អន្តរជាតិ
មហាសេដ្ឋី​អាមេរិក Michael Bloomberg ប្រកាស​ចូល​ប្រជែង​តំណែង​ប្រធានាធិបតី​
25, Nov 2019 , 5:09 pm        
រូបភាព
លោក ម៉ៃឃើក ប្លុមប៊ើគ មហាសេដ្ឋីអាមេរិក (AFP)
លោក ម៉ៃឃើក ប្លុមប៊ើគ មហាសេដ្ឋីអាមេរិក (AFP)
ដោយ:
​មហាសេដ្ឋី​អាមេរិក លោក ម៉ៃ​ឃើ​ល ប្លុម​ប៊ើ​គ (Michael Bloomberg) បានប្រកាស​ជា​ផ្លូវការ ចូលរួម​ប្រកួត​ក្នុងនាម​បេក្ខជន​បក្ស​ប្រជាធិបតេយ្យ​ដើម្បី​ដណ្តើមយក​តំណែង​ជា​ប្រធានាធិបតី​។ ការប្រកាស​របស់លោក ប្លុម​ប៊ើ​គ ធ្វើឡើង​ត្រឹម​១០​សប្តាហ៍​ប៉ុណ្ណោះ នៅ​មុនពេល​ការបោះឆ្នោត​បឋម​ចាប់ផ្តើម​។ ទន្ទឹមនេះ មហាសេដ្ឋី​រូបនេះ ក៏​ប្តេជ្ញា​ចាយលុយ​ផ្ទាល់ខ្លួន​ក្នុង​យុទ្ធនា​ការរក​សំឡេងឆ្នោត​។ ផែនការ​មិន​ទទួល​យកលុយ​បរិ​ច្ឆា​គនេះ ក៏​រង​ការទិតៀន​ផងដែរ​ដោយ​ចោទថា លោក​ព្យាយាម​ទិញ​ការបោះឆ្នោត​។​

 
​ដោយ​បញ្ចប់​មន្ទិលសង្ស័យ​ជាច្រើន​សប្តាហ៍ លោក ម៉ៃ​ឃើ​ល ប្លុម​ប៊ើ​គ ដែលជា​អតីត​អ្នកនយោបាយ​បក្ស​សាធារណរដ្ឋ បានប្រកាស​ពី​បេក្ខភាព​របស់លោក កាលពី​ថ្ងៃអាទិត្យ ២៤​វិច្ឆិកា ។ ក្នុង​សេចក្តីថ្លែងការណ៍​មួយ អតីត​អភិបាលក្រុង ញូវយ៉ក វ័យ​៧៧​ឆ្នាំ​រូបនេះ បញ្ជាក់​ឲ្យ​ដឹងថា លោក​ចូល​ប្រកួត​ដណ្តើម​តំណែង​ប្រធានាធិបតី​នេះ​ដើម្បី​ផ្តួល​លោក​ដូ​ណា​ល់ ត្រាំ​និង​កសាង​អាមេរិក​ជាថ្មី​។ 
 
​អម​ជាមួយនឹង​វីដេអូ​ផ្សាយពាណិជ្ជកម្ម​ក្នុង​ទម្រង់​នយោបាយ​ស្តីពី​ជីវប្រវត្តិ​លោក​ផង​នោះ លោក ប្លុម​ប៊ើ​គ លើកឡើង​ដូច្នេះ​ថា​៖ «​យើង មិនអាច​ទ្រាំ​រយៈពេល​៤​ឆ្នាំ​ទៀត​ក្រោម​ការដឹកនាំ​ដោយ​ខ្វះ​សីលធម៌​និង​ធ្វេសប្រហែស​របស់លោក​ប្រធានាធិបតី ត្រាំ ឡើយ​។ លោក [​ត្រាំ​] តំណាង​ឲ្យ​ការគំរាមកំហែង​ដល់​គុណ​តម្លៃ​យើង​និង​ប្រទេស​យើង​។ ប្រសិនបើ​លោក [​ត្រាំ​] ឈ្នះ​មួយ​អាណត្តិ​ផ្សេងទៀត យើង​ប្រហែល​លែង​អាច​ជួសជុល​ការខូចខាត​បាន​ហើយ​»​។ 
 
​ការ​ប្រឡូក​ចូល​ការប្រកួតប្រជែង​តំណែង​ប្រធានាធិបតី ដោយ​ប្តូរ​ពី​បក្ស​សាធារណរដ្ឋ​ទៅ​បក្ស​ប្រជាធិបតេយ្យ​របស់លោក ប្លុម​ប៊ើ​គ ធ្វើឡើង​ត្រឹម​១០​សប្តាហ៍​ប៉ុណ្ណោះ នៅ​មុនពេល​ការបោះឆ្នោត​បឋម​ចាប់ផ្តើម​។ ការ​លេចមុខ​បេក្ខជន​ឈានទៅ​ដណ្តើម​តំណែង​ប្រធានាធិបតី​ថ្មី​នេះ គឺ​ឆ្លុះបញ្ចាំង​កង្វល់​ក្នុងចំណោម​គណបក្ស​ប្រជាធិបតេយ្យ​ពាក់ព័ន្ធ​នឹង​កម្លាំង​របស់​បេក្ខជន​បច្ចុប្បន្ន​ខ្លួន​។ 
 
​លោក ប្លុម​ប៊ើ​គ នឹង​ចូល​ប្រកួតប្រជែង​ជាមួយ​បេក្ខជន​១៧​នាក់​ផ្សេងទៀត​ដើម្បី​ដណ្តើមយក​តំណែង​បេក្ខជន​ប្រធានាធិបតី​តំណាង​បក្ស​ប្រជាធិបតេយ្យ ដែល​នឹង​ទៅ​ប្រកួត​ជាមួយ​លោក ត្រាំ ក្នុង​ឆ្នាំ​២០២០​ខាងមុខ​។ ខណៈ​នេះ អតីត​អនុ​ប្រធានាធិបតី​អាមេរិក លោក ចូ បៃ​ឌិន​, សមាជិក​ព្រឹទ្ធសភា លោកស្រី Elizabeth Warren និង​សមាជិក​ព្រឹទ្ធសភា លោក Bernie Sanders គឺជា​បេក្ខជន​ឈានមុខ​របស់​បក្ស​។ 
 
​បើតាម​ការចុះផ្សាយ​រប​ស់​ទីភ្នាក់ងារ​ព័ត៌មាន AP មហាសេដ្ឋី​អាមេរិក​រូបនេះ បាន​ប្តេជ្ញា​ចំណាយលុយ​យ៉ាងតិច​១៥០​លាន​ដុល្លារ​ក្នុង​យុទ្ធនា​ការឃោសនា​រក​សំឡេងឆ្នោត ២០២០ ដែល​រួមមាន ជាង​១០០​លាន​ដុល្លារ​លើ​ការផ្សាយពាណិជ្ជកម្ម​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​សម្រាប់​វាយប្រហារ​លើ​លោក​ត្រាំ និង​ជាង​៣០​លាន​ដុល្លារ​លើ​ការផ្សាយ​លើ​កញ្ចក់​ទូរទស្សន៍​។ 
 
​យ៉ាងណាក៏ដោយ លោក ប្លុម​ប៊ើ​គ ពុំបាន​បញ្ជាក់​តួលេខ​ទឹកប្រាក់​លម្អិត​ដែល​លោក​នឹង​ចំណាយ​លើ​មហិច្ឆតា​ឈោង​ចាប់​តំណែង​កំពូល​នេះឡើយ ក៏ប៉ុន្តែ ទីប្រឹក្សា​ជាន់ខ្ពស់​របស់លោក ឈ្មោះ Howard Wolfson អះអាងថា​៖«​ច្រើន​ប៉ុនណា​ក៏ដោយ​ឲ្យ​តែ​អាច​ផ្តួល​លោក​ដូ​ណា​ល់ ត្រាំ​បាន​»​។ លោក Wolfson ក៏​បញ្ជាក់ទៀតថា លោក​ប្លុម​ប៊ើ​គ សម្រេច​ថា​នឹងមិន​ទទួល​ប្រាក់​បរិច្ចាគ​នយោបាយ​អ្វី​ទាំងអស់​សម្រាប់​យុទ្ធ​ន​ការបោះឆ្នោត ឬក៏​យកប្រាក់​បៀវត្ស​នៅពេល​លោក​ក្លាយជា​ប្រធានាធិបតី​។​
 
​ផែន​ការពឹង​អាស្រ័យ​លើ​ទ្រព្យសម្បត្តិ​ផ្ទាល់ខ្លួន​ក្នុង​យុទ្ធនា​ការរក​សំឡេងឆ្នោត​របស់លោក​ម​ហា​សេដ្ឋី ប្លុម​ប៊ើ​គ ក៏​រង​ការទិតៀន​ពី​បេក្ខជន​បក្ស​ប្រជាធិបតេយ្យ​ឈានមុខ ដូចជា លោក Bernie Sanders និង​លោកស្រី Elizabeth Warren ជាដើម​។ លោក Sanders និយាយថា លោក សឹងតែ​មិន​ជឿថា មហា​សេដ្ឋកិច្ច មាន​សិទ្ធិ​ទិញ​ការបោះឆ្នោត​។ ចំណែក​លោកស្រី Warren វិញ លើកឡើង​ចំៗ​ថា អ្នកមាន​ទ្រព្យសម្បត្តិ អាចមាន​ឡាន​ច្រើន និង​មានផ្ទះ​ច្រើន ក៏ប៉ុន្តែ​ពួកគេ​ពុំ​អាចមាន​ចំណែក​ធំ​ឡើង​ក្នុង​លទ្ធិប្រជាធិបតេយ្យ​។ 
 
​សូមបញ្ជាក់ថា លោក ម៉ៃ​ឃើ​ល ប្លុម​ប៊ើ​គ គឺជា​ជនជាតិ​អាមេរិក​មាន​បំផុត​លំដាប់​ទី​៨ ហើយ​លំដាប់​ទី​១១​លើ​ពិភពលោក ជាមួយ​ទ្រព្យសម្បត្តិ​សរុប ៥៤,៤​ពាន់​លាន​ដុល្លារ​។ នេះ​បើតាម​របាយការណ៍​រប​ស់​ទស្សនាវដ្ដី Forbes កាលពី​ឆ្នាំ​២០១៨​។ ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​ចុងក្រោយ លោក ប្លុម​ប៊ើ​គ បានផ្តល់​លុយរាប់​លាន​ដុល្លារ​ដើម្បី​ជួយ​គាំទ្រ​ប្រព័ន្ធ​អប់រំ​, សុខាភិបាល និង​ផ្សេងទៀត ដែល​ក្នុងនោះ ក៏មាន​នយោបាយ​ផងដែរ​។​
 
​លោក​បានរៀបចំ​យុទ្ធនាការ​ដ៏​ជោគជ័យ​ក្លាយជា​អភិបាលក្រុង​ញូវយ៉ក ក្នុង​ឆ្នាំ​២០០១ និង​រក្សា​តំណែង​នេះ​រហូតដល់​៣​អាណត្តិ​ផ្ទួនគ្នា ពោលគឺ​ដល់​ឆ្នាំ​២០១៣​។ ហើយ​កាលនោះ លោក ជា​សមាជិក​បក្ស​សាធារណរដ្ឋ​។ ពាក្យ​ចចាមអារ៉ាម​ជុំវិញ​មហិច្ឆតា​ក្លាយជា​ប្រធានាធិបតី បាន​ហ៊ុមព័ទ្ធ​លោក​ជាង​មួយ​ទសវត្សរ៍​មកហើយ​៕

Tag:
 សហរដ្ឋអាមេរិក​
  Michael Bloomberg
  ការបោះឆ្នោត​ប្រធានាធិបតី​
© រក្សាសិទ្ធិដោយ thmeythmey.com