បួរ​គី​ណា​ហ្វា​សូ រឹតបន្តឹង​ការ​នាំចូល​រថយន្ត​មួយ​ទឹក​ដែលមាន​កំណើន​ជិត​៦០​ភាគរយ​
រថយន្ត
អន្តរជាតិ
បួរ​គី​ណា​ហ្វា​សូ រឹតបន្តឹង​ការ​នាំចូល​រថយន្ត​មួយ​ទឹក​ដែលមាន​កំណើន​ជិត​៦០​ភាគរយ​
16, Sep 2019 , 7:39 pm        
រូបភាព
ដោយ: ធីតា
​ស្ថាប័ន​ជំនាញ​នានា​នៅ​ប្រទេស​បួរ​គី​ណា​ហ្វា​សូ រួមគ្នា​រឹតបន្តឹង​ការ​នាំចូល​យានយន្ត​គ្រប់​ប្រភេទ​ទៅកាន់​ក្រុង Ouagadougou និង​តំបន់​ផ្សេងទៀត​។ ការ​នាំចូល​រថយន្ត​មួយ​ទឹក ឬ​ជជុះ នៅក្នុង​រដ្ឋ​អាហ្វ្រិក​មួយ​នេះ កើនឡើង​ដល់​៥៧​ភាគរយ នា​អំឡុង​៤​ឆ្នាំ​ចុងក្រោយ​។ នេះ​បើ​យោងតាម​ការផ្សាយ​របស់​សារព័ត៌មាន Le Faso.net​។​



​មន្ត្រី​ជំនាញ​បួរ​គី​ណា​ហ្វា​សូ បាន​គូសបញ្ជាក់ថា​៖ «​ពី​ឆ្នាំ​២០១៤ ដល់​ឆ្នាំ​២០១៨ រថយន្ត​មួយ​ទឹក​ដែល​នាំចូល​ពី​មកកាន់​ទីផ្សារ​បួរ​គី​ណា​ហ្វា​សូ  កើនឡើង​ពី​១៦ ២១០ ទៅ ២៥ ៤៥៤​គ្រឿង ពោលគឺ​កើន​ក្នុង​រង្វង់​៥៧​ភាគរយ​»​។

​បើទោះបីជា​លក្ខខណ្ឌ​ភូមិសាស្ត្រ​នយោបាយ​មិនសូវ​អំណោយផល ប៉ុន្តែ​សេដ្ឋកិច្ច​បួរ​គី​ណា​ហ្វា​សូ មិនមាន​ការរាំងស្ទះ​នោះឡើយ ជាពិសេស​ទីផ្សារ​រថយន្ត​មួយ​ទឹក​។ ទោះបីជា​យ៉ាងណាក៏ដោយ កត្តា​ទាំងនេះ បង្ក​ឲ្យ​មាន​ក្តីបារម្ភ​ចំពោះ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ក្នុងប្រទេស​ទាំងមូល ដោយសារ​កំណើន​នៃ​ការលក់​កាន់តែច្រើន ហើយ​អ្នកលក់​មួយចំនួនធំ មិនមែនជា​អ្នកជំនាញ​ផ្នែក​យានយន្ត​។​

​កាលពី​ឆ្នាំ​២០១៨ ក្រុម​អ្នកលក់​រថយន្ត​នៅ​បួរ​គី​ណា​ហ្វា​សូ បានរួម​គ្នា​បង្កើត​សហព័ន្ធ​ថា្នក់​ជាតិ​ដែល​គ្រប់គ្រង​ផ្នែក​អ្នកលក់​យានយន្ត​មួយ​ទឹក (FNAVVOB)​។ សហព័ន្ធ​នេះ ដើរតួនាទី​ក្នុងការ​សម្របសម្រួល​ផ្លូវច្បាប់​ផ្សេងៗ​ជាមួយ​អាជ្ញាធរ​។​

​រដ្ឋាភិបាល​បួរ​គី​ណា​ហ្វា​សូ ចង់​រឹង​បន្តឹង​ការនាំ​ចូល ដើម្បី​ពង្រឹង​វិធានការ​ច្បាប់ ជាពិសេស​ពន្ធ និង​ធានា​គុណភាព​នៃ​យានយន្ត​ដែល​ត្រូវបាន​លក់​ចេញ​។ ចាប់ពី​ឆ្នាំ​២០១៩ នេះ ពន្ធ​នៃ​ការចូល​នឹង​បន្ត​កើនឡើង​ខ្ពស់​បន្ថែមទៀត​។​

​ការដំឡើង​ពន្ធ​គឺជា​រឿង​អាទិភាព ប៉ុន្តែ​រដ្ឋាភិបាល​បួរ​គី​ណា​ហ្វា​សូ ក៏​បង្កើន​ការត្រួតពិនិត្យ​យ៉ាង​ម៉ត់​ហ្មត់​ផងដែរ​ចំពោះ​អ្នកទិញ និង​អ្នកបើកបរ ជាពិសេស​បណ្ណ​បើកបរ និង​ឯកសារ​ផ្លូវច្បាប់​ផ្សេងៗ មុន​អនុញ្ញាត​ឲ្យ​ពួកគេ​បញ្ជា​យានយន្ត​នៅ​ផ្លូវ​៕


© រក្សាសិទ្ធិដោយ thmeythmey.com