អត្ថបទពាណិជ្ជកម្ម
ធនាគារ​ហ្វី​លី​ព និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ក្រេ​ឌី​ត ទទួលបាន​ការអនុម័ត​ចុងក្រោយ​លើ​ការរួមបញ្ចូល​គ្នា និង​ក្លាយជា​ធនាគារពាណិជ្ជ​ធំ​លំដាប់​ទី​៣ ក្នុងប្រទេស​
03, Feb 2020 , 3:38 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ ថ្ងៃទី​៣ ខែកុម្ភៈ ឆ្នាំ​២០២០៖ ការរួមបញ្ចូល​គ្នា រវាង ធនាគារ ហ្វី​លី​ព (Phillip Bank) និង គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ក្រេ​ឌី​ត (Kredit MFI) បានទទួល​ការអនុម័ត​ជា​ផ្លូវការ ពី​ធនាគារជាតិ​នៃ​កម្ពុជា និង​ក្រសួងពាណិជ្ជកម្ម​។ ការរួមបញ្ចូល​គ្នា​នេះ ជាការ​រួមបញ្ចូល​គ្នា​ដ៏​ធំ​មួយ​ក្នុង​វិស័យ​ធនាគារ​នៅ​កម្ពុជា ដែល​បង្កើត​ឲ្យ​មាន​បណ្តាញ​សាខា​ធនាគារពាណិជ្ជ​ដ៏​ធំ​បំផុត​លំដាប់​ទី​៣ ក្នុងប្រទេស​។
 
​ស្ថាប័ន​ថ្មី​នេះ នឹង​ដំណើរការ​ប្រតិបត្តិ​ក្រោម​ឈ្មោះ​ជា ធនាគារ ហ្វី​លី​ព ភីអិលស៊ី និង​មាន​បុគ្គលិក​បម្រើ​ការងារ​ច្រើនជាង ២០០០​នាក់ ហើយ​ថ្នាក់​គ្រប់គ្រង​របស់ ធនាគារ ហ្វី​លី​ព បាន​ប្ដេជ្ញា​ថា ទាំង​បុគ្គលិក ធនាគារ ហ្វី​លី​ព និង ក្រេ​ឌី​ត នឹងត្រូវ​រក្សា​នៅ​ដដែល បន្ទាប់ពី​ការរួមបញ្ចូល​គ្នា​នេះ​។ 
 
​ធនាគារ ហ្វី​លី​ព ដែល​បានរួម​បញ្ចូល​គ្នា​នេះ មាន​សាខា​សរុប​ចំនួន​៨៩ ការិយាល័យ ទូទាំងប្រទេស​កម្ពុជា ពោលគឺ​បញ្ចូល​សាខា​ចំនួន​៨៣​កន្លែង របស់​ក្រេ​ឌី​ត ជាមួយនឹង​សាខា​ចំនួន​៦​កន្លែង​របស់ ធនាគារ ហ្វី​លី​ព​។ 


 
​លោក Ong Teong Hoon ក្រុមប្រឹក្សាភិបាល និង​តំណាង​ភាគ​ទុ​និក​នៃ ធនាគារ ហ្វី​លី​ព បាន​មានប្រសាសន៍ថា​៖«​យើង​ពិតជា​រីករាយ​ណាស់ ក្នុងការ​ទទួលបាន​លិខិត​អនុម័ត​ចុងក្រោយ​លើ​ការរួមបញ្ចូល​គ្នា ដែលមាន​ដំណើរការ​អស់​រយៈពេល​ជាច្រើន​ខែ​មកហើយ​»​។ 
 
​លោក​មានប្រសាសន៍​បន្ត​ថា​៖ «​តំណាង​ឲ្យ​ម្ចាស់​ភាគហ៊ុន និង​បុគ្គលិក​ទាំង​អស់នៃ​ធនាគារ ហ្វី​លី​ព ខ្ញុំ​សូម​សម្តែង​នូវ​សេចក្តី​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ទៅកាន់​ធនាគារជាតិ​នៃ​កម្ពុជា និង​ក្រសួងពាណិជ្ជកម្ម ចំពោះ​ការគាំទ្រ ស្ថាប័ន​ទាំងពីរ លើ​រាល់​ដំណាក់កាល​នៃ​ការរួមបញ្ចូល​គ្នា​ដ៏​សំខាន់​នេះ ស្រប​ពេលដែល​វិស័យ​ធនាគារ​ក្នុងស្រុក កំពុងមាន​ភាព​ប្រកួតប្រជែង​ខ្ពស់​»​។ 
 
​ការរួមបញ្ចូល​គ្នា​នេះ មានន័យថា អតិថិជន​របស់​ក្រេ​ឌី​ត នឹង​អាច​ប្រើប្រាស់​រាល់​សេវាកម្ម​បែប​ទំនើប​របស់ ធនាគារ ហ្វី​លី​ព ដូចជា​សេវា​បញ្ញើ​សន្សំ សេវា​ប្រាក់កម្ចី សេវា​ធនាគារ​ចល័ត ព្រមទាំង​សេវា​ធនាគារ​អន​ឡាញ ដែល​នឹងដាក់​ឲ្យ​ដំណើរការ​នាពេល​ឆាប់ៗ​ខាងមុខនេះ​។ ដោយឡែក អតិថិជន​របស់ ធនាគារ ហ្វី​លី​ព នឹង​អាច​ប្រើប្រាស់​ម៉ាស៊ីន​ដក​/​ដាក់​ប្រាក់​របស់​ក្រេ​ឌី​ត ទូទាំងប្រទេស ដោយ​មិនមាន​ការគិតថ្លៃ​សេវា​បន្ថែម​ឡើយ​។ 
 
​នៅ​ដំណាក់កាល​ដំបូង បន្ទាប់ពី​ការរួមបញ្ចូល​គ្នា​ជា​ផ្លូវការ​នេះ សាខា​ទាំង​១២ របស់​ក្រេ​ឌី​ត នៅ​រាជធានី​ភ្នំពេញ ខេត្តសៀមរាប បាត់ដំបង កំពត តាកែវ បន្ទាយមានជ័យ កំពង់ឆ្នាំង កំពង់ស្ពឺ ក្រចេះ និង​ស្រុក​ស្វាយ​អ​ន្ទ​រ នឹង​ត្រូវបាន​ផ្លាស់ប្ដូរ​មុខមាត់​ថ្មី​។ 
 
​សាខា​ដែល​ផ្លាស់ប្តូរ​មុខមាត់​ថ្មី​ទាំងនេះ នឹងមាន​រូបរាង​ដ៏​ទាក់ទាញ និង​រចនាបថ​ទំនើប ដែលមាន​លក្ខណៈ​ស្រដៀង នឹង​សាខា​គំរូ​របស់ ធនាគារ​ហ្វី​លី​ព ស្ថិតនៅតាម​បណ្តោយ​មហាវិថី​កម្ពុជា​ក្រោម ក្នុង​រាជធានី​ភ្នំពេញ ដែល​ទើបតែ​ដាក់​សម្ពោធ​ជា​ផ្លូវការ កាលពី​ខែវិច្ឆិកា ឆ្នាំ​២០១៩​។ 


 
​គិត​ត្រឹម​ខែធ្នូ ឆ្នាំ​២០១៩ របាយការណ៍​ហិរញ្ញវត្ថុ​របស់​ធនាគារ ហ្វី​លី​ព បាន​បង្ហាញថា ស្ថាប័ន​ដែល​រួមបញ្ចូល​គ្នា​នេះ មានទ្រព្យ​សម្បត្តិ​សរុប​ចំនួន ៦២៣ លាន​ដុល្លារ​អាមេរិក ប្រាក់​បញ្ញើ​សន្សំ​ចំនួន ៤០០​លាន​ដុល្លារ​អាមេរិក និង​ឥណទាន​ចំនួន ៤៩០​លាន​ដុល្លារ​អាមេរិក រួមជាមួយ​នឹង​អតិថិជន​បញ្ញើ​សន្សំ ចំនួន ៩១,០០០​នាក់ និង​អតិថិជន​កម្ចី​ជិត​៦៩,០០០​នាក់​។ 
 
​ម្ចាស់​ភាគហ៊ុន​តែមួយគត់ របស់​ធនាគារ​ដែល​បានរួម​បញ្ចូល​គ្នា​នេះ គឺ ក្រុមហ៊ុន PhillipCapital របស់​សិង្ហ​បុរី ដែលជា​ស្ថាប័ន​ផ្តល់​សេវា​ហិរញ្ញវត្ថុ​ចម្រុះ ដែលមាន​ប្រតិបត្តិការ​ក្នុង ១៥​ប្រទេស ទូទាំង​ពិភពលោក និង​មានទ្រព្យ​សម្បត្តិ​សរុប​ចំនួន ៣៥​ពាន់​លាន​ដុល្លារ​អាមេរិក​។ 
 
​លោក Lim Hua Min ប្រធាន​ក្រុមប្រឹក្សាភិបាល​របស់​ក្រុមហ៊ុន PhillipCapital មានប្រសាសន៍ថា​៖ «​យើង​ពិត​ជាមាន​សេចក្តីរំភើប​ក្រៃលែង ក្នុងការ​រួមបញ្ចូល​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ក្រេ​ឌី​ត ដែលមាន​បណ្ដាញ​សេវា​ដ៏​រឹងមាំ​នៅ​ប្រទេស​កម្ពុជា ជាមួយនឹង​ចំណេះដឹង និង​ក្បួន​អនុវត្ត​លំដាប់​អន្តរជាតិ​ដ៏​ល្អ​បំផុត​របស់ ធនាគារ ហ្វី​លី​ព ដើម្បី​បង្កើតបានជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​មួយ ដែល​នឹង​បម្រើ​ដល់​តម្រូវការ​ផ្នែក​ហិរញ្ញវត្ថុ ដែល​កំពុង​វិ​វ​ឌ្ឍ​យ៉ាង​ឆាប់រហ័ស​នៅ​កម្ពុជា ជាមួយនឹង​ផលិតផល​ធនាគារ និង​ធានារ៉ាប់រង​ដ៏​ល្អ​បំផុត ជាមួយនឹង​ការប្តេជ្ញា​ចិត្តជា​ចម្បង​លើ​ការផ្តល់​សេវាកម្ម​ជូន​អតិថិជន​»​។ 
 
​ការបណ្តាក់ទុន​របស់​ក្រុមហ៊ុន PhillipCapital នៅ​កម្ពុជា បាន​កើនឡើង​ពី​ទឹកប្រាក់ ១០០,០០០​ដុល្លារ​អាមេរិក លើ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ First Finance កាលពី​ឆ្នាំ​២០០៩ រហូតដល់​ទំហំ​ទឹកប្រាក់​ច្រើនជាង​១ ១០​លាន​ដុល្លារ​អាមេរិក​នៅ​កម្ពុជា មកដល់​សព្វថ្ងៃនេះ​។ 


 
​ក្រុមហ៊ុន PhillipCapital គឺជា​ម្ចាស់​ភាគហ៊ុន​តែមួយគត់ របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ក្រេ​ឌី​ត និង​ធនាគារ ហ្វី​លី​ព នៅ​មុនពេល​ស្ថាប័ន​ទាំង​២ រួមបញ្ចូល​គ្នា ហើយ​ក្រុមហ៊ុន​ក៏​នៅតែ​រក្សា​ភាគហ៊ុន​ធំ​របស់ខ្លួន ១០០% ក្នុង​ស្ថាប័ន​ដែល​បានរួម​បញ្ចូល​គ្នា​នេះ ផងដែរ​។ 
 
​ក្រេ​ឌី​ត បានចាប់ផ្តើម​ក្នុងនាម​ជា​គម្រោង​អង្គការក្រៅរដ្ឋាភិបាល​ដ៏​តូច​មួយ ក្រោម​ជំនួយ​ពី​អង្គការ World Relief របស់​សហរដ្ឋអាមេរិក ក្នុង​ឆ្នាំ​១៩៩៣ និង​បាន​ផ្លាស់ប្តូរ​មុខមាត់​ជា​បន្តបន្ទាប់​ក្នុង​រយៈពេល​២៧​ឆ្នាំ ទៅជា​គ្រឹះស្ថាន​មួយ ក្នុងចំណោម​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ឈានមុខ​គេ​នៅ​កម្ពុជា ដោយមាន​បេសកកម្ម​ស្នូល​មួយ ក្នុង​ការគាំទ្រ​ការអភិវឌ្ឍ​ប្រទេស​នេះ តាមរយៈ​សេវា​ហិរញ្ញវត្ថុ​របស់ខ្លួន និង​កម្មវិធី​សង្គម​ដ៏​រឹងមាំ​មួយ ដើម្បី​ជួយ​ដល់​ប្រជាជន​ដែល​ងាយ​រងគ្រោះ​។ 
 
​កម្មវិធី​សង្គម​មួយ​នេះ នឹង​បន្ត​ដំណើរការ​ក្រោម​ការគ្រប់គ្រង​របស់​ធ​នាគារ ហ្វី​លី​ព ហើយនឹង​ត្រូវ​កែប្រែ​ឈ្មោះ​ទៅជា​អង្គការ «​គាំពារ​ភូមិ​យើង​» ដែលជា​អង្គការក្រៅរដ្ឋាភិបាល​មួយ ដែល​ផ្តោត​ជា​ចម្បង​ទៅលើ​សុខុមាលភាព​កុមារ ការអប់រំ និង​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​៕ 






 
(​អត្ថបទ​ពាណិជ្ជកម្ម​)

Tag:
 Quantum
© រក្សាសិទ្ធិដោយ thmeythmey.com