អន្តរជាតិ
ចិន​បង្ហាញ​មី​ស៊ី​ល​ដែល​បាញ់​ដល់​អាមេរិក ត្រឹម​៣០​នាទី នៅ​ខួប​៧០​ឆ្នាំ​
01, Oct 2019 , 9:19 pm        
រូបភាព
មីស៊ីល Dongfeng-41 ធ្វើដំណើរជាក្បួន នៅព្យុហយាត្រាសាទរខួប៧០ឆ្នាំនៃការបង្កើតប្រទេសចិន ថ្ងៃ ១ តុលាឆ្នាំ២០១៩ (Xinhua)
មីស៊ីល Dongfeng-41 ធ្វើដំណើរជាក្បួន នៅព្យុហយាត្រាសាទរខួប៧០ឆ្នាំនៃការបង្កើតប្រទេសចិន ថ្ងៃ ១ តុលាឆ្នាំ២០១៩ (Xinhua)
ដោយ:
​មហាអំណាច ចិន បានដាក់​បង្ហាញ​អាវុធ​ប្រល័យ​លោក​ទំនើប​បំផុត​របស់ខ្លួន ហៅថា Dongfeng-41 ជា​លើកដំបូង​បង្អស់ ក្នុង​ក្បួនព្យុហយាត្រា​យោធា​ដ៏​ធំ​សម្បើម នៅ​ថ្ងៃ​១ តុលា នា​កណ្តាល​រដ្ឋធានី​ប៉េកាំង ។ ក្បួន​នេះ ធ្វើឡើង​គឺ​ដើម្បី​សាទរ​គម្រប់​ខួប​៧០​ឆ្នាំ​នៃ​ការបង្កើត​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។  

       ​


​មី​ស៊ី​ល DongFeng-41 គឺជា​មី​ស៊ី​ល​បាលី​ស្ទិ​ក​អន្តរទ្វីប​ដែល​ជឿថា អាច​ពាំ​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ចម្ងាយ​ចន្លោះ​ពី ១២០០០-១៥០០០ គីឡូម៉ែត្រ​។ សម្រាប់​ចម្ងាយ​នេះ មី​ស៊ី​ល​កំណាច​នេះ នឹង​ក្លាយជា​មី​ស៊ី​ល​ចម្ងាយ​វែង​បំផុត​ក្នុង​ពិភពលោក ដែល​ផ្តួល​មី​ស៊ី​ល​អាមេរិក LGM-30 Minuteman ដែល​រាយការណ៍​ថា បាញ់​បាន​ច​ម្ងា្​យ ១៣០០០​គីឡូម៉ែត្រ​។​

​លក្ខណៈសម្បត្តិ​ផ្សេងទៀត​របស់​មី​ស៊ី​ល DongFeng-41 គឺថា វា​មាន​អង្កត់ផ្ចិត​២,២៥​ម៉ែត្រ​, ទម្ងន់​ខ្លួន ៨០​តោន និង​អាច​ផ្ទុក​ដល់​ទម្ងន់ ២៥០០​គីឡូក្រាម​ឯណោះ​។ វា​អាច​ហោះហើរ​លឿន​ជាង ល្បឿន​នៃ​សំឡេង ២៥​ដង (Mach 25) ឬ​ស្មើនឹង​៣០៨៧០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។
 
​អ្នកជំនាញ​សន្តិសុខ អះអាងថា មី​ស៊ី​ល DF-41 របស់​ចិន​នេះ អាចមាន​សមត្ថភាព​បា​ញ់​ដល់​គ្រប់​ទីកន្លែង​ក្នុង​សហរដ្ឋអាមេរិក​ត្រឹម​៣០​នាទី និង​អាច​ផ្ទុក​ក្បាល​គ្រាប់​ដល់​ទៅ ១០​គ្រាប់ សម្រាប់​គោលដៅ​ខុសៗ​គ្នា​។ បច្ចុប្បន្ន ចិន ក៏មាន​មី​ស៊ី​ល DongFeng-31 ដែលមាន​រយៈ​ចម្ងាយ​ជាង ១១២០០ គីឡូម៉ែត្រ ដែល​អាច​បាញ់​ដល់​ស្ទើរ​គ្រប់​ទីកន្លែង​ទាំងអស់​របស់​សហរដ្ឋ​អាមេរិក​។

​ក្រៅពី​មី​ស៊ី​ល​នេះ  ចិន ក៏បាន​បង្ហាញ​សព្វាវុធ​ទំនើប​ផុត​លេខ​មួយចំនួន​ផងដែរ ហើយ​ក្នុងនោះ​រួមមាន មី​ស៊ី​ល​បាលី​ស្ទិ​ក​លឿន​ជាង​សំឡេង Dongfeng-17 និង​ដ្រូ​ន​ប្រយុទ្ធ​លឿន​ជាង​សំឡេង ជាដើម​។ ទន្ទឹមនេះ យន្តហោះ​បំបាំងកាយ J-20 ក៏មាន​វត្តមាន​ក្នុង​ក្បួនព្យុហយាត្រា​ដ៏​ធំ​របស់​ចិន​នេះ​។

​យោងតាម​របាយការណ៍​របស់​វិទ្យាស្ថាន​ស្រាវជ្រាវ​សន្តិ​សុខ Stockholm ប្រទេស​ចិន មាន​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ប្រមាណ ២៨០​គ្រាប់ ដែលជា​ចំនួន​តិចតួច​ណាស់ បើ​ធៀប​នឹង​អាមេរិក ៦៤៥០ គ្រាប់ និង​រុស្ស៊ី ៦៨៥០​គ្រាប់​។ ទោះជា​បែបនេះ​ក្តី ការចំណាយ​លុយ​លើ​វិស័យ​ការពារ​ចិន បាន​កើនឡើង ៥​ភាគរយ​ទៅដល់ ២៥០​ពាន់​លាន​ដុល្លារ ក្នុង​ឆ្នាំ​២០១៨ ឬ​ប្រមាណ ១០​ដង បើ​ធៀប​នឹង​ឆ្នាំ ១៩៩៤​។ ចំណែក​អាមេរិក​វិញ បាន​ចាយ​ដល់ ៦៥០​ពាន់​លាន​ដុល្លារក្នុងឆ្នាំ២០១៨៕

​សូមបញ្ជាក់ថា ការធ្វើ​ព្យុហយាត្រា​យោធា​ដ៏​ធំ​សម្បើម​នា​ថ្ងៃទី ០១ តុលា នេះ គឺ​រួមមាន កងទ័ព ១៥០០០​នាក់​, យន្តហោះ​ចម្បាំង ១៦០​គ្រឿង និង​សម្ភារ​យោធា​ជាច្រើន​ថែមទៀត​។ នេះ​បើតាម​ការបញ្ជាក់​របស់​អ្នកនាំពាក្យ​ក្រសួងការពារជាតិ​ឧ​ត្ត​ម​សេនីយ៍ Cai Zhijun៕


Tag:
 ចិន​
  DF-41
© រក្សាសិទ្ធិដោយ thmeythmey.com