អត្ថបទពាណិជ្ជកម្ម
ទស្សនវិស័យ​លើ​ការថែទាំ​ព្យាបាល​ជំងឺ​បេះដូង​និង​សរសៃឈាម​
02, Feb 2020 , 3:16 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖​ក្រុមហ៊ុន​អា​លី​យ៉ង់​ហ្វា​ម៉ា​កាំ​បូដ ឡា​បូ សាណូ​ហ្វី បាន​សហការ​ជាមួយ​សមាគម​គ្រូពេទ្យ​បេះដូង​កម្ពុជា​រៀបចំ​សិក្ខាសាលា​ក្រោម​ប្រធានបទ​៖ ”​ទស្សនវិស័យ​លើ​ការថែទាំ​ព្យាបាល​ជំងឺ​បេះដូង​និង​សរសៃឈាម​” នៅ​សណ្ឋាគារ​ភ្នំពេញ នា​ថ្ងៃទី​១ ខែកុម្ភៈ ឆ្នាំ​២០២០​។ វេទិកា​នេះ មានការ​ចូលរួម​ពី​សំណាក់​គ្រូពេទ្យ​ឯកទេស​ជំងឺ​បេះដូង​សរសៃឈាម គ្រូពេទ្យ​ឯកទេស​ផ្សេងៗ​ទៀត និង​គ្រូពេទ្យ​ព្យាបាល​ជំងឺ​ទូទៅ ដែល​ភាគច្រើន​ជា​សមាជិក សមាជិកា​របស់​សមាគម​គ្រូពេទ្យ​បេះដូង​កម្ពុជា​។​
 
​លោក​សាស្ត្រាចារ្យ​មហា​បរិ​ញ្ញា វេជ្ជបណ្ឌិត សុខ ជួរ ប្រធាន​ផ្នែក​អគារ​បេះដូង​នៃ​មន្ទីរពេទ្យ​កាល់ម៉ែ​ត្រ និង​ជា​ប្រធាន​សមាគម​គ្រូពេទ្យ​បេះដូង​កម្ពុជា​បាន​មានប្រសាសន៍ថា​៖ «​ប្រព័ន្ធ​សុខាភិបាល​របស់​ព្រះរាជាណាចក្រ​កម្ពុ​ជាមាន​ការ​ជឿនលឿន​គួរ​ឲ្យ​កត់សម្គាល់​នៅ​ទ​ស្សវ​ត្យ​ចុង​ក្រោយនេះ​ជាមួយនឹង​ការបង្កើន​ថវិកា​ចំណាយ​របស់​រាជរដ្ឋាភិបាល​ដើម្បី​គាំទ្រ​សេចក្តីត្រូវការ​របស់​ប្រជាជន​កម្ពុជា និង​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ​» ។ មួយវិញទៀត​លោក​សាស្ត្រាចារ្យ​ក៏បាន​បញ្ជាក់​បន្ថែមទៀត​ថា សិក្ខាសាលា​ជំងឺ​បេះដូង និង​សរសៃឈាម គឺជា​ការ​ដុះខាត់​នៅ​ចំណេះដឹង​ដើម្បី​យកមកអនុវត្ត​ក្នុង​វិស័យ​វេជ្ជសាស្ត្រ​នៅក្នុង​ការព្យាបាល និង​ណែនាំ​ការថែទាំ​សុខភាព​អ្នកជំងឺ​ប្រកបដោយ​ប្រសិទ្ធភាព​។​


 
​លោក​វេជ្ជបណ្ឌិត ថេ​ង យូ​ដាលីន ឯកទេស​ជំងឺ​បេះដូង​នៃ​មន្ទី​ពេទ្យ​កាល​ម៉ែត្រ​បាន​មានប្រសាសន៍ថា​៖ «​តួលេខ​ជា​ផ្លូវការ​បាន​ឲ្យ​ដឹងថា នៅ​ឆ្នាំ​២០១០​ចំនួន​អ្នក​កើត​ជំងឺ​លើ​សម្ពាធ​ឈាម (​លើសឈាម​) កើន​ដល់ ១៣​ភាគរយ​នៃ​ប្រជាជន​ទូទាំងប្រទេស ហើយ​មកដល់​ពេលបច្ចុប្បន្ន​ចំនួន​អ្នក​លើស​សម្ពាធ​ឈាម​នឹងមាន​ការកើនឡើង​បន្តទៀត​»​។ 
 
​លោក​វេជ្ជបណ្ឌិត​បានបញ្ជាក់​ទៀតថា ដើម្បី​កាត់បន្ថយ​ជំងឺ​ប្រភេទ​នេះ​សម្រាប់​អ្នក​មិនទាន់​កើត និង​អ្នក​កើត​គឺ​ត្រូវ​កាត់បន្ថយ​ការបរិភោគ​ជាតិ​ប្រៃ អាហារ​ដែល​សម្បូរ​ជាតិ​ខ្លាញ់ ការឈប់​ជក់បារី និង​ការកាត់បន្ថយ​ទទួលទាន​គ្រឿង​ស្រវឹង ហើយ​បែរ​មកលេង​កីឡា​វិញ​។ ទាំងនេះហើយ​ទើប​អាចជួយ​កាត់បន្ថយ​ជំងឺ​នេះ​មួយ​ភាគ​ធំ និង​ទទួលទាន​ថ្នាំ​យូ​អង្វែង​អស់​មួយជីវិត​សំរាប់​អ្នក​ដែល​កើត​ជំងឺ​លើស​សម្ពាធ​ឈាម​។​
 
​លោក​វេជ្ជបណ្ឌិត លីវ ឈី​ញ ឯកទេស​ជំងឺ​បេះដូង​នៃ​មន្ទី​ពេទ្យ​កាល​ម៉ែត្រ​បាន​មានប្រសាសន៍​ដែរ​ថា​៖«​ចំពោះ​អ្នក​កើត​ជំងឺ​លើស​សម្ពាធ​ឈាម​អាច​ប្រឈម​ទៅនឹង​ជំងឺ​បេះដូង​នៅពេល​ក្រោយ ដែល​អាច​បង្ករ​ឲ្យ​មាន​អាកា​រៈ​ចុក​ដើមទ្រូង​ខ្លាំង​នឹង​អាចឈាន​ទៅដល់​ការស្ទះ​សរសៃឈាម​ក្នុង​បេះដូង​ឈានទៅដល់​ការប៉ះពាល់​ដល់​អាយុជីវិត​»​។​


 
​ក្រសួងសុខាភិបាល​នៅតែ​បន្ត​យកចិត្តទុកដាក់​ដោះស្រាយ​បញ្ហា​ជំងឺមិនឆ្លង​ដែល​ក្នុងនោះ​រួមមាន​ជំងឺ​បេះដូង​និង​សរសៃឈាម​។ ទោះជា​យ៉ាងណាក៏ដោយ ជំងឺ​បេះដូង​និង​សរសៃឈាម​នៅតែមាន​ចំនួន​អ្នកស្លាប់​យ៉ាងច្រើន​នៅ​កម្ពុជា​។ ជំងឺ​លើស​សម្ពាធ​ឈាម​និង​ជំងឺ​ស្ទះ​សរសៃឈាម​បេះដូង​គឺជា​ជំងឺ​កើតមាន​ជា​ញឹកញាប់​បំផុត ក្នុងចំណោម​ជំងឺ​បេះដូង​និង​សរសៃឈាម និង​មាន​អត្រា​ស្លាប់​ច្រើនជាងគេ​។ ការស្ទង់មតិ​ថ្នាក់ជាតិ​ឆ្នាំ​២០១០​បាន​បង្ហាញថា ជំងឺ​លើស​សម្ពាធ​ឈាមមាន​អត្រា​ប្រេ​វ៉ាឡង់​១២,៣​ភាគរយ​។ 
 
​បន្ទុក​ដ៏​ធំ​មួយ​នៃ​ជំងឺ​លើស​សម្ពាធ​ឈាម នៅតែ​មិនទាន់​បានដឹង​ច្បាស់​នៅឡើយ ពោលគឺ​មានតែ​៤៥,៤​ភាគរយ​នៃ​អ្នកជំងឺ​លើស​សម្ពាធ​ឈាម​ទាំងអស់ ត្រូវបាន​គ្រូពេទ្យ​រកឃើញថា មាន​ជំងឺ​លើស​សម្ពាធ​ឈាម​។ លើសពីនេះទៅទៀត​មាន​អ្នកជំងឺ​តិចតួច​ប៉ុណ្ណោះ ក្នុងចំណោម​អ្នកជំងឺ ដែល​ដឹងថា​កើត​ជំងឺ​លើស​សម្ពាធ​ឈាម​ដែល​គ្រប់គ្រង​សម្ពាធ​ឈាម​បាន​ត្រឹមត្រូវ ដល់​គោលដៅ​ដែល​គ្រូពេទ្យ​បានកំណត់ (២៨,៦​ភាគរយ​)​។ នេះ​ជា​ក្តីបារម្ភ​សម្រាប់​ប្រជាជន​កម្ពុជា ព្រោះ​យើង​អាច​នឹង​មើលឃើញ​ពី​ចំនួន​ប្រជាជន​វ័យ​ចំណាស់​កាន់តែ​ច្រើនឡើងៗ ដែល​រស់នៅ​ជាមួយ​បញ្ហា​សុខភាព​និង​ពិការភាព ដែល​បណ្តាលមកពី​ជំងឺ​បេះដូង​និង​សរសៃឈាម​។ ដូចនេះ​វា​មាន​សារសំខាន់​ណាស់​ក្នុងការ​បញ្ឈប់​បញ្ហា​នេះ​ឲ្យ​បាន​ឆាប់​។ ចូរ​ចងចាំ​ថា ការ​ជឿនលឿន​ខាង​វេជ្ជសាស្ត្រ​និង​បច្ចេកវិទ្យា​តែឯង​មិន​គ្រប់គ្រាន់ ដើម្បី​ដោះស្រាយ​បញ្ហា​ដែល​បណ្តាលមកពី​ជំងឺ​បេះដូង​និង​សរសៃឈាម​ទេ​។ ការការពារ​នៅតែមាន​សារសំខាន់​។ របៀប​រស់នៅ​ប្រកបដោយ​សុខភាព​ល្អ និង​រក្សា​ទម្ងន់​ឲ្យ​បាន​សមស្រប​នឹង​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​រ៉ាំរ៉ៃ​ដូចជា ជំងឺ​លើស​សម្ពាធ​ឈាម លើស​ជាតិ​ខ្លាញ់ និង​ជំងឺ​ទឹកនោមផ្អែម ដែលជា​កត្តា​គ្រោះថ្នាក់​ចម្បង​នៃ​ជំងឺ​បេះដូង​និង​សរសៃឈាម​។ កត្តា​ហានិភ័យ​ទាំងនេះ​ត្រូវ​ដោះស្រាយ​ឲ្យ​បាន​ឆាប់ ហើយ​ទំនងជា​នឹង​ផ្តល់​លទ្ធផល​ល្អ​បំផុត​។​


 
​ដោយ​មើលឃើញ​នូវ​ភាព​ធ្ងន់ធ្ងរ​នៃ​បញ្ហា​នេះ ក្រុមហ៊ុន​អា​លី​យ៉ង់​ហ្វា​ម៉ា​កាំ​បូដ ឡា​បូ សាណូ​ហ្វី បាន​សហការ​ជាមួយ​សមាគម​គ្រូពេទ្យ​បេះដូង​កម្ពុជា គាំទ្រ​អន្តរាគមន៍​លើ​ការកំណត់​រក​ឲ្យ​ឃើញ​ជំងឺ​បាន​ឆាប់រហ័ស ចាប់ផ្តើម​ការព្យាបាល និង​បង្កើន​គុណភាព​នៃ​ការព្យាបាល​ចំពោះ​កត្តា​ហានិភ័យ​ទាំងឡាយ​នៃ​ជំងឺ​បេះដូង​និង​សរសៃឈាម ដោយមាន​ការចូលរួម​ធ្វើ​បទ​បង្ហាញ​ពី​វាគ្មិន​កិត្តិយស​ជា​វេជ្ជបណ្ឌិត​ឯកទេស​ផ្នែក​ជំងឺ​បេះដូង​និង​សរសៃឈាម ព្រមទាំង​ចូលរួម​ក្នុង​វេទិកា​សំនួរចម្លើយ​ជាមួយ​អ្នកចូលរួម​ទាំងអស់​យ៉ាង​សកម្ម​និង​ប្រកបដោយ​លទ្ធផល​គួរ​ឲ្យ​កត់សម្គាល់​។ 
 
​សូមបញ្ជាក់​ផងដែរ​ថា ក្រុមហ៊ុន​អា​លី​យ៉ង់​ហ្វា​ម៉ា​កាំ​បូដ ឡា​បូ សាណូ​ហ្វី មាន​លក់​ឱសថ​សម្រាប់​ព្យាបាល​ជំងឺ​សរសៃឈាម​និង​បេះដូង​ប្រកបដោយ​ប្រសិទ្ធភាព ដោយ​ឱសថ​ទាំងនោះ​នាំចូល​ដោយផ្ទាល់​មកពី​ប្រទេស​បារាំង និង​មាន​លក់​នៅតាម​ឱសថស្ថាន​នានា ក្នុងប្រទេស​កម្ពុជា​។​




 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com