សុខភាព
អន្តរជាតិ
កូ​រ៉ូ​ណា​វីរុស​មានឈ្មោះ​ផ្លូវការ​ហើយ គឺ «COVID-19»
12, Feb 2020 , 9:11 am        
រូបភាព
ប្រមុខអង្គការសុខភាពពិភពលោក Tedros Adhanom Ghebreyesus (AFP)
ប្រមុខអង្គការសុខភាពពិភពលោក Tedros Adhanom Ghebreyesus (AFP)
ដោយ:
​អង្គការ​សុខភាព​ពិភពលោក (WHO) បានប្រកាសថា «COVID-19» នឹង​ក្លាយជា​ឈ្មោះ​ផ្លូវការ​របស់​កូ​រ៉ូ​ណា​វីរុស​ដ៏​កាច​សាហាវ ដែល​ផ្ទុះឡើង​ដំបូង​ក្នុងប្រទេស​ចិន​។ បើតាម​ប្រមុខ WHO ឈ្មោះ​នេះ ត្រូវបាន​ជ្រើសរើស​ដើម្បី​បញ្ចៀស​ការ​សំដៅទៅ​ប្រទេស ឬ​តំបន់​ណាមួយ​។​



«​ឥឡូវនេះ យើង មានឈ្មោះ​មួយ​សម្រាប់​ជំងឺ​នេះ [​កូ​រ៉ូ​ណា​វីរុស​ប្រភេទ​ថ្មី​] ហើយ​វា​គឺ COVID-19»​។ អគ្គនាយក​អង្គការ WHO លោក Tedros Adhanom Ghebreyesus បាន​ប្រាប់​អ្នកសារព័ត៌មាន​បែបនេះ​នៅក្នុង​ទីក្រុង ហ្សឺ​ណែវ ប្រទេស​ស្វី​ស​នៅ​ថ្ងៃទី​១១ ខែកុម្ភៈ​។

​តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP លោក Tedros អះអាង​ទៀតថា «CO» តំណាង​ឲ្យ «​កូ​រ៉ូ​ណា Corona», «VI» តំណាង​ឲ្យ «​វីរុស Virus» ហើយ «D» តំណាង​ឲ្យ «​ជំងឺ Disease» ខណៈ «19» គឺ​ឆ្នាំ​នៃ​ការផ្ទុះ​រីក​រាលដាល​នៃ​វីរុស​នេះ ដែល​ត្រូវ​បានកំណត់​អត្តសញ្ញាណ​ដំបូង​កាលពី​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១៩​។

​ម្យ៉ាងវិញទៀត លោក​អគ្គនាយក​រូបនេះ បាន​លើកឡើងថា ឈ្មោះ​ផ្លូវការ​នេះ ត្រូវបាន​ជ្រើសរើស​ដើម្បី​បញ្ចៀស​ការ​សំដៅ​ទៅកាន់​តំបន់ ឬ​ប្រទេស​ជាក់លាក់​មួយ អម្បូរ​សត្វ ឬ​ក្រុមមនុស្ស​ណាមួយ ដោយ​អនុលោម​តាម​អនុសាសន៍​អន្តរជាតិ​សម្រាប់​ការដាក់​ឈ្មោះ​។ 

​ដំបូង​ឡើយ អង្គការ​សុខភាព​ពិភពលោក បាន​ហៅ​ឈ្មោះ​វីរុស​នេះ​ជា​បណ្តោះអាសន្ន​ថា «2019-nCoV» ហើយ​គណៈកម្មការ​សុខ​ភាព​ជាតិ​របស់​ចិន ក្នុង​សប្តាហ៍​នេះ បានបញ្ជាក់ ខ្លួន​សម្រេច​ហៅ​វីរុស​នេះ​បណ្តោះអាសន្ន​ថា​ជំងឺ​ផ្លូវដង្ហើម​កូ​រ៉ូ​ណា​វីរុស​ថ្មី (Novel Coronavirus Pneumonia) ។ 

​ក្រោម​គោលការណ៍​ណែនាំ​ដែល​បានដាក់​ចេញ​ក្នុង​ឆ្នាំ​២០១៥ អង្គការ WHO មិន​គាំទ្រ​ការប្រើ​ឈ្មោះ​ទីកន្លែង ដូចជា Ebola និង Zika ទី​ដែល​ជំងឺ​ទាំងនោះ បាន​រកឃើញ​ជា​លើកដំបូង​ឡើយ​។ ឈ្មោះ​ជាទូទៅ ដូចជា «Middle East Respiratory Syndrome» ឬ «Spanish Flu» ក៏ត្រូវ​បញ្ចៀស​ផងដែរ ព្រោះ​វា​សំដៅលើ​ក្រុម​ជនជាតិ ឬ​តំបន់​។

​ទន្ទឹមនេះ អង្គការ​សុខភាព​ពិភពលោក ក៏បាន​កត់សម្គាល់​ដែរ​ថា ការប្រើប្រាស់​អម្បូរ​សត្វ​សម្រាប់​ហៅ​ឈ្មោះ​ជំងឺ ក៏​បង្កើត​ការភាន់ច្រឡំ​ដូចជា ក្នុង​ឆ្នាំ​២០០៩ នៅពេល​វីរុស H1N1 សំដៅលើ «​ផ្តាសាយ​ជ្រូក​»​។ ការដាក់​ឈ្មោះ​បែបនេះ បាន​មាន​ឥទ្ធិពល​យ៉ាង​ធំធេង​លើ​ឧស្សាហកម្ម​សាច់ជ្រូក ទោះបីជា​ជំងឺ​នេះ ត្រូវបាន​ឆ្លង​ដោយ​មនុស្ស​ច្រើនជាង​សត្វ​ជ្រូក​ក៏ដោយ​ក្តី​។​ចំណែក ការដាក់​ឈ្មោះ​មនុស្ស ក៏ត្រូវ​អ្នកវិទ្យាសាស្ត្រ​ដែល​បាន​រកឃើញ​ជំងឺ​នេះ ហាមឃាត់​ប្រើ​ផងដែរ​៕

Tag:
 WHO
  កូ​រ៉ូ​ណាវី​រុស​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com