ពន្ធដារ និង​ពន្ធគយ ប្រមូលបាន​ជាង​៥​ពាន់​លាន​ដុល្លារ​
ជាតិ
សេដ្ឋកិច្ច
ពន្ធដារ និង​ពន្ធគយ ប្រមូលបាន​ជាង​៥​ពាន់​លាន​ដុល្លារ​
13, Dec 2019 , 10:06 am        
រូបភាព
​ភ្នំពេញ​៖ គិត​ត្រឹម​ពាក់កណ្ដាល​ខែធ្នូ​នេះ ទាំងពន្ធគយ និង​ពន្ធដារ ប្រមូល​ពន្ធ​បាន ៥,៦៥២ លាន​ដុល្លារ ដែល​លើសពី​ផែនការ​កំណត់​ប្រមាណ ១,១០៤ លាន​ដុល្លារ​។ របាយការណ៍​ពន្ធ​នេះ ត្រូវបាន​បញ្ជា​ក់ដោយ​លោកនាយក​រដ្ឋមន្ត្រី​កម្ពុជា​។​

 
​សម្ដេច ហ៊ុន សែន បាន​សរសេរ​នៅលើ​ហ្វេ​ស​ប៊ុ​កថា ចំណូល​ដែលប្រមូល​បានដោយអគ្គនាយកដ្ឋានគយមាន​ចំនួន ៣,០១៣ លាន​ដុល្លារ លើស​ផែនការ​ប្រចាំឆ្នាំ​ប្រមាណ ៧៥៨ លាន​ដុល្លារ (​ស្មើនឹង​៣៣.៥% ) បើ​ធៀប​គម្រោង​កំណត់​ឲ្យ​ត្រូវ​ប្រមូលបាន ២,២៦០ លាន​ដុល្លារ ។ បើតាម​ប្រមុខ​រដ្ឋាភិបាល តួលេខ​ចំណូល​ពន្ធគយ​នេះ ដែល​គិត​ជា​មធ្យម គឺ​ប្រមូលបាន​ប្រមាណ​១០​លាន​ដុល្លារ​ក្នុង​មួយថ្ងៃៗ​។​
 
«​យើង​នៅសល់​ជិត​២០​ថ្ងៃ​ទៀត ដែល​មិនទាន់​បានគិត​បូក​ថែម ហើយ​ដែល​យើង​រំពឹងថា​ចំណូល​គយ​គឺ​នឹង​កើន​លើស​ផែនការ​ប្រមាណ​ជាង ៨០០​លាន​ដុល្លារ​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក​នាយករដ្ឋមន្ត្រី ដែល​អះអាងថា លទ្ធផល​នេះ កើតចេញពី​ប្រសិទ្ធភាព​នៃ​យុទ្ធសាស្ត្រ «​ចុង​ខ្សែ​ពីរ​នៃ​ចំណង​ខ្សែ​មួយ​» ក្នុងការ​គ្រប់គ្រង​ស្ថានភាព​នយោបាយ និង​ស្ថានភាព​ម៉ាក្រូសេដ្ឋកិច្ច​ឲ្យ​មាន​ស្ថិរ​ភាពរឹងមាំ​។​
 
​ងាក​មក​ចំណូល​ពន្ធដារ​វិញ គឺ​បាន​ប្រមូល​ចំណូល ២,៦៣៤ លាន​ដុល្លារ ដែល​លើស​ផែនការ​ប្រមាណ ៣៤៥ លាន​ដុល្លារ​។ ផែនការ​ប្រចាំឆ្នាំ បានកំណត់​ប្រមូល​ពន្ធដារ​ឲ្យ​បាន​ប្រមាណ ២,២៨៨ លាន​ដុល្លារ​។ ដូច្នេះ​បើ​សរុប​ទាំង​ចំណូល​ពន្ធគយ និង​ពន្ធដារ មាន​ចំនួន​៥,៦៥២ លាន​ដុល្លារ ដែល​ប្រមូលបាន​លើសពី​ផែនការ​កំណត់​ប្រមាណ ១,១០៤ លាន​ដុល្លារ ខណៈដែល​ច្បាប់​ផែនការ​ថវិកា​ពន្ធ​ទាំងពីរ​នេះ បាន​ដាក់ចេញ​គម្រោង​ប្រមូល​ប្រមាណ ៤,៥៤៨​លាន​ដុល្លារ​។ នេះ​បើតាម​សម្ដេច ហ៊ុន សែន​។​
 
​ប្រមុខ​រដ្ឋាភិបាល បាន​សង្កត់ធ្ងន់​ដូច្នេះ​ថា​៖«​បើ​យើង​បូករួម​ទាំង​២​ខែ​មុន យើង​អាច​ប៉ាន់ស្មាន​បាន​ថា​ចំណូល​លើស​ផែនការ​គឺ​នឹង​ឈានដល់ ១,៣០០​លាន​ដុល្លារ ដែលជា​ថវិកា​ដ៏​ល្អ​បានមកពី​ចំណូល​សារពើពន្ធ ហើយ​ដែល​មិនទាន់បាន​បូក​បញ្ចូល​ពី​ចំណូល​មិនមែន​សារពើពន្ធ​មាន ដូចជា​ចំណូល​បានមកពី​ថ្លៃ​ទិដ្ឋាការ​ទេសចរណ៍​, អាការ​យានដ្ឋាន​, អាកាសចរណ៍​,​ប័ណ្ណ​ចូល​ទស្សនា​អង្គ​វត្ត និង​ពី​ដី​កសិកម្ម​(​ដី​សម្បទាន​សេដ្ឋកិច្ច​ដែល​ជួល​ទៅ​ឲ្យ​ឯកជន​វិនិយោគ​)… ជាដើម​»​។​
 
​ក្រៅពី​ចំណូល​ពន្ធ​ខាងលើនេះ រាជរដ្ឋាភិបាល ក៏មាន​ថវិកា​ក្នុង​ដៃ​ជា​សាច់ប្រាក់​ប្រមាណ ៣,៥០០​លាន​ដុល្លារ ដែល​អាច​ប្រើប្រាស់​ដោះស្រាយ​បញ្ហា​បាន​ភ្លាមៗ​ផងដែរ ដោយ​មិនទាន់​បូក​បញ្ចូល​ពី​ទុនបម្រុង​អន្តរជាតិ​ប្រមាណ ១៥​ពាន់​លាន​ដុល្លារ និង មាស​ប្រមាណ​៣០​តោន​ទៀតផង​។​
 
«​កម្ពុជា​ដែល​បាន​ដើរ​មកដល់​ដំណាក់កាល​នេះ គឺ​ដោយសារ​មានការ​ចូលរួម​ពី​ប្រទេស​ជា​ដៃគូ ដៃគូ​វិនិយោគឯកជន និង​ពី​ជនរួមជាតិ​ទាំងអស់គ្នា ដែល​បាន​ចូលរួម​ថែរក្សា​ការពារ​សន្តិភាព និង​ចូលរួម​ទទួលខុសត្រូវ​បង់ពន្ធ​ទាំងអស់គ្នា ដើម្បី​កម្ពុជា​កាន់តែ​រីកលូតលាស់​ឆាប់រហ័ស​លឿន​ទៅមុខ​»​។ នេះ​ជាការ​លើកឡើង​របស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​អះអាងថា កំណើន​សេដ្ឋកិច្ចជាតិ ក្នុង​រង្វង់​ប្រមាណ ៧,១ ភាគរយ ដែលមាន​អត្រា​អតិផរណា​ត្រឹមតែ ២,៥ ភាគរយ​ប៉ុណ្ណោះ​៕

Tag:
 ​ហ៊ុន សែន​
  ពន្ធដារ​
  ពន្ធគយ​
  សេដ្ឋកិច្ច​
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម