Hamilton ដែល​បើក​ឲ្យ Mercedes ប៊ិះ​លើក​ពាន F1 ទៅហើយ ក្រោយ​ឈ្នះ​ការប្រណាំង​នៅ​ម៉ិ​ក​ស៊ិ​ក
កីឡាអន្តរជាតិ
រថយន្ត
អន្តរជាតិ
Hamilton ដែល​បើក​ឲ្យ Mercedes ប៊ិះ​លើក​ពាន F1 ទៅហើយ ក្រោយ​ឈ្នះ​ការប្រណាំង​នៅ​ម៉ិ​ក​ស៊ិ​ក
28, Oct 2019 , 7:39 pm        
រូបភាព
Lewis Hamilton បានឈ្នះ​ការប្រណាំង​រថយន្ត Formula One នៅ​ទីលាន Mexican Grand Prix ក្នុងប្រទេស​ម៉ិ​ក​ស៊ិ​ក នៅ​ថ្ងៃទី​២៧ ខែតុលា ដែល​ធ្វើ​ឲ្យ​រូប​គែ​ប៊ិះ​នឹង​ឈ្នះ​ជើងឯក​រដូវ​កាល​២០១៩ នេះ​ទៅហើយ​។ ជ័យជម្នះ​នេះដែរ កើតឡើង​ដោយមាន​ការ​ប្រជែង​យ៉ាង​ខ្លាំងក្លា​ពី​សំណាក់​កីឡាករ​ក្រុម Ferrari ដែល​រួមមាន Charles Leclerc និង Sebastian Vettel ដែល​អស់​ឱកាស​ឈ្នះ​ជើងឯក​ទៅហើយនោះ​។​



អត្ថបទទាក់ទង

Hamilton នឹង​អាច​ការពារ​តំណែង​ជើងឯក និង​ជាការ​ឈ្នះ​ពាន F1 លើក​ទី ៦ ក្នុង​អាជីព​របស់គេ​នៅក្នុង​ការ​ប្រ​ណាំ​នៅ US Grand Prix សហរដ្ឋអាមេរិក​សប្តាហ៍​ក្រោយ​ដោយ​គ្រាន់តែ​ធ្វើយ៉ាងណា​កុំ​ឲ្យ​ចាញ់​ពិន្ទុ​កីឡាករ Valtteri Bottas ដែលជា​មិត្ត​រួម​ក្រុម Mercedes លើសពី ២២​ពិន្ទុ​ទៅបាន​ហើយ​។​

​ក្នុងការ​ប្រណាំង​លើ​ចម្ងាយ​ផ្លូវ​ចំនួន​៧១​ជុំ ក្នុង​ក្រុង​ម៉ិ​ក​ស៊ី​កូ កីឡា​រស​ញ្ញាតិ​អង់គ្លេស​ដែល​បើកបរ​ឲ្យ​ក្រុម Mercedes បាន​ប្រើ​ថេរវេលា ១​ម៉ោង ៣៦​នាទី និង​៤៨.៩០៤​វិនាទី ដើម្បី​ឈ្នះ​ការប្រណាំង​នៅ​ទីលាន​ទី​១៧​នេះ​។​



Hamilton បានទទួល​ជ័យជម្នះ​ក្នុងការ​ប្រណាំង​ដ៏​ស្វិតស្វាញ​ក្នុងចំណោម​ការ​ប្រជែង​គ្នា​របស់​កំពូល​អ្នកបើក​បរទាំង​បួនរូប​ដែល​មកពី​ក្រុម Mercedes និង Ferrari ។ Vettel ដែល​បើក​ឲ្យ Ferrari ទទួលបាន​ចំណាត់ថ្នាក់​ទី ២ ដោយ​នាំមុខ Bottas (Mercedes) និង Charles Leclerc (Ferrari)​។​

​ក្នុងការ​ប្រណាំង​នេះ ប្រសិនបើ Bottas ទទួលបាន​ចំណាត់ថ្នាក់​ទី​៤ នោះ Hamilton ដែល​បាន​លេខ​១ នឹង​ឈ្នះ​ជើងឯក​ការប្រណាំង​រថយន្ត​ពិភពលោក​រដូវ​កាល​២០១៩​មិន​ខាន​។ Hamilton ត្រូវការ​នាំមុខ​ពិន្ទុ​មិត្ត​រួម​ក្រុម Bottas ចំនួន​៧៨​ពិន្ទុ ដើម្បី​លើក​ពាន ប៉ុន្តែ​រូបគេ​រកបាន​ពិន្ទុ​នាំមុខ​តែ​៧៦​ពិន្ទុ​ក្រោយ​ការប្រណាំង​១៧​លើក​។​



​យ៉ាងណាក៏ដោយ Hamilton បាន​ត្រៀមខ្លួន​រួចស្រេច​ដើម្បី​លើក​ពាន F1 ជា​លើក​ទី​៦ របស់គេ​នៅក្នុង​ការប្រណាំង​បន្ទាប់ និង​ជាការ​ឈ្នះ​លើក​ទី​៥ សម្រាប់​ក្រុម Mercedes ផង​។ បុរស​វ័យ​៣៤​ឆ្នាំ​រូបនេះ ក៏​នឹង​ត្រៀម​បំបែក​កំណត់ត្រា​របស់​កីឡាករ Michael Schumacher ដែល​ធ្លាប់​ឈ្នះ​៤​លើក អំឡុង​បើកបរ​ឲ្យ​ក្រុម Ferrari ពោលគឺ​ក្នុង​រដូវ​កាល ២០០០ ដល់ ២០០៤​។​
​ឆ្លងកាត់​ការប្រណាំង​១៧​ទីលាន​រួចមក Hamilton ស្ថិតនៅ​កំពូល​តារាង​មាន ៣៦៣​ពិន្ទុ ខណៈ​ដៃគូ​របស់គេ Valtteri Bottas នៅ​លេខ​២ មាន​២៨៩​ពិន្ទុ​។ Charles Leclerc ឈរ​លេខ​៣ នាំមុខ​មិត្ត​រួម​ក្រុម Ferrari របស់ខ្លួន Sebastian Vettel ចំនួន ៦​ពិន្ទុ​៕


Tag:
 Formula One
  Lewis Hamilton
  Mercedes
© រក្សាសិទ្ធិដោយ thmeythmey.com