្រជាជន​កម្ពុជា​នឹង​នូវតែ​បន្ត​មិន​ទុកចិត្ត​ទៅលើ​វិស័យ​សុខាភិបាល​។​
 
​នេះ​មិនមែន​គ្រាន់តែ​ជា​បញ្ហា​ដែល​កើតឡើង​នៅតែ​កម្ពុជា​ប៉ុណ្ណោះ​ទេ វា​ក៏​ជា​បញ្ហា​ដែល​កើតឡើង ក្នុង​បណ្តា​ប្រទេស​អភិវឌ្ឍន៍​ដទៃទៀត​ដែរ​។ ជាក់ស្តែង​ជនជាតិ​ឥណ្ឌូណេស៊ី​ក៏បាន​ទៅ​ព្យាបាល​យ៉ាងសកម្ម​នៅ​បរទេស ជាពិសេស​នៅ​ប្រទេស​ម៉ាឡេស៊ី​។​
 
​យោងតាម​របាយការណ៍​របស់​រដ្ឋាភិបាល​ឥណ្ឌូណេស៊ី ជនជាតិ​ឥណ្ឌូណេស៊ី​បាន​ចំណាយ​ថវិកា​ប្រមាណ ១១,៥ ពាន់​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​សម្រាប់​សេវា​សុខភាព​នៅ​បរទេស​។​
 
​ត្រឡប់មកវិញ ការកើនឡើង​នៃ​ចំនួន​ប្រជាជន​កម្ពុជា​ដែល​ទៅ​ព្យាបាល​នៅក្រៅ​ប្រទេស​គឺជា សញ្ញា​សំខាន់​មួយ​ដែល​បង្ហាញថា វា​កើតមាន​បញ្ហា​នៅក្នុង​សេវា​សុខាភិបាល​នៅ​កម្ពុជា​នាពេល​បច្ចុប្បន្ន​។ គំនិត​ផ្តួចផ្តើម​ដើម្បី​ដោះស្រាយ​ឫសគល់​នៃ​បញ្ហា​នេះ​ដោយ​បង្កើន​ការវិនិយោគ​លើ​ធនធានមនុស្ស​រួមជាមួយ​ការអភិវឌ្ឍ​ក្រមសីលធម៌​ឲ្យ​បាន​តឹងរ៉ឹង ជា​រឿង​ចាំបាច់​ដែល​ត្រូវអនុវត្ត​។​
 
​បន្ថែម​ពីនេះ​ទៀត រាជរដ្ឋាភិបាល​គួរតែ​រឹតបន្តឹង​ការបង់ថ្លៃ​សេវា​សុខភាព​របស់​អ្នកផ្តល់​សេវា​សុខភាព​ឯកជន កុំ​ឲ្យ​មានការ​កេងប្រវ័ញ្ច​ផ្សេងៗ​។​
 
​ជា​ចុងក្រោយ ការស្រាវជ្រាវ​ពាក់ព័ន្ធ​ប្រធានបទ​នេះ​គួរតែ​ត្រូវបាន​សិក្សា​ជាបន្ទាន់​ដើម្បី​បង្កើត​គោលនយោបាយ​ដែល​ពឹង​ផ្អែកលើ​ទិន្នន័យ​ច្បាស់លាស់​ផង​៕

​កញ្ញា តាំង វួ​ច​នា  ជា​អ្នកស្រាវជ្រាវ​វ័យក្មេង​នៃ​អង្គការ​វេទិកា​អនាគត​ដែលជា​ស្ថាប័ន​ស្រាវជ្រាវ​​គោលនយោបាយ​ឯករាជ្យ​មួយ​ក្នុង​រាជធានី​ភ្នំពេញ​។  បច្ចុប្បន្ន កញ្ញា​កំពុង​ស្រាវជ្រាវ​លើប្រធានបទ ការ​គ្របដណ្តប់​សុខភាព​ជាស​កល​។ អត្ថបទ​ដើម​ជា​ភាសា​អង់គ្លេស​​ត្រូវបាន​ផ្សព្វផ្សាយ​ក្នុង​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី ១០ កក្កដា ឆ្នាំ​២០១៩​។ 
 

Tag:
 ​ប្រព័ន្ធ​សុខាភិបាល​
  កម្ពុជា​
© រក្សាសិទ្ធិដោយ thmeythmey.com