អន្តរជាតិ
WHO ប្រកាសអាសន្ន​សកល ខណៈ​អ្នកស្លាប់​ព្រោះ​កូ​រ៉ូ​ណាវី​រុស​ឡើងដល់ ២១៣​នាក់
31, Jan 2020 , 6:55 am        
រូបភាព
អគ្គនាយក WHO លោក Tedros Adhanom Ghebreyesus (ស្តាំ) និងមន្ត្រី WHO លោក Michael Ryan នាសន្និសីទកាសែត។ រូបថត AFP
អគ្គនាយក WHO លោក Tedros Adhanom Ghebreyesus (ស្តាំ) និងមន្ត្រី WHO លោក Michael Ryan នាសន្និសីទកាសែត។ រូបថត AFP
ដោយ:
តួលេខ​អ្នកស្លាប់​ដោយសារ​ការឆ្លង​កូ​រ៉ូ​ណាវី​រុស​ប្រភេទ​ថ្មី បាន​ប៉ោង​ឡើងដល់ ២១៣ នាក់ ក្នុងប្រទេស​ចិន បន្ទាប់ពី​ខេត្ត Hubei បាន​រាយការណ៍​ថា មាន​អ្នកស្លាប់ ៤២​នាក់​ថ្មី នៅ​ព្រឹកម៉ោង៧ ថ្ងៃ​សុក្រ ទី៣១ មករា នេះ​។



​គណៈកម្មការ​សុខាភិបាល​ខេត្ត Hubei បានប្រកាសថា អ្នកស្លាប់​ព្រោះ​ជំងឺ​រលាក​សួត​ដែល​បង្កឡើង​ដោយ​ណូ​វែ​ល​កូ​រ៉ូ​ណាវី​រុស បាន​កើនឡើង​៤២ នាក់​ថ្មី គិត​ត្រឹម​ដំណាច់​ថ្ងៃ​៣០ មករា​។ តួលេខ​នេះ បានធ្វើ​ឲ្យ​អ្នកស្លាប់​សរុប​ក្នុង​ខេត្ត​ដែលជា​ចំណុច​ផ្តើម​នៃ​ការផ្ទុះ​ជំងឺ​នេះ កើនឡើង​២០៤​នាក់​ហើយ​។

​បើតាម​ការចុះផ្សាយ​រប​ស់​ទូរទស្សន៍​សិង្ហ​បុរី អាជ្ញាធរខេត្ត​នេះ បានប្រកាស​រកឃើញ​ក​រ​ណី​ថ្មី ១២២០ ករណី​ទៀត ដែល​ធ្វើ​ឲ្យ​ករណី​ឆ្លង​សរុប ៥៨០៦​។

​សូមបញ្ជាក់ថា តួលេខ​អ្នកស្លាប់​ថ្មី​នេះ កើតឡើង​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះក្រោយ​អង្គការ​សុខភាព​ពិភពលោក (WHO) បានប្រកាស​អាសន្ន​ជា​សកល​អំពី​វីរុស​ដ៏​កាច​សាហាវ​នេះ ដែល​បាន​ឆ្លង​រាលដាល​នៅ​ប្រទេស​ជាច្រើន​ជុំវិញ​ពិភពលោក​។

បើតាម​AFP លោក Tedros Adhanom Ghebreyesus ប្រធាន​អង្គការ​សុខភាព​ពិភពលោក​បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ទីក្រុង​ហ្សឺ​ណែវ​ថា​៖«​ការព្រួយបារម្ភ​ដ៏​ធំ​បំផុត​របស់​យើង​គឺ​លទ្ធភាព​នៃ​វីរុស​រាលដាល​ដល់​បណ្តា​ប្រទេស​ដែលមាន​ប្រព័ន្ធ​សុខភាព​ខ្សោយ​ជាង​មុន​»​។ ត្រង់នេះ លោក សង្កត់ធ្ងន់ថា​៖«​ឥឡូវ​យើង​ត្រូវធ្វើ​សកម្មភាព​រួមគ្នា ដើម្បី​ទប់ស្កាត់​ការ​រាលដាល​កាន់តែខ្លាំង​ថែមទៀត​។ លោក អះអាងថា​វី​ធី​សាស្ត្រ​តែ​គត់​ដែល​អាច​បញ្ឈប់​វា​បាន គឺ​ប្រទេស​ទាំងអស់​ត្រូវ​រួបរួមគ្នា​។​

​យ៉ាងណាមិញ​លោក Tedros បាន​លើកឡើងថា ការ​រឹតត្បិត​ការធ្វើដំណើរ​និង​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ចិន គឺជា​រឿង​មិនចាំបាច់​ឡើយ​ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​នៃ​វីរុស​នេះ ដែល​បាន​រាលដាល​ដល់​ប្រទេស​ចំនួន ១៥ ផ្សេងទៀត​នៅ​ទូទាំង​ពិភពលោក​៕​




Tag:
 កូរ៉ូណាវីរុស
© រក្សាសិទ្ធិដោយ thmeythmey.com