ជាតិ
សង្គមជាតិ
រដ្ឋមន្ត្រី​ការងារ​ថា ពលករ​ខ្មែរ​នៅ​បរទេស មាន​សុវត្ថិភាព​និង​ស្របច្បាប់​ស្ទើរ​១០០​ភាគរយ​ហើយ​
10, Oct 2019 , 10:19 pm        
រូបភាព
លោក អ៊ិត សំហេង រដ្ខមន្ត្រី​នៃ​ក្រសួង​ការងារ និងបណ្តុះបណ្តាល​វិជ្ជាជីវៈ សម្តែង​ការ​គួរ​សមជាមួយ​នឹង​លោកស្រី ណិនណេត ​ម៉ូ​ទូស ប្រធានអង្គការIOM កាលពី​ថ្ងៃទី​០៩ ខែតុលា ឆ្នាំ២០១៩
លោក អ៊ិត សំហេង រដ្ខមន្ត្រី​នៃ​ក្រសួង​ការងារ និងបណ្តុះបណ្តាល​វិជ្ជាជីវៈ សម្តែង​ការ​គួរ​សមជាមួយ​នឹង​លោកស្រី ណិនណេត ​ម៉ូ​ទូស ប្រធានអង្គការIOM កាលពី​ថ្ងៃទី​០៩ ខែតុលា ឆ្នាំ២០១៩
ដោយ:
​ភ្នំពេញ​៖ ក្នុងជំនួប​ជាមួយ​លោកស្រី Nentte Motus ប្រធាន​អង្គការ​អន្តរជាតិ​ទេសន្តរប្រវេសន៍ ( IOM) ប្រចាំ​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​អះអាងថា ពលករ​ខ្មែរ​ប្រមាណ​១​លាន​២​សែន​នាក់ ដែល​ទៅធ្វើ​ការងារ​នៅក្រៅ​ប្រទេស  គឺ​ប្រកបដោយ​សុវត្ថិភាព និង​ស្របច្បាប់​ស្ទើរតែ​១០០​ភាគរយ​ហើយ មកដល់​បច្ចុប្បន្ននេះ​។



​បន្ទាប់ពី​កម្ពុជា​ទទួលបាន​លទ្ធផល​ជោគជ័យ​នៃ​កិច្ចសហប្រតិបត្តិការ​គោល​នយោបាយ​ទេសន្តរប្រវេសន៍​ជាមួយ​អង្គការ IOM កន្លងមក កម្ពុជា​បានគិត​គូរ​ដល់​បញ្ហារ​បស់​ពលករ​ខ្មែរ និង​បានស្នើ​ឲ្យ​អង្គការ IOM ទាក់ទង​នឹង​ពលករ​ទេសន្តរប្រវេសន៍ ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​ចល័តភាព​នៃ​របប​សន្តិ​សុខ​សង្គម​ឲ្យ​មាន​ភាពប្រសើរឡើង​។

​គេហទំព័រ​ក្រសួង​ការងារ បាន​សរសេរ​ពីស​ម្តី​របស់លោក​រដ្ឋមន្ត្រី អ៊ិត សំហេង យ៉ាង​ដូច្នេះ​ថា​៖«​យើង​ចាប់ផ្តើម​ទាំង​ការលំបាក​។ ឥឡូវ​អាច​និយាយបានថា ពលករ​ដែល​ធ្វើការ​នៅក្រៅ​ប្រទេស មាន​សុវត្ថិភាព និង​ស្របច្បាប់​ស្ទើរ​១០០​ភាគរយ​។ ពលករ​ចំនួន​១​លាន​២​សែន​នាក់​ដែល​បាន​ទៅធ្វើ​ការ​នៅក្រៅ​ប្រទេស យើង​បាន​ថែទាំ និង​តាម​គាំពារ​ពួកគេ​ជាប់​ជានិច្ច​។ និយាយ​ដូច្នេះ មិនមែន​ថា​មិនមាន​បញ្ហា​ប្រឈម​នោះទេ ប៉ុន្តែ​យើង​នៅតែ​បន្ត​សហការ​ជាមួយ​ភាគី​ពាក់ព័ន្ធ​ដើម្បី​ដោះស្រាយ​បញ្ហា​ទាំងនោះ​»​។

​ទាក់ទង​នឹង​ការនាំ​ពលករ​ទៅ​ក្រៅប្រទេស កម្ពុជា​មានការ​សហកា​រ​ជាមួយនឹង​ភាគី​ថៃ ដើម្បី​បំពេញ​ឲ្យ​ពលករ​ខ្មែរ ក្លាយជា​ពលករ​ស្របច្បាប់​។ បច្ចុប្បន្ន​ការងារ​នេះ​បាន​ក្លាយជា​កាលានុវត្តភាព​។ នេះ​បើតាម​ការលើកឡើង​រប​ស់លោក​រដ្ឋមន្ត្រី​ដដែល ហើយ​លោក បានស្នើ​សុំ​ឲ្យ​អង្គការ IOM បន្ត​សហការ​ដើម្បី​ឲ្យ​ក្លាយជា​ការបណ្តុះបណ្តាល​ជំនាញ​ដល់​ពលករ និង​ស្វែងរក​ការងារ​បន្ថែម​សម្រាប់​ពួកគេ​ផងដែរ​។

​សូមបញ្ជាក់ថា ក្នុង​មួយឆ្នាំៗ ក្រសួង​ការងារ​បាន​បញ្ជូន​ពល​ករ​ខ្មែរ​ជាង​៤​ពាន់​នាក់ ទៅធ្វើ​ការ​លើ​វិស័យ​ផ្សេងៗ ដូចជា ឧស្សាហកម្ម កសិកម្ម និង​សំណង់ នៅ​ប្រទេស​កូរ៉េ​។ លោក ហេង សួរ រដ្ឋលេខាធិការ​និង​ជា​អ្នកនាំពាក្យ​ក្រសួង​ការងារ បាន​ឲ្យ​ដឹងថា គិត​ត្រឹម​ឆ្នាំ​២០១៩​នេះ កម្ពុជា​បាន​បញ្ជូន​ពលករ​ប្រមាណ​៤​ម៉ឺន​នាក់​ហើយ​ទៅធ្វើ​ការ​នៅ​ប្រទេស​កូរ៉េ​៕

Tag:
 អ៊ិត សំហេង​
  ពលករ​ខ្មែរ​
  ការងារ
© រក្សាសិទ្ធិដោយ thmeythmey.com