រុស្ស៊ី​អាច​លេង​អូឡាំពិក​ក្រុង​តូ​ក្យូ​បាន​ទោះ​ជាប់​បម្រាម តែ​ស្ថិតក្រោម​វិន័យ​តឹងរ៉ឹង​
កីឡាអន្តរជាតិ
អន្តរជាតិ
រុស្ស៊ី​អាច​លេង​អូឡាំពិក​ក្រុង​តូ​ក្យូ​បាន​ទោះ​ជាប់​បម្រាម តែ​ស្ថិតក្រោម​វិន័យ​តឹងរ៉ឹង​
11, Dec 2019 , 9:19 pm        
រូបភាព
​រុស្ស៊ី​អាច​នឹងត្រូវ​ហាមឃាត់​មិន​ឲ្យ​ចូលរួម​ប្រកួត​កីឡា​អូឡាំពិក​ចំនួន​ពីរលើក បន្ទាប់ពី​ទីភ្នាក់ងារ​ប្រឆាំង​ការប្រើ​សារធាតុ​ញៀន​ពិភពលោក​( WADA) ពិន័យ​មិន​ឲ្យ​ចូលរួម​ព្រឹត្តិការណ៍​កីឡា​អន្តរជាតិ​ធំៗ​រយៈពេល​៤​ឆ្នាំ​។ យ៉ាងណា ទ្វារ​នៅតែ​បើកចំហ​សម្រាប់​ការចូលរួម​របស់​រុស្ស៊ី​នៅ​អូឡាំពិក​នា​ក្រុង​តូ​ក្យូ​ឆ្នាំ​២០២០ ប្រសិនបើ​អត្ត​ព​លិ​ក​អាចបំពេញ​តាម​លក្ខណវិនិច្ឆ័យ​តឹងរឹង​ដែល​បាន​កំណត់ដោយ WADA​។​


 
​ផ្លូវ​ឆ្ពោះទៅ​អូឡាំពិក​ដែល​ជប៉ុន​ធ្វើ​ម្ចាស់ផ្ទះ ប្រហែលជា​មិន​ងាយស្រួល​ទេ​សម្រាប់​រុស្ស៊ី បន្ទាប់ពី​ប្រទេស​នេះ​ត្រូវបាន WADA រកឃើញថា បាន​បន្លំ​ទិន្នន័យ​ក្នុង​មន្ទីរពិសោធន៍​ដែល​ធ្វើ​ឲ្យ​ឯកសារ​ស៊ើបអង្កេត​មិន​ស៊ីចង្វាក់​គ្នា​ជុំវិញ​ការធ្វើ​តេស្ត​រក​សារធាតុ​ខុសច្បាប់​នេះ​។​
 
​យ៉ាងណាក៏ដោយ អត្ត​ព​លិ​ក​រុស្ស៊ី​ដែល​ចង់​មាន​វត្តមាន​នៅឯ​កីឡា​អូឡាំពិក​ក្រុង​តូ​ក្យូ​ឆ្នាំ​២០២០ នៅតែ​អាច​ចូលរួមបាន ប៉ុន្តែ​ក្នុងនាម​ជា​ប្រទេស​អព្យាក្រឹត​ដោយ​ស្ថិតក្រោម​ទង់​អូឡាំពិក និង​បំពេញ​តាម​លក្ខខណ្ឌ​ដែល WADA កំណត់​។​
 
​ព្រឹត្តិការណ៍​អូឡាំពិក​ក្រុង​ឡុង​ដ៍​ឆ្នាំ​២០១២ ជាការ​ប្រកួត​កីឡា​អូឡាំពិក​រដូវក្តៅ​ចុងក្រោយ​របស់​រុស្ស៊ី​ដែល​គ្មាន​រឿងអាស្រូវ​ជុំវិញ​ការប្រើ​សារធាតុ​ញៀន ដោយ​កាលនោះ​ពួកគេ​បាន​បញ្ជូន​អត្ត​ព​លិ​ក​រហូតដល់​ចំនួន​៤៣៦​រូប ទៅ​ប្រជែង​មេដាយ​។​
 
៤​ឆ្នាំក្រោយ ពោលគឺ​នៅ​អូឡាំពិក​ក្រុង​រី​យ៉ូ ឆ្នាំ​២០១៦ អត្ត​ព​លិ​ក​រុស្ស៊ី​មួយចំនួន​ក្នុងចំណោម​២៨២​នាក់​បាន​បង្ក​ភាពចម្រូងចម្រាស​ជុំវិញ​ករណី​ប្រើប្រាស់​សារធាតុ​ប៉ូវ​កម្លាំង រហូត​ត្រូវ​ហាមឃាត់​ចូលរួម​ប្រកួត​ព្រឹត្តិការណ៍​កីឡា​ធំៗ​រយៈពេល​៤​ឆ្នាំ តាមរយៈ​ការប្រកាស​របស់ WADA នៅ​ថ្ងៃទី​៩ ខែធ្នូ ឆ្នាំ​២០១៩​។​
 
​ទោះយ៉ាងណា ជុំវិញ​ការហាម​អត្ត​ព​លិ​ក​រុស្ស៊ី ត្រូវ​សម្រេច​លើកចុងក្រោយ​ដោយ​អាស្រ័យ​លើ​តុលាការ​អាជ្ញាកណ្តាល​កីឡា (CAS) ខណៈដែល​រុស្ស៊ី​បានដាក់​បណ្តឹងឧទ្ធរណ៍​ដោយ​អះអាងថា​ពួកគេ​ទទួលរង​ភាពអយុត្តិធម៌​ពី​ការប្រកួតប្រជែង​នៅ​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន​ឆ្នាំក្រោយ​៕

Tag:
 WADA
  សារធាតុ​ហាមឃាត់
© រក្សាសិទ្ធិដោយ thmeythmey.com