ភ្នំពេញថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០១៩៖ វគ្គបណ្តុះបណ្តាល Samsung Tech Institute មានរយៈពេល ៨ សប្តាហ៍ សហការរៀបចំដោយវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស និងក្រុមហ៊ុនសាមសុងអេឡិចត្រូនិកកម្ពុជា លើមុខជំនាញជួសជុល ទូរស័ព្ទដៃទំនើបថ្មីៗ និងបរិក្ខារអេឡិចត្រូនិក សាមសុង។ វគ្គបណ្តុះបណ្តាលនេះ ដែលមានសិក្ខាកាមចូលរួមសរុបចំនួន ៥០នាក់នោះ នៅពេលនេះ បានបញ្ចប់ជាស្ថាពរហើយ។
លោក សឹងហូរ ឆយ (Mr. Seungho Choi) អគ្គនាយកសាខាក្រុមហ៊ុនថៃ សាមសុង អេឡិចត្រូនិកប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា គោលដៅនៃវគ្គបណ្តុះបណ្តាល Samsung Tech Institute គឺដើម្បីបណ្តុះធនធានមនុស្ស ផ្នែកអេឡិចត្រូនិកនៅក្នុងប្រទេសកម្ពុជា ដោយផ្តល់នូវចំណេះដឹងច្បាស់លាស់ដល់សិស្ស អំពីទ្រឹស្តី និងការអនុវត្តជាមួយនឹងផលិតផលអេឡិចត្រូនិកទំនើបៗ ដែលត្រូវបានប្រើប្រាស់ជុំវិញពិភពលោក។
លោក សឹងហូរ ឆយ បានបន្តថា៖«នៅសាមសុង យើងឲ្យតម្លៃខ្ពស់ក្នុងការចូលរួមអភិវឌ្ឍសង្គម សម្រាប់ភាពរីកចម្រើនក្នុងសហគមន៍។ យើងចង់ឲ្យប្រាកដថា សិស្សទាំងអស់ដែលបានបញ្ចប់ការសិក្សា ពីវគ្គបណ្តុះបណ្តាលនេះ នឹងអាចប្រើប្រាស់ជំនាញ ចំណេះដឹងរបស់ពួកគេ ដើម្បីស្វែងរកការងារល្អ ជាមួយប្រាក់ខែខ្ពស់ ដើម្បីផ្គត់ផ្គង់ក្រុមគ្រួសាររបស់ពួកគេ ក៏ដូចជាចូលរួមក្នុងការអភិវឌ្ឃសង្គមជាតិ»។
ក្នុងឱកាសបិទវគ្គបណ្តុះបណ្តាលនេះដែរ លោក យ៉ោក សុទ្ធី នាយកវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស បានកោតសរសើរ និងរីករាយក្រៃលែង ចំពោះក្រុមហ៊ុនសាមសុង ក្នុងការលើកកម្ពស់វិស័យបច្ចេកវិទ្យា នៅក្នុងប្រទេសកម្ពុជា។ លោកបានថ្លែងថា៖« តាំងនាមឱ្យវិទ្យាសា្ថនទាំងមូលខ្ញុំ សូមអរគុណដល់ក្រុមហ៊ុនសាមសុង ដែលបានបង្កើតវគ្គបណ្តុះបណ្តាល Samsung Tech Institute នេះឡើង ដើម្បីឲ្យសិក្ខាកាមទាំងអស់បានដឹង ពីភាពជឿនលឿននៃបច្ចេកវិទ្យាបច្ចុប្បន្ន ដែលយើងនឹកស្មានមិនដល់។ ខ្ញុំជឿជាក់ថា សិស្សដែលបានបញ្ចាប់វគ្គបណ្តុះបណ្តាលនេះ នឹងអាចប្រើប្រាស់ចំណេះដឹងរបស់ខ្លួន ដើម្បីកសាងអាជីពឲ្យកាន់តែប្រសើរ ក៏ដូចជាចូលរួចជួយសង្គម»។
កញ្ញា ប៉េង លីណា ជាសិស្សម្នាក់ក្នុងចំណោមសិស្សទាំងអស់ ដែលបានបញ្ចប់វគ្គបណ្តុះបណ្តាល Samsung Tech Institute បានឲ្យដឹងថា នាងស្រឡាញ់វិស័យអេឡិចត្រូនិក និងមានបំណងបើកមុខរបរផ្ទាល់ខ្លួន ទៅថ្ងៃអនាគត។
សិស្សវ័យ ២១ឆ្នាំរូបនេះបានថ្លែងថា ៖«ខ្ញុំមានបំណងចូលរៀនវគ្គនេះយូរណាស់ហើយ គឺដើម្បីពង្រឹងជំនាញរបស់ខ្ញុំបន្ថែមទៀត និងជួយឲ្យនាងខ្ញុំ ងាយស្រួលក្នុងការបំពេញក្ដីស្រមៃ ហើយប្រើប្រាស់ជំនាញរបស់ខ្ញុំ ដើម្បីបើកកន្លែងជុសជុលគ្រឿងអេឡិចត្រូនិកគ្រប់ប្រភេទ»។
កម្មវិធីបណ្តុះបណ្តាល Samsung Tech Institute ដែលបានបង្កើតឡើងមកនេះ គឺពិតជាមានសារៈសំខាន់បំផុត ក្នុងការអភិវឌ្ឍន៍សមត្ថភាពដល់សិក្ខាកាមជំនាន់ក្រោយ ឱ្យមានជំនាញ ចំណេះដឹង និងទេពកោសល្យ ក៏ដូចជាពង្រីកនូវឱកាសការងារ ឱ្យមានភាពកាន់តែទូលំទូលាយ ជូនដល់សិស្សនិស្សិតកម្ពុជាផងដែរ។ ក្រុមហ៊ុនសាមសុងកម្ពុជា ក៏បានថ្លែងអំណរគុណផងដែរ ដល់លោកគ្រូ អ្នកគ្រូ សាស្ត្រាចារ្យ និងគណៈគ្រប់គ្រងទាំងអស់ នៃវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) ដែលធ្វើឱ្យវគ្គសិក្សានេះចេញជាផ្លែផ្កា និងបញ្ចប់ដោយជោគជ័យ៕
(អត្ថបទពាណិជ្ជកម្ម)