អន្តរជាតិ
ប្រមុខកងទ័ពតៃវ៉ាន់ និងមនុស្ស៧នាក់ទៀតស្លាប់ក្នុងហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រ ឧត្តមសេនីយ៍ Shen Yi-min ប្រធានសេនាធិការកងទ័ពតៃវ៉ាន់ បានបាត់បង់ជីវិតក្នុងហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រនៅថ្ងៃទី២ ខែមករា។
× នាយសេនាធិការកងទ័ពតៃវ៉ាន់ ឧត្តមសេនីយ៍ Shen Yi-ming បានបាត់បង់ជីវិតហើយក្នុងហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រនៅថ្ងៃទី២ ខែមករា។ នេះបើតាមបញ្ជាក់របស់ក្រសួងការពារជាតិតៃវ៉ាន់។
ហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រនៅតៃវ៉ាន់ នៅថ្ងៃទី២ ខែមករាដើមឆ្នាំ២០២០ បានសម្លាប់មនុស្ស៨នាក់រួមទាំងនាយសេនាធិការកងទ័ព ឧត្តមសេនីយ៍ទ័ពអាកាស Shen Yi-ming ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP ដែលស្រង់ប្រភពពីអ្នកនាំពាក្យក្រសួងការពារជាតិតៃវ៉ាន់។
ក្នុងហេតុការណ៍នេះ លោក Shen ត្រូវបានប្រកាសថា បានបាត់ខ្លួនបន្ទាប់ពីឧទ្ធម្ភាគចក្រ UH-60M ដែលមានមនុស្សជិះ១៣នាក់ ធ្លាក់នៅតំបន់ភ្នំក្បែររដ្ឋធានីតៃប៉ិ។ ក្រៅពីលោក Shen មនុស្ស៧នាក់ទៀត ក៏ត្រូវបញ្ជាក់ថា បានស្លាប់ផងដែរ ហើយ៥នាក់នៅមានជីវិត។
ឧទ្ធម្ភាគចក្រម៉ាក Black Hawk បានចាកចេញពីបន្ទាយទ័ពអាកាស Songshan ក្នុងដំណើរទៅកាន់តំបន់ Yilan ដែលលោក Shen ត្រូវចុះសួរសុខទុក្ខទាហាននាឱកាសបុណ្យចូលឆ្នាំប្រពៃណី៕
© រក្សាសិទ្ធិដោយ thmeythmey.com