អន្តរជាតិ
ស៊ូដង់ នឹង​ប្រគល់​អតីត​មេដឹកនាំ​ផ្ដាច់ការ អាល់​-​បា​សៀ ឲ្យ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​
12, Feb 2020 , 3:03 pm        
រូបភាព
អតីតប្រធានាធិបតីស៊ូដង់ អូម៉ា អាល់-បាសៀ ដែលតុលាការព្រហ្មទណ្ឌកម្មជាតិ ស្វែងរកចាប់ខ្លួន។ រូបភាព AFP
អតីតប្រធានាធិបតីស៊ូដង់ អូម៉ា អាល់-បាសៀ ដែលតុលាការព្រហ្មទណ្ឌកម្មជាតិ ស្វែងរកចាប់ខ្លួន។ រូបភាព AFP
​រដ្ឋ​អាហ្វ្រិក​ស៊ូដង់ បាន​យល់ព្រម​ប្រគល់​ខ្លួន​អតីត​ប្រធានាធិបតី​របស់ខ្លួន អូ​ម៉ា អាល់​-​បា​សៀ (Omar al-Bashir) ទៅ​ឲ្យ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ដែល​ចង់បាន​រូបលោក​ជាច្រើន​ឆ្នាំ​មកហើយ​ដើម្បី​កាត់ទោស​បទល្មើស​ឧក្រិដ្ឋកម្ម​សង្គ្រាម​នៅ​តំបន់​ដា​ហ្វួ (Dafur) ។ នេះ​បើតាម​ការបញ្ជាក់​របស់​មន្ត្រីជាន់ខ្ពស់​ស៊ូដង់​នៅ​ថ្ងៃទី​១១ ខែកុម្ភៈ​។ ក្រៅពី​លោក អាល់​-​បា​សៀ អតីតមន្ត្រី​ដែល​ស្ថិតក្រោម​ដីកាចាប់ខ្លួន​របស់​តុលាការអន្តរជាតិ ក៏​នឹងត្រូវ​បញ្ជូនទៅ​ប្រឈមមុខ​ច្បាប់​ដែរ​។​

 
«​អ្នក​ដែល​ត្រូវបាន​ចោទប្រកាន់​ដោយ ICC ពួកគេ​ត្រូវតែទៅ​ទីនោះ​។​» នេះ​ជាការ​លើកឡើង​របស់លោក Mohamed Hassan Al-Taishay សមាជិក​ក្រុមប្រឹក្សា​អធិបតេយ្យ​ដែល​កំពុង​ដឹកនាំ​ស៊ូដង់​ក្រោយ​ការផ្ដួលរំលំ​របប​ដឹកនាំ​លោក អូ​ម៉ា អាល់​-​បា​សៀ ដោយ​សំដៅ​ដីកាចាប់ខ្លួន​របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC) លើ​បុគ្គល​ដែល​ពាក់ព័ន្ធ​វិនាសកម្ម និង​អំពើហិង្សា​ដែល​បង្ក​ជា​វិបត្តិ​មនុស្សជាតិ​ធ្ងន់ធ្ងរ​នៅ​រដ្ឋ​ដា​ហ្វួ​អំឡុង​ឆ្នាំ​២០០៣ ។ 
 
​ក្រោយមក លោក Mohamed ប្រាប់​អ្នកសារព័ត៌មាន​ដោយ​ចំហ​រថា ស៊ូដង់​នឹង​បញ្ជូន​លោក អាល់​-​បា​សៀ ដែល​ស្ថិតក្រោម​ការឃុំខ្លួន​ក្រោយ​អស់តំណែង​ក្នុង​រដ្ឋប្រហារ​ឆ្នាំ​២០១៩ រួមទាំង​មនុស្ស​ជំនិត​បីនាក់​របស់លោក​ទៀត ទៅកាន់​តុលាការអន្តរជាតិ​ដើម្បី​កាត់ទោស​។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP លោក​បញ្ជាក់​បែបនេះ​ក្រោយ​ជំនួប​ជាមួយ​ប្រតិភូ​ក្រុម​ឧទ្ទាម​មកពី​រដ្ឋ​ដា​ហ្វួ​នៅ​រដ្ឋធានី​ហ្សូ​បា​របស់​ស៊ូដង់​ខាងត្បូង​នៅ​ថ្ងៃទី​១១ ខែកុម្ភៈ​។  
 
​លោក អាល់​-​បា​សៀ និង​មន្ត្រី​ថ្នាក់​បីនាក់​ទៀត ត្រូវបាន​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ចោទប្រកាន់​ពីបទ​ឧក្រិដ្ឋកម្ម​សង្គ្រាម អំពើ​ប្រល័យពូជសាសន៍ និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​ដែល​កើតឡើង​នៅ​ដា​ហ្វួ​ចាប់តាំងពី​ឆ្នាំ​២០០៣​មក​។ ដ្បិត​តុលាការ​គ្មាន​កម្លាំង​អនុវត្ត​ដីកាចាប់ខ្លួន លោក អាល់​-​បា​សៀ មាន​សេរីភាព​ដើរហើរ​នៅ​ជុំវិញ​ពិភពលោក​អស់​ពេល​ជាច្រើន​ឆ្នាំ​។ លោក​ថែមទាំង​ហ៊ាន​ធ្វើដំណើរ​ទៅកាន់​អាហ្វ្រិក​ខាងត្បូង​ដែលជា​សមាជិក​តុលាការអន្តរជាតិ​ទៀត​។ 
 
​ប៉ុន្តែ​ក្បាលម៉ាស៊ីន​ដឹកនាំ​ថ្មី​នៅ​ស៊ូដង់​ដែល​គ្រប់គ្រង​រួមគ្នា​ដោយ​យោធា និង​ស៊ីវិល បានបញ្ជាក់​ជំហរ​អនុវត្តតាម​ការសម្រេច​របស់ ICC ។ លោក Mohamed និយាយថា រដ្ឋាភិបាល​សព្វថ្ងៃ និង​ក្រុម​ឧទ្ទាម​នៅ​ដា​ហ្វួ​រ ឯកភាពគ្នា​អនុវត្តតាម ICC ហើយនឹង​ប្រគល់​ឧក្រិដ្ឋជន​បួន​នាក់​ឲ្យ ICC កាត់ក្ដី​។ យ៉ាងណាមិញ មន្ត្រី​រូបនេះ​មិនបាន​បញ្ជាក់​ទេ​ថា អ្នក​ទាំង​បួន នឹងត្រូវ​ប្រគល់​ឲ្យ​តុលាការអន្តរជាតិ​នៅពេលណា​ជាក់លាក់​ឡើយ​។​
 
​សូមបញ្ជាក់ថា ជម្លោះ​នៅ​ដា​ហ្វួ​ដែលមាន​ទំហំ​ប៉ុន​ប្រទេស​បារាំង បាន​ផ្ទុះឡើង​ក្រោយ​ក្រុម​ប្រជាជន​ភាគតិច​អាហ្វ្រិក​ងើប​បះបោរ​ប្រឆាំង​រដ្ឋាភិបាល​អារ៉ាប់​របស់លោក អាល់​-​បា​សៀ ដោយ​ចោទថា រដ្ឋាភិបាល​មិន​ខ្វលខ្វាយ​ពី​ពួកគេ​។ ICC ក៏​ចោទ​លោក និង​មន្ត្រី​បីនាក់​ទៀត​ចំពោះ​តួនាទី​របស់​ពួកគេ​ក្នុង​អំពើហិង្សា​នៅ​ទីនោះ​។ លោក អាល់​-​បា​សៀ បាន​ទាត់ចោល​ការចោទប្រកាន់​ទាំងអស់​៕

Tag:
 ស៊ូដង់​
  អូ​ម៉ា អាល់​-​បា​សៀ​
  ICC
© រក្សាសិទ្ធិដោយ thmeythmey.com