អន្តរជាតិ
ស្ត្រី​វៀតណាម​ជា​អ្នក​ទទួលភ្ញៀវ​សណ្ឋាគារ​ម្នាក់​ឆ្លង​កូ​រ៉ូ​ណាវី​រុស
01, Feb 2020 , 4:02 pm        
រូបភាព
ប្រភពរូប៖ Vietnam Express
ប្រភពរូប៖ Vietnam Express
ដោយ:
​ស្ត្រី​ជនជាតិ​វៀតណាម​ដែល​បាន​បម្រើការ​ជា​អ្នក​ទទួលភ្ញៀវ​នៅ​សណ្ឋាគារ​មួយកន្លែង ក្នុង​ទីក្រុង Nha Trang ខេត្ត Khanh Hoa បាន​ឆ្លង​ជំងឺ​រលាក​សួត​ដែល​បង្កដោយ​ណូ​វែ​ល​កូ​រ៉ូ​ណាវី​រុស ក្រោយ​ជួប​ជនជាតិ​ចិន​២​នាក់​។ គិត​មក​ត្រឹម​ពេលនេះ ប្រទេស​វៀតណាម បាន​រកឃើញ​ករណី​ឆ្លង​វីរុស​នេះ​ចំនួន ៦​នាក់​ហើយ​។​

 
​លោក Nguyen Dac Tai មន្ត្រីជាន់ខ្ពស់​ម្នាក់​ប្រចាំខេត្ត Khanh Hoa  បាន​បញ្ជាក់ថា អ្នកជំងឺ​ដែល​ត្រូវបាន​ដាក់​ឲ្យ​នៅ​ដោយឡែក​នៅ​មន្ទីរពេទ្យ​មួយកន្លែង​ក្នុង​ទីក្រុង​នេះ មាន​សុខភាព​ល្អប្រសើរ​ជា​បន្តបន្ទាប់​។ នេះ​បើតាម​ការចុះផ្សាយ​របស់​សារព័ត៌មាន Vietnam Express នៅ​ថ្ងៃ​១ ខែកុម្ភៈ​។​
 
​ស្ត្រី​អាយុ​២៥​ឆ្នាំ​រូបនេះ ធ្វើការ​ជា​អ្នកទទួល​ភ្ញៀវ​នៅ​សណ្ឋាគារ​មួយកន្លែង​ក្នុង​ទីក្រុង Nha Trang នៃ​ខេត្ត Khanh Hoa ។ កាលពី​ថ្ងៃ​១៦ មករា លោក li Dang អាយុ ៦៦​ឆ្នាំ មកពី​ក្រុង វូ​ហាន ហើយ​កូនប្រុស ឈ្មោះ Li Zi Chao អាយុ ២៨​ឆ្នាំ បានមក​សម្រាក​នៅ​សណ្ឋាគារ​ដែល​នាង​ធ្វើការ​។ ស្ត្រី​ជា​អ្នកទទួល​ភ្ញៀវ​រូបនេះ បាន​ទាក់ទង និង​រៀបចំ​បន្ទប់​មួយ​សម្រាប់​ពួកគេ​។ ២​ថ្ងៃ​ក្រោយមក នាង មាន​រោគសញ្ញា​ក្អក ក្តៅខ្លួន ក៏ប៉ុន្តែ​នាង​បាន​ទៅ​ទិញ​ថ្នាំលេប​។​
 
​ក្រោយមក នៅ​ថ្ងៃទី ២៤ ខែមករា ក្រោយ​ដឹង​ដំណឹង​ថា លោក Li Ding និង​កូនប្រុស បាន​ឆ្លង​វីរុស​នេះ ហើយ​ពួកគេ​ធ្លាប់បាន​ធ្វើដំណើរ​ទៅកាន់​ក្រុង Nha Trang អាជ្ញាធរខេត្ត Khanh Hoa បានដាក់​ស្ត្រី​នេះ​ឲ្យ​នៅ​ដាច់ដោយឡែក ហើយ​យក​សំណាក​របស់​នាង​បញ្ជូន​ទៅកាន់​បន្ទប់ពិសោធន៍ ក្នុង​ទីក្រុង ហូជីមិញ ។ លទ្ធផល បាន​បង្ហាញថា នាង​បាន​ឆ្លង​កូ​រ៉ូ​ណាវី​រុស ដែលជា​ករណី​ទី​៦​ហើយ​ក្នុងប្រទេស​វៀតណាម​។​
 
​ក្រៅពី​ករណីនេះ ក៏មាន​មនុស្ស ២៣ នាក់ ផ្សេងទៀត កំពុង​ត្រូវ​បានដាក់​ឲ្យ​នៅ​ដាច់ដោយឡែក​ក្នុង​មន្ទីរពេទ្យ Khanh Hoa Tropical ព្រោះ​មាន​រោគសញ្ញា​ក្តៅខ្លួន​។ ក្នុងចំណោម​អ្នក​ទាំងនោះ ៧ នាក់ គឺជា​ជនជាតិ​ចិន ហើយ​អ្នកដទៃ​ទាំងអស់​ផ្សេងទៀត​គឺ​ជនជាតិ​វៀតណាម​។ អ្នកជំងឺ​ទាំងអស់​មាន​សុខភាព​ល្អ ក៏ប៉ុន្តែ​ត្រូវការ​ពិនិត្យ និង​រង់​ចាំមើល​លទ្ធផល​ធ្វើតេស្ត​៕

© រក្សាសិទ្ធិដោយ thmeythmey.com