កីឡាជាតិ
ជាតិ
AFC Cup៖ ព្រះខ័ន​រាជ​ស្វាយរៀង​ប៉ះ​ម្ចាស់ផ្ទះ Ceres Neros ដែល​ធ្លាប់​ឈ្នះ​បឹងកេត ៩-០
11, Feb 2020 , 3:36 pm        
រូបភាព
លោក Conor Nestor (ខាងស្តាំគេ)ចាប់ដៃជាមួយគ្រូបង្វឹករបស់ Ceres Negros ក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតកាលពីថ្ងៃទី១០ កុម្ភៈ
លោក Conor Nestor (ខាងស្តាំគេ)ចាប់ដៃជាមួយគ្រូបង្វឹករបស់ Ceres Negros ក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតកាលពីថ្ងៃទី១០ កុម្ភៈ
ដោយ:
​ក្រុមបាល់ទាត់​ព្រះខ័ន​រាជ​ស្វាយរៀង​ត្រូវ​ប្រកួត​បើកឆាក​ពូ​ល G នៃ​ពានរង្វាន់ AFC Cup 2020 ដោយ​ត្រូវ​តទល់​ជាមួយ​ក្រុម​ជើងឯក​លី​គ​កំពូល​ហ្វីលីពីន Ceres Negros វេលា​ម៉ោង​៦:៣០​នាទី​ល្ងាច​(​ម៉ោង​នៅ​កម្ពុជា​)​ថ្ងៃទី​១១ ខែកុម្ភៈ នេះ នៅ​កីឡដ្ឋាន Rizal Memorial Football Stadium​។ 

 
​ក្រុម​ក្រោម​ការដឹកនាំ​របស់លោក Conor Nestor ទំនងជា​ត្រូវ​ធ្វើការ​ធ្ងន់​បន្តិច​នៅ​យប់​នេះ ដ្បិត Ceres Negros ជា​ក្រុម ខ្លាំង​មួយ​នៅ​ហ្វីលីពីន ដែល​បាន​គ្រង​ជើងឯក​ពានរង្វាន់​លី​គ​កំពូល​៣​សម័យកាល​ជាប់​គ្នា គឺ​ឆ្នាំ​២០១៧, ២០១៨ និង ២០១៩​។ លើសពីនេះ Ceres ធ្លាប់​ឡើងដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ និង​ផ្តាច់ព្រ័ត្រ​នៃ​ពានរង្វាន់ AFC Cup ទៀតផង​។ 
 
​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​ក្រុម Ceres Negros នេះហើយ ដែល​ធ្វើ​ឲ្យ​បឹងកេត ដែលជា​ម្ចាស់​ជើងឯក​លី​គ​កំពូល​ឆ្នាំ​២០១៧ និង​២០១៨ រង​ការ​អាម៉ាស់​ក្នុង​ពានរង្វាន់ AFC Cup កាលពី​ឆ្នាំ​២០១៨​។ បឹងកេត​ក្រោម​ការដឹកនាំ​របស់លោក លី កុសល បាន​ប្រកួត​ចាញ់ Ceres Negros ក្នុង​លទ្ធផល​សរុប​ទាំងពីរ​ជើង ១៣-០ ក្នុងនោះ​ចាញ់ ៩-០ នៅ​ជើង​ទី​១ និង ៤-០ នៅ​ជើង​ទី​២​។  
 
​បឹងកេត​ដែល​ស្ថិតនៅ​ពូ​ល F ជាមួយ Home United របស់​សិង្ហ​បុរី​, Ceres Negros របស់​ហ្វីលីពីន និង Shan United របស់​មី​យ៉ាន់​ម៉ា​បានបញ្ចប់​ក្នុង​ចំណាត់ថ្នាក់​លេខ​៣​ក្នុង​ពូ​ល ដោយមាន​៦​ពិន្ទុ​។​
 
​ទោះបី​យ៉ាងនេះ​ក្តី​គ្រូបង្វឹក​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង​លោក Conor Nestor បាន​អះអាងថា ព្រះខ័ន​រាជ​ស្វាយរៀង​ត្រៀមខ្លួន​បាន​យ៉ាង​ល្អ​ក្នុងការ​តទល់​ជាមួយ​ជើង​ខ្លាំង Ceres Negros​។ គ្រូបង្វឹក​សញ្ជាតិ​អៀរ​ឡង់​រូបនេះ​ប្តេជ្ញា​ថា​លោក​នឹង​ខិតខំ​ប្រឹងប្រែង​ដឹកនាំ​ឲ្យ​អស់ពី​សមត្ថភាព ដើម្បី​ស្វែងរក​លទ្ធផល​ល្អ​មួយ​សម្រាប់​ក្រុម អ្នកគាំទ្រ និង​វិស័យ​កីឡាបាល់ទាត់​នៅ​កម្ពុជា​។ 
 
​សម្រាប់​លោក Conor Nestor ការប្រកួតប្រជែង​ជាមួយ​ក្រុម​ខ្លាំង​នៅ​តំបន់​អាស៊ាន ផ្តល់ឱកាស​ឲ្យ​កម្ពុជា​ទទួលបាន​វិធីសាស្ត្រ​ថ្មីៗ និង​បទពិសោធ​ល្អៗ ដើម្បី​អភិវឌ្ឍន៍​វិស័យ​កីឡាបាល់ទាត់​នៅ​កម្ពុជា​ឲ្យកាន់​តែ​រីកចម្រើន​។ ជាពិសេស វា​ជា​ឱកាស​សម្រាប់​កីឡាករ​ក្នុងការ​ដកស្រង់​បទពិសោធ ដើម្បី​អភិវឌ្ឍន៍​សមត្ថភាព​ឲ្យ​កាន់តែ​ល្អប្រសើរ​ទៅ​ថ្ងៃ​អនាគត​។ 
 
​គួររំលឹកថា មុន​ឡើងមក​កាន់​វគ្គ​ចែក​ពូ​ល​(Group Stage) ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង​បាន​យកឈ្នះ​ក្រុម Master 7 របស់​ឡាវ​ក្នុង​លទ្ធផល​សរុប​ទាំងពីរ​ជើង ៧-១ នៅ​វគ្គ​ជម្រុះ Playoff៕   
 

Tag:
 AFC Cup
  Ceres Negros
  ព្រះខ័ន​រាជ​ស្វាយរៀង​
© រក្សាសិទ្ធិដោយ thmeythmey.com