ក្រោយ​កម្ពុជា​ទម្លាក់​ពី​ស៊ី​ហ្គេម ម៉ាឡេស៊ី​មិន​បន្ត​កិច្ចសន្យា​ឲ្យ​លោក Kim Swee ដឹកនាំ​U22​ទៀត​
កីឡាអន្តរជាតិ
អន្តរជាតិ
ក្រោយ​កម្ពុជា​ទម្លាក់​ពី​ស៊ី​ហ្គេម ម៉ាឡេស៊ី​មិន​បន្ត​កិច្ចសន្យា​ឲ្យ​លោក Kim Swee ដឹកនាំ​U22​ទៀត​
06, Dec 2019 , 8:39 pm        
រូបភាព
​សហព័ន្ធ​កីឡាបាល់ទាត់​ម៉ាឡេស៊ី (FAM) សម្រេច​មិន​បន្ត​កិច្ចសន្យា​ថ្មី​ឲ្យ​លោក Datuk Ong Kim Swee ធ្វើជា​គ្រូបង្វឹក​ទៀតឡើយ បន្ទាប់ពី​ដឹកនាំ U22 ម៉ាឡេស៊ី​ចាញ់​កម្ពុជា ៣-១ ហើយ​ធ្លាក់​ចេញពី​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​ឆ្នាំ​២០១៩​។​

 
​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន​ជាតិ​ម៉ាឡេស៊ី Bernama កិច្ចសន្យា​របស់លោក Kim Swee ក្នុងនាម​គ្រូបង្វឹក​ក្រុម​ម៉ាឡេស៊ី​អាយុ​ក្រោម​២២​ឆ្នាំ នឹងត្រូវ​ដល់​កាលកំណត់​នៅ​ចុងបញ្ចប់​ខែធ្នូ​នេះហើយ​។ អគ្គលេខាធិការ FAM លោក Stuart Ramalingam បានបញ្ជាក់​អំពី​រឿងនេះ​នៅ​ថ្ងៃទី​៥ ខែធ្នូ​នេះ​តែម្តង​។​
 
«​កិច្ចសន្យា​របស់លោក Kim Swee ក្នុងនាម​ជា​គ្រូបង្វឹក​សម្រាប់​ក្រុម U22 និង U23 ដែល​នឹង​បញ្ចប់​នៅ​ចុងឆ្នាំ​២០១៩ នេះ នឹងមិន​បន្ត​ជាថ្មីទៀត​នោះទេ​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក Ramalingam​។​
 
​ការសម្រេច​មិន​បន្ត​កិច្ចសន្យា​ថ្មី​នេះ កើតឡើង​តែមួយ​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់ពី​ក្រុម​ជម្រើសជាតិ U22 ម៉ាឡេស៊ី​មិនអាច​ឆ្លងទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣០​នៅ​ហ្វីលីពីន ដោយ​ចាញ់​កម្ពុជា​ក្នុងជំនួប​ចុងក្រោយ​ពូ​ល A ក្នុង​លទ្ធផល ៣-១​។ ម៉ាឡេស៊ី ទទួលបាន​មេដាយប្រាក់​ក្នុង​វិញ្ញាសា​កីឡាបាល់ទាត់​បុរស​កាល​ពី​ឆ្នាំ​២០១៧ ក្នុងនាម​ជា​ម្ចាស់ផ្ទះ​។​
 
​លោក Ramalingam ក៏បាន​បង្ហាញ​ការសោកស្តាយ​ចំពោះ​ការសម្រេចចិត្ត​នេះដែរ ប៉ុន្តែ​លោក​ពិតជា​មានការ​ខកចិត្ត​យ៉ាងខ្លាំង​ចំពោះ​លទ្ធផល​នេះ​។ «​យើង​នឹង​កំណត់ពេល​វេលា​លើ​អ្វីដែល​បានកើត​ឡើង ហើយ​យើង​សង្ឃឹមថា​ការបង្ហាញ​ខ្លួន​មិនល្អ​របស់​ក្រុម​នឹងមិន​កើតឡើង​នៅពេល​អនាគត​។ យើង​សង្ឃឹមថា​បញ្ហា​នេះ​អាច​ប្រសើរ​ឡើងវិញ​»​។ នេះ​ជាការ​បញ្ជាក់បន្ថែម​រប​ស់អគ្គ​លេខាធិការ FAM៕



Tag:
 SEA Games
  Datuk Ong Kim Swee
  ម៉ាឡេស៊ី​
© រក្សាសិទ្ធិដោយ thmeythmey.com