អន្តរជាតិ
មិនទាន់មាន​ករណី​កូ​រ៉ូ​ណាវី​រុស​ឡើយ​, ឥណ្ឌូណេស៊ី​អះអាងថា ខ្លួន​មិនបាន​លាក់បាំង​អ្វី​ទេ​
12, Feb 2020 , 3:38 pm        
រូបភាព
មន្រ្តីសុខាភិបាលឥណ្ឌូណេស៊ី មើលអេក្រង់ម៉ាស៊ីនស្ទង់កម្ដៅដើម្បីត្រួតពិនិត្យសីតុណ្ហភាពអ្នកដំណើរនៅព្រលានយន្តហោះទីក្រុងហ្សាការតា។ រូបភាព AFP
មន្រ្តីសុខាភិបាលឥណ្ឌូណេស៊ី មើលអេក្រង់ម៉ាស៊ីនស្ទង់កម្ដៅដើម្បីត្រួតពិនិត្យសីតុណ្ហភាពអ្នកដំណើរនៅព្រលានយន្តហោះទីក្រុងហ្សាការតា។ រូបភាព AFP
​មកទល់ពេលនេះ ឥណ្ឌូណេស៊ី មិនទាន់មាន​ករណី​ឆ្លង​កូ​រ៉ូ​ណាវី​រុស (COVID-19) នៅឡើយ​ទេ​។ ការណ៍​នេះ ធ្វើ​ឲ្យ​មាន​ងឿងឆ្ងល់​យ៉ាងខ្លាំង និង​សង្ស័យថា អាចមាន​ករណី​ឆ្លង​ខ្លះ​ដែល​អាជ្ញាធរ​មិនដឹង ខណៈ​ប្រទេស​ក្បែរ​ខាង​ឥណ្ឌូណេស៊ី​ដូចជា​ម៉ាឡេស៊ី និង​សិង្ហ​បុរី កំពុងមាន​ករណីនេះ​។ នៅ​ថ្ងៃទី​១១ ខែកុម្ភៈ រដ្ឋមន្ត្រី​សុខាភិបាល​ឥណ្ឌូណេស៊ី បាន​ចេញមុខ​បកស្រាយ​ថា ឥណ្ឌូណេស៊ី​គ្មានអ្វី​ត្រូវ​លាក់បាំង​ឡើយ​បើ​ពិតជា​មាន​ករណី​កូ​រ៉ូ​ណាវី​រុស​នេះ​មែន​នោះ​។​

 
​ស្របពេល​ដែល​កូ​រ៉ូ​ណា​វីរុស​រាលដាល​នៅ​ចិន និង​ប្រទេស​ជាច្រើន​នៅ​តំបន់​អាស៊ាន ឥណ្ឌូណេស៊ី​ឯណោះ បែរជា​មិនទាន់មាន​ករណី​ឆ្លង​សូម្បី​តែមួយ​ករណី​។ កម្ពុជា វៀតណាម ថៃ ម៉ាឡេស៊ី ហ្វីលីពីន សិង្ហ​បុរី សុទ្ធតែ​បានបញ្ជាក់​ការឆ្លង​កូ​រ៉ូ​ណាវី​រុស​នេះ​។ ថៃ និង​សិង្ហ​បុរី ជា​ប្រទេស​ដែលមាន​ចំនួន​ករណី​ឆ្លង​ច្រើនជាងគេ​។ 
 
​ដោយសារ​មិនទាន់​រកឃើញ​ករណី​ឆ្លង​បែបនេះ អ្នកវិទ្យាសាស្ត្រ​មួយក្រុម​នៅ​សហរដ្ឋអាមេរិក ក៏បាន​ដាក់​សង្ស័យ​លើ​សមត្ថភាព​ទប់ស្កាត់រ​បស់​ឥណ្ឌូណេស៊ី​ដែល​កន្លងមក​មាន​ជើងហោះហើរ​ត្រង់​ពី​ទីក្រុង​វូ​ហាន ខេត្ត​ហ៊ូ​ប៉ី ជាទី​ដែល​កូ​រ៉ូ​ណា​វីរុស​ផ្ទុះ​ដំបូង​។ ជាមួយនឹង​ការស្នើ​ឲ្យ​ឥណ្ឌូណេស៊ី​រឹតបន្តឹង​វិធានការ​ក្នុងស្រុក អ្នកស្រាវជ្រាវ​ទាំងនោះ សង្ស័យថា មិនទាន់មាន​ករណី​កូ​រ៉ូ​ណាវី​រុស​នេះ ទំនងជា​បណ្ដាល​មក​ការចាប់​មិនបាន​ករណី​ឆ្លង​។​
 
«​យើង​មាន​សម្ភារ​ដើម្បី​ត្រួតពិនិត្យ​កូ​រ៉ូ​ណា ហើយ​វា​គឺមាន​លិ​ខិ​បញ្ជាក់​ត្រឹមត្រូវ​។ ឥណ្ឌូណេស៊ី​គ្មានអ្វី​ត្រូវ​លាក់បាំង​ឡើយ​។​» រដ្ឋមន្ត្រី​សុខាភិបាល​ឥណ្ឌូណេស៊ី Terawan Agus Putranto ក្រោយ​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី ដើម្បី​ឆ្លើយតប​នឹង​ការសង្ស័យ​របស់​អ្នកស្រាវជ្រាវ​អាមេរិក​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ។​
 
​កន្លងមក ឥណ្ឌូណេស៊ី ក៏​រកឃើញ​ករណី​សង្ស័យ​ឆ្លង​កូ​រ៉ូ​ណាវី​រុស​នេះដែរ ប៉ុន្តែ​ការធ្វើ​តេស្ត​ឈាម​ទទួលបាន​លទ្ធផល​អវិជ្ជមាន​។ មន្ត្រី​ក្រសួងសុខាភិបាល​ឥណ្ឌូណេស៊ី Vivi Setiawaty ប្រាប់​អ្នកសារព័ត៌មាន​ថា វា​មិន​ច្បាស់​ហើយ​ហេតុអ្វី​ឥណ្ឌូណេស៊ី​គ្មាន​ករណី​ឆ្លង​កូ​រ៉ូ​ណា​វីរុស​នេះ ប៉ុន្តែ​អាជ្ញាធរ​បាន​ត្រៀម​ជាស្រេច​ហើយ​ដើម្បី​ទប់ទល់​ករណី​ឆ្លង ដោយ​រៀនសូត្រ​តាម​វិធាន​ការដែល​ប្រើ​ក្នុងការ​ទប់ទល់​ផ្ដាសាយ​បក្សី H5N1 ក្នុង​ឆ្នាំ​២០១៥ ។​
 
​ដើម្បី​ទប់ស្កាត់​ការ​រាលដាល ឥណ្ឌូណេស៊ី ប្រកាស​មិន​ទទួល​អ្នកដំណើរ​ទាំងឡាយ​ណា​ដែលមាន​ប្រវត្តិ​ធ្វើដំណើរ​ទៅ​ចិន​ក្នុង​រយៈពេល​១៤​ថ្ងៃ ហើយ​បាន​បិទ​ការហោះហើរ​ទៅមក​ចិន​ផងដែរ​។ ជាមួយគ្នា​នោះ ឥណ្ឌូណេស៊ី ក៏​ត្រៀម​មន្ទីរពេទ្យ​ចំនួន​១០០​នៅ​ទូទាំងប្រទេស​ដើម្បី​ព្យាបាល​អ្នកជំងឺ​ណា​ម្នាក់​។ ដោយឡែក ពលរដ្ឋ​ឥណ្ឌូណេស៊ី​ប្រមាណ​២៤០​នាក់​ដែល​ជម្លៀស​ពី​វូ​ហាន ក៏ត្រូវ​ដាក់​នៅលើ​កោះ Natuna ដើម្បី​តាមដាន​សុខភាព​ផងដែរ​៕ 

Tag:
 ឥណ្ឌូណេស៊ី​
  កូ​រ៉ូ​ណាវី​រុស
© រក្សាសិទ្ធិដោយ thmeythmey.com