កីឡាអន្តរជាតិ
អន្តរជាតិ
ក្រោយដាក់ទុនជាមួយក្លិបក្នុងស្រុក រូបសំណាករបស់ Ibrahimovic ត្រូវគេលួចកាត់ច្រមុះ
× រូបសំណាករបស់កីឡាករ Zlatan Ibrahimovic ដែលសង់នៅក្រៅកីឡដ្ឋាន Malmo ត្រូវគេលួចកាត់ច្រមុះចោល។
នេះមិនមែនជាសកម្មភាពបំផ្លាញរូបសំណាករបស់ Ibrahimovic លើកទី១ឡើយ។ មូលហេតុនៃការកាត់ច្រមុះនេះ កើតឡើងក្រោយមានដំណឹងថាអតីតខ្សែប្រយុទ្ធ Manchester United រូបនេះបានដាក់ទុនលើក្លិប Hammarby។ Hammarby ជាក្រុមគូប្រជែងរបស់ Malmo ដែលមានមូលដ្ឋានក្នុងលីគកីឡាបាល់ទាត់កំពូលរបស់ស៊ុយអែតដូចគ្នា។
Ibrahimovic អតីតប្រធានក្រុមជម្រើសជាតិស៊ុយអែត វ័យ៣៨ឆ្នាំ បានបង្ហាញខ្លួនលើកដំបូងក្នុងអាជីពកីឡាករបាល់ទាត់របស់ខ្លួនជាមួយក្រុម Malmo កាលពី២០ឆ្នាំមុន។ ការបំផ្លាចរូបសំណាកនេះ ត្រូវបានគេជឿជាក់ថាជាទង្វើរបស់ក្រុមអ្នកគាំទ្រ Malmo ដែលមិនពេញចិត្តចំពោះអ្វីដែល Ibrahimovic ធ្វើជាមួយក្រុមគូប្រជែង។
លោក Peter Linde ដែលជាវិចិត្រករបង្កើតរូបសំណាកនេះ ក៏បានអំពាវនាវសុំឲ្យបញ្ឈប់ការបំផ្លាញនេះបន្តទៀត។
Ibrahimovic សព្វថ្ងៃកំពុងប្រកបជាជីពជាមួយក្រុម LA Galaxy នៃលីគកីឡាបាល់ទាត់កំពូលអាមេរិក (MLS) ដោយបង្ហាញខ្លួន៥៦ប្រកួត និងស៊ុតបញ្ចូលទីបាន៥២គ្រាប់ ក្រោយចាកចេញពី Man Utd កាលពីឆ្នាំ២០១៨។ យ៉ាងណាក៏ដោយ អតីតសមាជិកក្រុម Ajax, Juventus, Inter Milan, Barcelona, AC Milan, Paris St-Germain រូបនេះ គ្រោងចាកចេញពីក្រុមនៅអាមេរិក នៅក្រោយបញ្ចប់រដូវកាលនេះ ហើយកំពុងសម្លឹងរកក្លិបថ្មីផងដែរ៕
Tag:
Zlatan Ibrahimovic
Malmo
© រក្សាសិទ្ធិដោយ thmeythmey.com