កីឡាអន្តរជាតិ
អន្តរជាតិ
AFC សម្រេច​ពន្យារពេល​ប្រកួត ACL សម្រាប់​ជំនួប​ណា​ដែល​ប៉ះ​ក្រុម​ចិន​
05, Feb 2020 , 9:39 pm        
រូបភាព
​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ី (AFC) បានប្រកាស​នៅ​ថ្ងៃទី​៤ ខែកុម្ភៈ​ថា ការប្រកួត​វគ្គ​ជម្រុះ​តាម​ពូ​ល​នៃ​ពានរង្វាន់ AFC Champions League ដែលមាន​ការចូលរួម​ពី​ក្លិប​ចិន​ចំនួន​៣​ប្រកួត​ដំបូង ត្រូវ​សម្រេច​ពន្យារពេល​ដោយសារ​ការព្រួយបារម្ភ​អំពី​ការ​ផ្ទុះឡើង​នៃ​មេរោគ​កូ​រ៉ូ​ណា​ថ្មី (2019-nCoV)​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​លើ​វេ​ប​សាយ​ផ្ទាល់​របស់ AFC ។​


 
​ការសម្រេច​នេះ​កើតឡើង​ក្រោយ​កិច្ចប្រជុំ​បន្ទាន់​មួយ​ដែល​ធ្វើឡើង​នៅ​ទីស្នាក់ការ​កណ្តាល AFC ក្នុង​ក្រុង​គូ​ឡា​ឡាំ​ពួ ប្រទេស​ម៉ាឡេស៊ី តាមរយៈ​ការស្នើ​ពី​ខាង​សហព័ន្ធ​កីឡាបាល់ទាត់​អូស្ត្រាលី (FFA)​។ ស្ថាប័ន​គ្រប់គ្រង​កីឡាបាល់ទាត់​តំបន់​អាស៊ី​មើលឃើញថា​ដោយសារ​ការប្រកួត​ត្រូវ​ប៉ះ​ជាមួយ​ក្លិប​មកពី​ប្រទេស​ចិន ដូច្នេះ​ជំនួប​នៅ​ខែកុម្ភៈ និង​មីនា ត្រូវ​ប្តូរ​ទៅធ្វើ​នៅ​ខែមេសា និង​ឧសភា​ជំនួស​វិញ​។ 
 
AFC និយាយថា កិច្ចប្រជុំ​ដែលមាន​ការចូលរួម​ពី​តំណាង​សហព័ន្ធ​កីឡាបាល់ទាត់ តំណាង​លី​គ និង​ក្លិប​នានា​ត្រូវបាន​កោះហៅ​ដើម្បី​ជាការ​ឆ្លើយតប​ទៅនឹង​ផលប៉ះពាល់​នៃ​មេរោគ​កូ​រ៉ូ​ណាវី​រុស​ក្នុង​ក្របខណ្ឌ​ពាន​កំពូល​តំបន់​អាស៊ី ស្រប​ពេលដែល​អង្គការ​សុខភាព​ពិភពលោក (WHO) បានប្រកាស​អាសន្ន​ជុំវិញ​បញ្ហា​រាលដាល​មេរោគ​នេះ​។​
 
«​យើង​ទទួលស្គាល់ថា​មេរោគ​ឆ្លង​នេះ​គឺជា​បញ្ហា​ធំ​ជាង​ការលេង​បាល់ទាត់​ទៅទៀត ហើយ​យើង​សូម​ជូនពរ​ដល់​អ្នក​ដែល​រង​ផលប៉ះពាល់​ពី​ការវិលត្រឡប់​មករក​សុខភាព​ល្អ​វិញ​ឆាប់ៗ​»​។ នេះ​ជាស​ម្តី​របស់លោក Windsor John អគ្គលេខាធិការ AFC​។​
 
​បើតាម​ការគ្រោងទុក ការប្រកួត​ពានរង្វាន់ AFC Champions League ឆ្នាំនេះ​នឹង​ចាប់ផ្តើម​ពី​សប្តាហ៍​ក្រោយ​តទៅ​។​
 
​ដំបូង​ឡើយ AFC បានប្រកាសថា​កាលវិភាគ​ប្រកួត​ត្រូវបាន​ផ្លាស់ប្តូរ ដោយ​ក្លិប​ចិន​ត្រូវ​លេង​៣​ប្រកួត​ដំបូង​នៃ​វគ្គ​សន្សំ​ពិន្ទុ​តាម​ពូ​ល​នៅក្រៅ​ដី​ទាំងអស់​តែម្តង​។ ក្លិប​ពី​ចិន​ចំនួន​៤​ក្រុម ត្រូវ​ទៅលេង​នៅ​ទឹកដី​អូស្ត្រាលី ជប៉ុន កូរ៉េខាងត្បូង ថៃ និង​ម៉ាឡេស៊ី​រៀងៗ​ខ្លួន​។ ប៉ុន្តែ​យ៉ាង​យ៉ាងណាក៏ដោយ ក្រុមមន្ត្រី​កីឡាបាល់ទាត់​អូស្ត្រាលី​មិន​ចង់​ឲ្យ​ក្រុម​ចិន​ធ្វើដំណើរ​ទៅលេង​នៅ​ប្រទេស​ខ្លួន​ឡើយ ដោយ​ខ្លាច​ឆ្លង​មេរោគ​កូ​រ៉ូ​ណាវី​រុស​។​
 
​រដ្ឋាភិបាល​អូស្ត្រាលី នៅ​ថ្ងៃទី​១ ខែកុម្ភៈ បានដាក់​បម្រាម​ការធ្វើ​ដំណើរ​ជា​បណ្តោះអាសន្ន​លើ​ជនជាតិ​បរទេស​ដែល​ចូល​មកពី​ប្រទេស​ចិន ដើម្បី​ការពារ​ការឆ្លង​មេរោគ​ប្រភេទ​ថ្មី (2019-nCoV) នេះ​។​
 
​បើតាម​ការបញ្ជាក់​បន្ថែម​របស់ AFC មកដល់ពេលនេះ​ការប្រកួត​នៅ​ថ្ងៃទី​២ ដល់​ថ្ងៃទី​១៨ ខែកុម្ភៈ រវាង​ក្រុម Chiangrai United របស់​ថៃ និង Beijing Guoan (​ចិន​) នៅ​ទឹកដី​ថៃ​អាច​នឹង​ដំណើរការ​ដូច​ការគ្រោង​ទុក​ដដែល ដោយសារតែ Beijing Guoan សព្វថ្ងៃ​កំពុង​បោះជំរំ​ហ្វឹកហាត់​នៅ​កូរ៉េខាងត្បូង​។ បើ​ទោះ​យ៉ាងនេះ​ក្តី ក្លិប​ថៃ​មួយ​នេះ នឹង​បន្ត​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​រដ្ឋាភិបាល​ថៃ និង​មន្ត្រី​ពេទ្យ​ដើម្បី​តាមដាន​ស្ថានភាព​មេរោគ​ទៅលើ​កីឡាករ​របស់​ក្រុម Beijing Guoan៕

Tag:
 AFC
  AFC Champions League
  កូ​រ៉ូ​ណាវី​រុស
© រក្សាសិទ្ធិដោយ thmeythmey.com