អន្តរជាតិ
លោក ត្រាំ ចុះហត្ថលេខា​លើ​សំណើ​ច្បាប់​ប្រជាធិបតេយ្យ​ហុងកុង ដោយ​មិន​ខ្វល់​ការ​គំរាម​របស់​ចិន​
28, Nov 2019 , 9:19 am        
រូបភាព
ដោយ:
​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ នៅ​ថ្ងៃ​ពុធ ២៧​វិច្ឆិកា បាន​ចុះហត្ថលេខា​លើ​សំណើ​ច្បាប់​ដែល​គាំទ្រ​ដល់​ក្រុមបាតុករ​នៅ​ហុងកុង ។ ការសម្រេច​នេះ ធ្វើឡើង​ទោះបីជា​រង​ការជំទាស់​ពី​ចិន ខណៈ​លោក ត្រាំ ព្យាយាម​បង្កើត​កិច្ចព្រមព្រៀង​មួយ​ដើម្បី​បញ្ចប់សង្គ្រាម​ពាណិជ្ជកម្ម​។

 
​ក្នុង​សេចក្តីថ្លែងការណ៍​ចេញ​ដោយ​សេត​វិមាន លោក ដូ​ណា​ល់ ត្រាំ បញ្ជាក់ថា​៖«​ខ្ញុំ ចុះហត្ថលេខា​លើ​សំណើ​ច្បាប់​នេះ ដោយ​ក្តី​គោរព​ចំពោះ​លោក​ប្រធានាធិបតី ស៊ី (​ជិន​ភីង​), ប្រទេស​ចិន និង​ប្រជាជន​ហុងកុង​»​។ ត្រង់នេះ លោក សង្កត់ធ្ងន់ថា ច្បាប់​នេះ​គឺ​បង្កើតឡើង​ដោយ​សង្ឃឹមថា មេដឹកនាំ និង​អ្នកតំណាង​នៃ​ប្រទេស​ចិន​និង​ក្រុង​ហុងកុង នឹងមាន​លទ្ធភាព​ដោះស្រាយ​ភាពខុសគ្នា​របស់​ពួកគេ​ដោយ​សន្តិវិធី ដែល​ឈានដល់​មាន​សន្តិភាព​និង​វឌ្ឍនភាព​យូរអង្វែង​សម្រាប់​មនុស្ស​គ្រប់គ្នា​។ 
 
​ច្បាប់​ថ្មី​នេះ ដែល​បានអនុម័ត​ដោយ​ឯកច្ឆន្ទ​ពី​សំណាក់​ព្រឹទ្ធសភា​អាមេរិក កាលពី​ថ្ងៃ​២០ វិច្ឆិកា និង​ដោយ​សភា​តំណាង​អាមេរិក កាលពី​ថ្ងៃ​១៥ តុលា នឹង​តម្រូវ​ឲ្យ​រដ្ឋាភិបាល​អាមេរិក​វាយតម្លៃ​ជាប្រចាំ​ឆ្នាំ​លើ​ការអភិវឌ្ឍ​នយោបាយ​ក្នុង​ទីក្រុង​នេះ​។ នោះ​គឺ​មើលថា ហុងកុង នៅតែ​អាច​រក្សា​លក្ខខណ្ឌ​ស្វ័យភាព​គ្រប់គ្រាន់ ដាច់ដោយឡែក​ពី​ចិនដីគោក ក្នុង​គោលដៅ​រក្សា​ការផ្តល់​ឲ្យ​ពិសេស​ពី​សហរដ្ឋអាមេរិក​។ ទន្ទឹមនេះ ច្បាប់​គាំទ្រ​ប្រជាធិបតេយ្យ​ហុងកុង​នេះ ក៏​នឹង​បើកផ្លូវ​ឲ្យ​រដ្ឋបាល​លោក​ត្រាំ​ដាក់ទណ្ឌកម្ម​លើ​មន្ត្រី​ចិន​ដែល​ទទួលខុសត្រូវ​ចំពោះ​ការបំផ្លិចបំផ្លាញ​សិទ្ធិមនុស្ស និង​ស្វ័យភាព​របស់​ទីក្រុង​ហុងកុង​។​
 
​រដ្ឋាភិបាល​ចិន កាលពី​សប្តាហ៍​មុន បាន​រិះគន់​ចំណាត់ការ​របស់​ក្រុង​វ៉ាស៊ីនតោន ដោយ​ចាត់ទុកថា ឡើង​ដោយ​មិន​ខ្វល់​ពី​ការពិត ហើយ​អនុវត្ត​បទដ្ឋាន​ពីរ​ជាន់​។ ក្នុង​សេចក្តីថ្លែងការណ៍ អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោក Geng Shuang លោក សង្កត់ធ្ងន់ថា​៖«​វា​គឺជា​ការបំពាន​យ៉ាងធ្ងន់ធ្ងរ​លើ​ច្បាប់​អន្តរជាតិ និង​បទដ្ឋាន​ជា​មូលដ្ឋាន​ដែល​គ្រប់គ្រង​ទំនាក់ទំនង​អន្តរជាតិ​។ ចិន​ថ្កោលទោស​និង​ប្រឆាំង​យ៉ាង​ដាច់​ណាត់​ចំពោះ​រឿងនេះ​»​។ ទន្ទឹមនេះ រដ្ឋាភិបាល​ចិន នឹង​ត្រូវតែ​ចាត់​ចំណាត់ការ​វាយបក​ដើម្បី​ការពារ​អធិបតេយ្យភាព​ជាតិ​, សន្តិសុខ និង​ផលប្រយោជន៍​អភិវឌ្ឍន៍ ប្រសិនបើ​អាមេរិក នៅតែ​រឹងទទឹង​បន្ត​សម្រេចចិត្ត​ខុស​។ 
 
​សូមបញ្ជាក់ថា ការប្រកាស​របស់លោក ត្រាំ ធ្វើឡើង​ខណៈ​ក្រុម​អ្នកចរចា​ពាណិជ្ជកម្ម​ចិន​និង​អាមេរិក កំពុង​ព្យាយាម​បង្កើត​កិច្ចព្រមព្រៀង​មួយ​ដើម្បី​បញ្ចប់សង្គ្រាម​ពាណិជ្ជកម្ម​។  នៅ​ថ្ងៃ​អង្គារ​សប្តាហ៍​នេះ លោក​អនុ​ប្រធានាធិបតី​ចិន Liu He ដែល​ទទួលបន្ទុក​ចរ​ចា​ពាណិជ្ជកម្ម និង​លោក Robert Lighthizer តំណាង​ពាណិជ្ជកម្ម​អាមេរិក ព្រមទាំង​លោក​រដ្ឋមន្ត្រី​រតនាគារ​អាមេរិក Steven Mnhchin បាន​ជជែក​គ្នា​តាមរយៈ​ទូរ​សព្ទ​ពិភាក្សា​រឿង​កិច្ចចរចា​ពាណិជ្ជកម្ម​។ បើតាម​ក្រសួងពាណិជ្ជកម្ម​ចិន ភាគី​ទាំងពីរ បាន​ពិភាក្សាគ្នា​អំពី​កង្វល់​ចម្បង​និង​ឈានដល់​ការបង្កើត​កុងសង់ស៊ីស​លើ​វិធីសាស្ត្រ​ដោះស្រាយ​បញ្ហា​ទាំងនេះ​។ ទន្ទឹមនេះ ភាគី​ទាំងពី ក៏​ព្រមព្រៀង​រក្សា​ការប្រាស្រ័យ​ទាក់ទង​លើ​បញ្ហា​ពាណិជ្ជកម្ម​ដែល​នៅ​សេសសល់ ជាពិសេស​ពាក់ព័ន្ធ​នឹង កិច្ចព្រមព្រៀង «​ដំណាក់​ការ​ទី​១»៕ 

Tag:
 ហុងកុង​
  សហរដ្ឋអាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com