ONE Championship
កីឡាជាតិ
ជាតិ
Petrosyan បាន​១​លាន​ដុល្លារ ឯ Aung La N Sang និង Rodtang ការពារ​ខ្សែក្រវាត់ នៅ ONE: CENTURY
14, Oct 2019 , 10:19 pm        
រូបភាព
​អត្ថបទ​៖ ស៊ី​ធី

ជើង​ខ្លាំង​មី​យ៉ាន់​ម៉ា Aung La N Sang ការពារ​ខ្សែក្រវាត់ ONE Light Heavyweight World Champion បាន​ដោយ​ជោគជ័យ នា​ការ​បង្ហាញខ្លួន​ក្នុង​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​លើក​ទី​១០០ ONE: CENTURY ដែល​រៀបចំ​នៅ​ក្រុង​តូ​ក្យូ​ប្រទេស​ជប៉ុន នា​ថ្ងៃទី​១៣ ខែតុលា​។ ជាមួយគ្នានេះ Giorgio Petrosyan ឈ្នះ​ប្រាក់រង្វាន់ ១​លាន​ដុល្លារ​អាមេរិក​លើកដំបូង ខណៈ Rodtang, Bibiano Fernandes និង Angela Lee សុទ្ធតែ​ការពារ​មិន​ឲ្យ​របូត​ខ្សែក្រវាត់​របស់ខ្លួន​។ 



​ជើង​ខ្លាំង Aung La N Sang ការពារ​ខ្សែក្រវាត់​បាន​ទល់នឹង Brandon Vera៖
​ជើង​ខ្លាំង​មកពី មី​យ៉ាន់​ម៉ា Aung La N Sang ការពារ​ខ្សែ​ខ្សែក្រវាត់ ONE Light Heavyweight World Champion បានសម្រេច ក្រោយ​វាយ​ជើង​ខ្លាំង​ហ្វីលីពីន Brandon Vera ឲ្យ​ចុះចាញ់​ត្រឹម​ទឹក​ទី​២ ប៉ុណ្ណោះ​។ គ្រាន់តែ​ចប់​ផ្ដើម​ប្រកួត Aung La N Sang និង Brandon Vera បាន​ប្ដូរ​កណ្ដាប់ដៃ​គ្នា​ញាប់​ស្មេ មិនមាន​ការ​ញញើត​រៀ​ងៗ​ខ្លួន ក្នុងនាម​ជា​គូ​ឯក​ប្រចាំ​សង្វៀន ONE: CENTURY​។ យ៉ាងណាក្ដី ទឹក​ទី​២ អ្នក​ទាំងពីរ​ប្រើ​កែង​បក​ផង និង​កណ្ដាប់ដៃ​ផង ធ្វើ​ឲ្យ​បែក​រៀងខ្លួន ប៉ុន្តែ​កម្លាំង​មហាសាល​របស់ Aung La ធ្វើ​ឲ្យ Vera ទប់​មិន​ជាប់​ឡើយ​។ ត្រឹម​ពាក់កណ្ដាល​ទឹក Aung La វ៉ៃ​ឲ្យ​កីឡាករ​ហ្វីលីពីន​ដួល ហើយ​អុក​មួយ​ជង្គង់​ថែម និង​ម៉ាត់​ឆ្វេង​យ៉ាង​រន្ថើន រហូតដល់ ១០ ដៃ ក្នុង​ជំហរ​នៅ​ពីលើ ទើប​អាជ្ញាកណ្ដាល Olivier Coste បញ្ឈប់​ការប្រកួត​តែម្ដង​។  Aung La N Sang បាន​ថ្លែង​យ៉ាង​រំភើប​ថា​៖«​អរគុណ​ក្រុង​តូ​ក្យូ ខ្ញុំ​ស្រលាញ់​អ្នក​ទាំងអស់គ្នា​។ Vera ល្អ​ខ្លាំងណាស់ ខ្ញុំ​ត្រូវដាក់​សម្ពាធ​លើ​រូបគេ ដែលជា​យុទ្ធសាស្ត្រ​នៃ​ការប្រកួត​មួយ​របស់ខ្ញុំ​។ ឃើញស្រាប់​ហើយ ចិញ្ចើម​របស់ខ្ញុំ​បែក​ឈាម ដោយសារ​រូបគេ​។ តែ​យ៉ាងណា ខ្ញុំ​ធ្វើ​បានល្អ​។ ចុងក្រោយ សូម​អរគុណ​ដល់​មិត្ត​រួម​ក្រុម និង​ក្រុម​គ្រូបង្វឹក ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ជ័យជម្នះ​ថ្ងៃនេះ​»​។
https://www.facebook.com/ONEChampionship/videos/399854157365509/



Giorgio Petrosyan ឈ្នះ​ខ្សែក្រវាត់​ដែលមាន​ប្រាក់រង្វាន់ ១ លាន​ដុល្លារ​លើកដំបូង​៖

​ជើង​ខ្លាំង​មកពី​អ៊ីតាលី Giorgio Petrosyan ឈ្នះ​ខ្សែក្រវាត់ ONE Featherweight World Grand Prix Championship និង ប្រាក់រង្វាន់ ១ លាន​ដុល្លារ​អាមេរិក​លើកដំបូង ក្រោយពី​ឈ្នះ​កីឡាករ​កម្ពស់​ខ្ពស់​សញ្ជាតិ​បារាំង Samy Sana  ដោយ​ពិន្ទុ​ជា​ឯកច្ឆន្ទ​។ គ្រាន់តែ​ចូល​ទឹក​ដំបូង កីឡាករ​ទាំងពីរ ដើរចូល​តាម​ក្បាច់​រៀងៗ​ខ្លួន​។ Sana ទាត់ Petrosyan ឲ្យ​ដួល​អុកគូថ​ម្ដង នៅ​ពាក់កណ្ដាល​ទឹក ក្រោយ​ការព្យាបាល​របស់ Giorgio នៅ​ដើម​ទឹក ដោយសារ​ការ​ទាត់​ចំ​ប្រដាប់​ការពារ​។ យ៉ាងណាក្ដី Giorgio Petrosyan បាន​ម៉ាត់​ញាប់​មកវិញ ក្រោយ​សម្រាក​ព្យាបាល​បន្តិច​។ Petrosyan ជា​កីឡាករ​វ៉ៃ​កណ្ដាប់ដៃ​ចេញ និង​ការ​ទាត់​ញាប់ៗ​។ កីឡាករ​មកពី​អ៊ីតាលី ម៉ាត់​ចូល​ពីរ​បី​ដៃ​ជាប់​គ្នា លើ​កីឡាករ​បារាំង ប៊ិះ​នឹង​សឺៗ​ម្ដងៗ​។ ប៉ុន្តែ Sana អាច​យក​ជង្គង់​ទប់ និង​ជើងវែងៗ​ជួយ​ការពារ​។ ទឹក​ទី​៣ Sana ដើរចូល​ប្រុង​ស្ដារ​ដើម​វិញ​ដោយ​ការបោះ​ជង្គង់​វែងៗ និង ទាត់​កាត់ ប៉ុន្តែ​មិនសូវ​បាន​ផល​ឡើយ​។ ក្នុង​ទឹក​ចុងក្រោយ​នេះ Petrosyan ក៏​ទាត់​មិនសូវ​ចេញ​ដែរ ប៉ុន្តែ​បាន​ក្បាច់​ដៃ​មួយ​ពីរ​ញាប់ៗ​យោង​។ ទីបំផុត Petrosyan ឈ្នះ​ពិន្ទុ​លើ Sana ដោយ​ឯកច្ឆន្ទ​។  ក្នុង​ក្រសែភ្នែក​ទស្សនិកជន​រាប់លាន​នាក់ Petrosyan បាន​ថ្លែង​ក្រោយ​ជ័យជម្នះ​ថា ៖«​ខ្ញុំ​មិនបាន​គិត​អំពី​ប្រាក់រង្វាន់ ១ លាន​ដុល្លារ​អាមេរិក​ទេ ប៉ុន្តែ​ខ្ញុំ​គិត​អំពី​យក​លេខ​១​។ ខ្ញុំ​ត្រូវតែ​បន្ត​ហ្វឹកហាត់​ឲ្យ​ខ្លាំង ដើម្បី​រក្សា​ខ្សែក្រវាត់​របស់ខ្ញុំ​ឲ្យ បាន​ស្ថិតស្ថេរ​»​។
https://www.facebook.com/ONEChampionship/videos/512209716008452/



Rodtang Jitmuangnon នៅ​រក្សា​ខ្សែក្រវាត់ FLYWEIGHT MUAY THAI WORLD CHAMPIONSH៖
​ចូល​ទឹក​ទី​១ Rodtang Jitmuangnon ដែល​ម្ចាស់​ខ្សែក្រវាត់​ចូល​តែម្ដង​លើ Walter Goncalves​។ បន្ទាប់មក Rodtang ប៉ះ​ដៃ​ចំ​ភ្នែក​ឆ្វេង​របស់ Goncalves និង​ត្រូវ​សម្រាក​ព្យាបាល ៣​នាទី​។ ពេល​ចូល​មកវិញ ក៏​សម្រុក​គ្នា​ដល់​ចប់​ទឹក​។ Rodtang ទាត់​ច្រើន​ជើង​នៅ​ទឹក​ទី​២ និង ចំ​គោលដៅ​កណ្ដាលដើមទ្រូង​ផងដែរ ប៉ុន្តែ Goncalves នៅតែ​មិនមាន​បញ្ហា​។ ទឹក​ទី​៣ Rodtang ម៉ាត់ ប្ដូរ​ដៃ​មួយ​ពីរ​ចំ​គោលដៅ​ធ្វើ​ឲ្យ Goncalves ដួល​លើ​ក្តា​រេញ តែ​ងើប​មកវិញ​លឿន​។ ទឹក​ទី​៤  Rodtang ទាត់​ឲ្យ​Goncalves ដួល​ជាថ្មី ប៉ុន្តែ​មិន​បង្ក​ដល់​គ្រោះថ្នាក់ ព្រោះ​គេ​អាច​ងើប​ប្រកួត​ទៀត​។ ទឹក​ដដែល Goncalves នៅតែ​ដកថយ​តែ​វ៉ៃ​សង រហូត​នាំ​ឲ្យ​ម្ចាស់​ជើងឯក​ថៃ​ខឹង និង ធ្វើ​កាយវិការ​ថយៗ ហើយ​អាជ្ញាកណ្ដាល​ព្រមាន​ផ្ដល់​កាត​លឿង​ដល់​កីឡាករ​ទាំងពីរ​ផង​បើ​មិន​ប្រកួត​គ្នា​។ ទឹក​ចុងក្រោយ Rodtang ដើរចូល​រហូត​តែ​កីឡាករ​ប្រេ​ស៊ី​ល ដើរ​ថយ ដដែល​។ គ្មានអ្វី​គួរកត់សម្គាល់ ព្រោះ​ម្ចាស់​ខ្សែក្រវាត់​គ្រប់គ្រង​ការប្រកួត​បានល្អ​លើ​គូបដិបក្ខ​កីឡាករ​ប្រេ​ស៊ី​ល​។ ចុងក្រោយ Rodtang Jitmuangnon នៅតែ​ឈ្នះ​ពិន្ទុ លើ​កីឡាករ​ប្រេ​ស៊ី​ល Walter Goncalves​។
https://www.facebook.com/ONEChampionship/videos/961575474183131/



Bibiano Fernandes  នៅតែ​ការពារ​ខ្សែក្រវាត់​របស់ខ្លួន​៖

Fernandes​ប្រើពេល​ត្រឹម​ពីរ​ទឹក​ដើម្បី​ឈ្នះ​ការប្រកួត​លើក​ទី​៤​ទល់នឹង Kevin Belingon និង រក្សា​ខ្សែក្រវាត់ ONE Bantamweight World Champion បាន​យ៉ាង​ជោគជ័យ​ជម្នះ​។ Fernandes បាន​ថ្លែង​បញ្ជាក់​ជាថ្មី​ក្រោយ​ជ័យជម្នះ​ថា​៖«​បើសិន​ការប្រកួត​លើក​ទី​៣ មិន​ស្ថិតក្នុង​ភាពស្រពិចស្រពិល​ខ្ញុំ​មិន​ប្រកួត​លើក​នេះ​ទៀត​ទេ​។​ប៉ុន្តែ​ឥឡូវ​ដឹង​ច្បាស់​ហើយ ថា​ខ្ញុំ​អូ​ខេ​សម្រាប់​ការប្រកួត​នេះ​ឲ្យ​ច្បាស់​។ តូ​ក្យូ​ខ្ញុំ​ស្រលាញ់​អ្នក​ទាំងអស់គ្នា​នៅទីនេះ​។ ខ្ញុំ​ផ្ញើ​ក្ដី​ស្រលាញ់​ពី​ជ័យជម្នះ​នេះ​ដល់ ក្រុម​គ្រូបង្វឹក​របស់ខ្ញុំ នៅ​ហ្វីលីពីន គ្រួសារ​ខ្ញុំ​។ នេះ​ជាការ​ប្រកួត​ដ៏​អស្ចារ្យ​ទល់នឹង Kevin»​។​
https://www.facebook.com/ONEChampionship/videos/2069744946459377/



​លទ្ធផល​សំខាន់ៗ​ផ្សេងទៀត​៖
Angela Lee ឬ រហ័ស​នាម​ថា «Unstoppable» នៅតែ​ការពារ​ខ្សែក្រវាត់ ONE Women’s Atomweight World Championship បានសម្រេច​ក្រោយ​ឃ្លេ Xiong Jing Nan ឲ្យ​ចុះចាញ់​ត្រឹម​ទឹក ទី​២​។

​រីឯ Christian Lee ដែលជា​ប្អូនប្រុស​បង្កើត​របស់ Angela Lee ឈ្នះ​ខ្សែក្រវាត់ ONE Lightweight World Grand Prix Championship បន្ទាប់ពី​ឈ្នះ​ពិន្ទុ​ជា​ឯកច្ឆន្ទ លើ​កីឡាករ​ទួ​ក​គី Saygid Guseyn Arslanaliev ពេល​ចប់​ការប្រកួត ៣​ទឹក​។  វីរបុរស​មកពី​អាមេរិក Demetrious Johnson ឈ្នះ​ខ្សែក្រវាត់ ONE Flyweight World Grand Prix Championship ពេល​ឈ្នះ​ពិន្ទុ​កីឡាករ​ហ្វីលីពីន Danny Kingad ជា​ឯកច្ឆន្ទ​។

https://www.onefc.com/videos/demetrious-johnson-grinds-down-danny-kingad-in-flyweight-finale/

​កុំ​ភ្លេច​ទស្សនា កម្មវិធី​ប្រកួត​បន្ទាប់​នៅ ONE: DAWN OF VALOR នៅ​ថ្ងៃទី ២៥ តុលា​ខាងមុខ​ពី​ប្រទេស ឥណ្ឌូណេស៊ី ចាប់ពី ៧​ល្ងាច​តទៅ (​ម៉ោង​កម្ពុជា​) តាមរយៈ https://www.facebook.com/ONEChampionship/ , ONE Super App , YouTube: https://www.youtube.com/user/OneFCMMA និង ផ្សាយ​បន្ត​ផ្ទាល់​ដោយ CBS៕


© រក្សាសិទ្ធិដោយ thmeythmey.com