អន្តរជាតិ
ចិន ដកតំណែងលេខាបក្សកុម្មុយនីស្តខេត្តហ៊ូប៉ី និងទីក្រុងវូហាន លោក ជាំង ឆាវលាំង ត្រូវបានដកតំណែងពីលេខាបក្សកុម្មុយនីស្តចិនខេត្តហ៊ូប៉ី។ រូបភាព AFP
× បក្សកុម្មុយនីស្តចិន បានដកលោក ជាំង ឆាវលាំង (Jiang Chaoliang) ពីតំណែងលេខាបក្សប្រចាំខេត្តហ៊ូប៉ី ដែលកំពុងអុកឡុកដោយកូរ៉ូណាវីរុស។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានរដ្ឋចិន Xinhua នៅថ្ងៃទី១៣ ខែកុម្ភៈ។ លេខាបក្សវូហាន ក៏ត្រូវអស់តំណែងដូចគ្នាដែរ។ មិនមានមូលហេតុ ត្រូវបានបញ្ជាក់លើការដកតំណែងនេះឡើយ ប៉ុន្តែទំនងជាពាក់ព័ន្ធនឹងការដោះស្រាយជំងឺ COVID-19 ដែលបង្កដោយកូរ៉ូណាវីរុស។
លោក អ៊ីង យ៉ុង (Ying Yong) ត្រូវបានតែងតាំងជាលេខាបក្សកុម្មុយនីស្តចិនខេត្តហ៊ូប៉ី ជំនួសលោក ជាំង ឆាវលាំង ។ នេះជាការប្រកាសខ្លីដោយទីភ្នាក់ងារព័ត៌មានរដ្ឋចិន Xinhua ប៉ុន្តែមិនបានបញ្ជាក់មូលហេតុនៃការដោះដូរតំណែងកំពូលប្រចាំខេត្តហ៊ូប៉ីឡើយ។ លោក អ៊ីង យ៉ុង វ័យ៦២ឆ្នាំ ជាអភិបាលទីក្រុងសៀងហៃ។ លោក ជាំង ក្លាយជាមន្ត្រីចិនថ្នាក់ខ្ពស់បំផុតដែលត្រូវអស់តំណែងដោយសារកូរ៉ូណាវីរុសនេះ។ ជាលេខាបក្ស លោក ជាំង ជាមន្ត្រីកំពូលក្ដាប់កិច្ចការទាំងអស់ក្នុងខេត្តហ៊ូប៉ី។
ក្រោយការប្រកាសការដកតំណែងលោក ជាំង បន្តិច ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន ក៏ចេញផ្សាយការផ្លាស់ប្ដូរតំណែងលេខាបក្សទីក្រុងវូហានទៀត។ លោក ម៉ា គ័រឈាំង (Ma Guoqiang) លេខាបក្សកុម្មុយនីស្តចិនទីក្រុងវូហានដែលជាចំណុចផ្ដើមនៃកូរ៉ូណាវីរុស ត្រូវបានដកចេញពីតំណែង ហើយជំនួសដោយលោក វ៉ាង ចុងលីន (Wang Zhonglin) ។ លោក វ៉ាង ក៏ត្រូវបានតែងតាំងជាសមាជិកគណៈកម្មាធិការបក្សខេត្តហ៊ូប៉ីផងដែរ។
ការឆ្លើយតបយឺតយ៉ាវ និងការសង្ស័យពីការលាក់បាំងនឹងជំងឺ COVID-19 ដែលផ្ទុះចេញពីទីក្រុងវូហាន អាចជាដើមហេតុនៃការដកតំណែងមន្ត្រីគ្រាក់ៗទាំងពីរនេះ។ រដ្ឋាភិបាលចិន រងការរិះគន់ខ្លាំងចំពោះការឆ្លើយនឹងការរាលដាលកូរ៉ូណាវីរុសនេះ ដែលបច្ចុប្បន្នបានសម្លាប់មនុស្សច្រើនជាងមួយពាន់នាក់ និងរាប់ម៉ឺនាក់ទៀតឆ្លងវីរុសដែលមិនទាន់ថ្នាំព្យាបាល។ ពាក្យរិះគន់ផ្ទុះកាន់តែខ្លាំង ក្រោយមរណភាពរបស់វេជ្ជបណ្ឌិតម្នាក់ដែលព្រមានពីការផ្ទុះកូរ៉ូណាវីរុសនេះមុនគេ។
បើតាម Xinhua ការដកតំណែងលេខាបក្សទាំងពីរនេះ ធ្វើឡើងក្រោមការសម្រេចចិត្តរបស់គណៈមជ្ឈិមបក្សកុម្មុយនីស្តចិន ។ គណៈកម្មាធិកាអចិន្ត្រៃយ៍គណៈមជ្ឈិមបក្សកុម្មុយនីស្តចិន បានបើកកិច្ចប្រជុំមួយនៅថ្ងៃទី១២ ខែកុម្ភៈ ក្រោមការដឹកនាំផ្ទាល់របស់លោក ស៊ី ជិនភីង ដែលជាអគ្គលេខាគណៈមជ្ឈិមបក្ស និងជាប្រធានាធិបតីចិនផង។ ការសម្រេចចិត្តដកតំណែង ទំនងត្រូវបានសម្រេចនៅក្នុងកិច្ចប្រជុំនេះតែម្ដង។
នៅដើមសប្ដាហ៍នេះ មន្ត្រីជាន់ខ្ពស់ផ្នែកសុខាភិបាលពីររូបនៅហ៊ូប៉ី ក៏របូតតំណែងផងដែរ។ ក្នុងនោះ មានលេខាបក្សនៃគណៈកម្មការសុខាភិបាលខេត្ត និងនាយកគណៈកម្មការសុខាភិបាលដែលទទួលបន្ទុកការងារទប់ស្កាត់ និងគ្រប់គ្រងកូរ៉ូណាវីរុស។ ដើម្បីដោះស្រាយបញ្ហាក្ដៅគគុកនេះ ទីក្រុងប៉េកាំង បានបញ្ជូនមន្ត្រីសំខាន់ចំនួនពីរនាក់ទៅទប់ទល់ស្ថានការណ៍ផងដែរ៕
Tag:
ចិន
កូរ៉ូណាវីរុស
ហ៊ូប៉ី
© រក្សាសិទ្ធិដោយ thmeythmey.com