សិក្ខាកាម ២១​នាក់ ចូលរួម​វគ្គ​បណ្ដុះបណ្ដាល​ស្ដីពី​ក្រមសីលធម៌​សំណេរ និង​រូបភាព នៅ​ថ្ងៃស្អែក​
ជាតិ
សិក្ខាកាម ២១​នាក់ ចូលរួម​វគ្គ​បណ្ដុះបណ្ដាល​ស្ដីពី​ក្រមសីលធម៌​សំណេរ និង​រូបភាព នៅ​ថ្ងៃស្អែក​
06, Oct 2019 , 11:49 am        
រូបភាព
​ភ្នំពេញ​៖ និស្សិត អ្នកសារព័ត៌មាន​វ័យក្មេង និង​អ្នកសារព័ត៌មាន​ប្រជាពលរដ្ឋ​ចំនួន ២១ នាក់ នឹងចូលរួម​វគ្គ​បណ្តុះបណ្តាល​ស្ដីពី​ការទទួលខុសត្រូវ​ផ្នែក​សង្គម​របស់​អ្នកសារព័ត៌មាន នៅ​ថ្ងៃទី​៧ ខែតុលា​នេះ​។ វគ្គ​បណ្ដុះបណ្ដាល​នេះ នឹង​បង្ហាញ​ពី​ការប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ​, ក្រមសីលធម៌​សំណេរ និង​ការប្រើប្រាស់​រូបភាព​។​



​ក្នុងន័យ​ពង្រឹង​វិជ្ជាជីវៈ​សារព័ត៌មាន​នៅក្នុង​ប្រទេស​កម្ពុជា ទីភ្នាក់ងារ​អភិវឌ្ឍ​ព័ត៌មាន​បារាំង CFI (Canal France International), ក្រោម​គម្រោង​«​ព័ត៌មាន​ទន្លេមេគង្គ​» (Mekong News), ដោយ​សហការ​ជាមួយ​សារព័ត៌មាន​អេឡិចត្រូនិក Thmeythmey.com នឹង​បើក​វគ្គ​បណ្ដុះបណ្ដាល​ស្តីពី​ការទទួលខុសត្រូវ​ផ្នែក​សង្គម​របស់​អ្នកសារព័ត៌មាន​។​

​សិស្ស និស្សិត អ្នកសារព័ត៌មាន​វ័យក្មេង និង​អ្នកសារព័ត៌មាន​ប្រជាពលរដ្ឋ មកពី​ស្ថាប័ន ដូចជា កាសែត Khmer Times, ទូរទស្សន៍ CNC, ទូរទស្សន៍ Town, សារព័ត៌មាន​ថ្មីៗ​, Veha Media, Kerla News, Poraman, The Intercon Rooster, និស្សិត​នៃ​សាកលវិទ្យាល័យ​កម្ពុជា​, ប្រជាពលរដ្ឋ​មកពី​ខេត្តព្រៃវែង​, សិស្ស​វិទ្យាល័យ​ហ៊ុនសែន​ជម្ពូ​វ័ន​, មន្ត្រី​អាជ្ញាធរ​ជាតិ​អប្សរា​, និង​មន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា​។

​គ្រូ​បង្គោល​ក្នុង​វគ្គ​បណ្ដុះបណ្ដាល​ថ្ងៃទី ៧ តុលា​នេះ រួមមាន លោក Pierre Gillette អតីត​និពន្ធ​នាយក​កាសែត​បារាំង Cambodge Soir, លោក គី សុខ​លីម សាស្ត្រាចារ្យ​សារព័ត៌មាន នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​, កញ្ញា និ​ត នីតិ​ការ ទីប្រឹក្សា​នៃ Tilleke/Gibbins និង​មកពី​សមាគម​សាលា​ត្រាជូ និង​លោក គុណ ចិន្តា អ្នកជំនាញ​ផ្នែក​រក្សា​សុវត្ថិភាព​ព័ត៌មាន​។​
​សូមបញ្ជាក់ថា វគ្គ​បណ្តុះបណ្តាល​នេះ គឺជា​ផ្នែក​មួយ​នៃ​គម្រោង​ធំ​របស់ CFI (Mekong News) សម្រាប់ ៤ ប្រទេស ក្នុងនោះ​មាន​៖ កម្ពុជា មី​យ៉ាន់​មា ឡាវ និង​វៀតណាម នៅក្នុង​តំបន់​មេគង្គ​៕

Tag:
 CFI
  វគ្គ​បណ្ដុះបណ្ដាល​
  អ្នកសារព័ត៌មាន​វ័យក្មេង​
© រក្សាសិទ្ធិដោយ thmeythmey.com