ពីនេះ ពីនោះ
ថ្ងៃ​ពុធ​នេះ អា សំណាង បន្ទោស អា សុធី រឿង​ពូកែ​ទើស​គេ ទើស​ឯង​ពេក​!
25, Dec 2019 , 10:40 am        
រូបភាព
ដោយ: ថ្មីៗ
​ជា​រៀងរាល់ថ្ងៃ សំណាង និង សុធី តែងតែ​ងើប​ពី​ព្រលឹម​មក​ផឹក​កាហ្វេ​នៅ​កន្លែង​ដដែល ហើយ​វា​ស្ទើរតែ​ក្លាយទៅជា​ទម្លាប់​ទៅហើយ​។ តែ​នៅ​ថ្ងៃ​ពុធ​ទី​២៥​ខែធ្នូ​នេះ សុធី មក​យឺត​ខ្លាំង​មែនទែន រហូត​ធ្វើ​ឲ្យ សំណាង ខឹងច្រឡោត​។

 
​សំណាង​៖ អ្ហែង មក​យឺត​ម្ល៉េះ​? ណាត់គ្នា​ម៉ោង​៧​ព្រឹក តែ​ឥឡូវ ម៉ោង​ជិត​៩​ហើយ​។ អញ​ផឹក​កាហ្វេ​ម្នាក់ឯង អត់​ឆ្ងាញ់​សោះ​។ 
 
សុធី​៖ ស្ទះ​ចុយ​ម្រា​យ​ហើយ​ព្រឹក​នេះ​។ សាលាក្រុង​ភ្នំពេញ គ្មាន​ចេះ​ដោះស្រាយ​រឿង​ចរាចរណ៍​ទេ​។ អញ​លឺ​តែ​អួត​រឿង​ដោះស្រាយ តែ​រាប់​ឆ្នាំ​ហើយ​គ្មាន​ឃើញ​អី​សោះ ផ្ទុយទៅវិញ វា​កាន់តែ​ធ្ងន់ធ្ងរ​ជាង​មុន​។ 
 
​សំណាង​៖ កុំ​ច្រឡោត​ពេក អា សុធី គេ​ដោះ​ខ្លះៗ​ហើយ អា សុធី​។ តែ​គេ​មិនអាច​ដោះស្រាយ​មួយថ្ងៃ​ឲ្យ​បាន​ទាំងអស់​ទេ អ្ហា​! 
 
​សុធី​៖ អា​ផ្លូវ​ស្ទះ​ហើយ អា​អ្នកលក់​នៅលើ​ចិញ្ចើមផ្លូវ​នៅតែ​លក់ ដោះ​អត់​ចេញ​ទេ​។ សាលាក្រុង​ធ្វើ​អត់​ចេញ​ទេ លឺ​តែ​អួត​។ 
 
​សំណាង​៖ សាលាក្រុង​ធ្វើ​បណ្តើរៗ​ហើយ​។ គេ​សម្អាត​ចិញ្ចើមផ្លូវ​មួយចំនួនធំ​ហើយ​។ ស្ងប់​អារម្មណ៍​ខ្លះទៅ សុធី​។ 
 
​សុធី​៖ អ្នកបើកបរ​អត់​ចេះ​ច្បាប់​។ បើករ​ញ៉េ រ​ញ៉ៃ​។ 
 
​សំណាង​៖ សុធី តាមពិត មាន​អ្នកចេះ​ច្បាប់​ច្រើន​នាក់ តែ​ក៏មានដែរ អ្នក​អត់​ចេះ និង​មិន​គោរព​នោះ​។ ទ្រាំៗ​បន្តិច​ទៅ អា សុធី​។ អ្ហែង​កុំ​ពូកែ​ទើស​គេ​ពេក ទ្រាំៗ​ទៅ​។ ប្រទេស​យើង​ទើប​ងើប​ពី​សង្គ្រាម ងើប​ពី​សូន្យ​។ ដូច្នេះ វា​ត្រូវការ​ពេលវេលា​អប់រំ​ប្រជាពលរដ្ឋ និង​មន្ត្រី​ឲ្យ​យល់​ទាំងអស់គ្នា​។ អ្វីៗ​ត្រូវការ​ពេលវេលា​ណា អា សុធី​៕ 
 
​ផឹក​កាហ្វេ​អស់​ម្នាក់​មួយ​កែវ សំឡាញ់​ទាំងពីរ​នាក់​បែក​គ្នា​នៅ​ម៉ោង​១១​ព្រឹក​នៅ​ថ្ងៃ​ពុធ​ទី​២៥​ខែធ្នូ​ឆ្នាំ​២០១៩ ហើយ​ទាំងពីរ​នាក់​សន្យា​ជួបគ្នា​នៅ​ថ្ងៃស្អែក​បន្តទៀត​៕ 

© រក្សាសិទ្ធិដោយ thmeythmey.com