កូន​ផ្សោត​អាយុ​១១​ថ្ងៃ ត្រូវគេ​ប្រទះឃើញ​ងាប់​នៅ​អន្លង់​កាំ​ពី ខេត្តក្រចេះ​
ជាតិ
កូន​ផ្សោត​អាយុ​១១​ថ្ងៃ ត្រូវគេ​ប្រទះឃើញ​ងាប់​នៅ​អន្លង់​កាំ​ពី ខេត្តក្រចេះ​
25, Dec 2019 , 9:44 am        
រូបភាព
កូនផ្សោតដែលបានស្លាប់ (រូបភាពពីទំព័រហ្វេសប៊ុករបស់អង្គការ WWF)
កូនផ្សោតដែលបានស្លាប់ (រូបភាពពីទំព័រហ្វេសប៊ុករបស់អង្គការ WWF)
​ភ្នំពេញ​៖ កូន​ផ្សោត​អាយុ​១១​ថ្ងៃ ត្រូវគេ​ប្រទះឃើញ​ស្លាប់​អណ្ដែត​លើទឹក​ចម្ងាយ​ប្រមាណ​៧​គីឡូម៉ែត្រ ពី​អន្លង់​កាំ​ពី​ភាគ​ខាងជើង​នៃ​ទី​រួម​ខេត្តក្រចេះ កាលពី​ថ្ងៃទី​២២ ធ្នូ ឆ្នាំ​២០១៩​។ នេះ​បើតាម​ការចេញផ្សាយ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់​អង្គការ​មូលនិធិ​សកល​សម្រាប់​អភិរក្ស​ធនធានធម្មជាតិ​(WWF)​នៅ​ថ្ងៃទី​២៤ ធ្នូ ឆ្នាំ​២០១៩​។

 
​បច្ចុប្បន្ន​ក្រុមការងារ WWF កំពុង​ស្រាវជ្រាវ​រក​មូលហេតុ​នៃ​ការស្លាប់​របស់​កូន​ផ្សោត​នេះ​។ ជាមួយគ្នានេះដែរ អង្គការ WWF សរសេរ​បញ្ជាក់ថា កត្តា​មង​នេសាទ គឺជា​ការគំរាមកំហែង​ដ៏​ចម្បង ចំពោះ​ការរស់រាន​របស់​សត្វ​ផ្សោត​ទន្លេមេគង្គ​។ 
 
​ទន្ទឹមនេះ អង្គការ WWF បាន​អំពាវនាវ​ឱ្យ​ពង្រឹង​ការអនុវត្ត​ច្បាប់​ជលផល​ឱ្យបាន​តឹងរឹង និង​ពង្រឹង​ការហាម​ប្រាម​ដាច់ខាត​ចំពោះ​ការប្រើប្រាស់​មង​នេសាទ​។ អង្គការ WWF ស្នើ​ដល់​ក្រុមការងារ​ទាំងអស់ រួមមាន ឆ្មាំ​ទន្លេ រដ្ឋបាល​ជលផល​ខេត្តក្រចេះ និង​ស្ទឹងត្រែង រួមទាំង​អាជ្ញាធរ​ពាក់ព័ន្ធ​នានា បន្ត​រួម​សហការគ្នា​តាមដាន និង​បង្ក្រាប​រាល់​សកម្មភាព​នេសាទ​ខុសច្បាប់​នៅតាម​ដង​ទន្លេមេគង្គ​។​
 
​សូមបញ្ជាក់ថា ផ្សោត​នៅ​ឆ្នាំ​២០១៩​នេះ មានកូន​ផ្សោត​កើត​ចំនួន​១៣​ក្បាល​នៅ​ខេត្តស្ទឹងត្រែង​និង​ក្រចេះ​។ បច្ចុប្បន្ននេះ កម្ពុ​ជាមាន​ផ្សោត​ចំនួន​៩២​ក្បាល​កំពុង​រស់នៅក្នុង​ខេត្ត​ទាំងពីរ​នេះ​។  ដ្បិត​មាន​សត្វ​ផ្សោត​ចាប់កំណើត​ថ្មី​ច្រើនក្តី ប៉ុន្តែ​ក៏មាន​កូន​ផ្សោត​ងាប់​៧​ក្បាល​ដែរ បើ​គិត​ត្រឹម​ថ្ងៃទី​២២ ធ្នូ ឆ្នាំ ២០១៩​នេះ​៕
 
 

Tag:
 ផ្សោត​
© រក្សាសិទ្ធិដោយ thmeythmey.com