អន្តរជាតិ
លោក ត្រាំ មិនខ្វល់ ក្រោយហ្វីលីពីនប្រកាសបញ្ចប់កិច្ចព្រមព្រៀងយោធាជាមួយអាមេរិក
× ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅថ្ងៃទី១២ ខែកុម្ភៈ និយាយថា លោកមិនខ្វល់ឡើយចំពោះការសម្រេចចិត្តរបស់ហ្វីលីពីនក្នុងការបញ្ចប់កិច្ចព្រមព្រៀងយោធាជាមួយអាមេរិក។ សម្រាប់លោក ត្រាំ ការសម្រេចចិត្តរបស់រដ្ឋបាលប្រធានាធិបតី រ៉ូឌ្រីហ្គោ ឌូទើតេ នឹងជួយសន្សំលុយឲ្យអាមេរិកទៅវិញទេ។ យ៉ាងណាមិញ វាបង្ហាញពីការប្រេះឆាក្នុងការទំនាក់ទំនងរវាងអាមេរិក និងសម្ពន្ធមិត្តយូរឆ្នាំនៅតំបន់អាស៊ីអាគ្នេយ៍មួយនេះ។
ហ្វីលីពីន នៅថ្ងៃទី១១ ខែកុម្ភៈ បានជូនដំណឹងផ្លូវការទៅកាន់អាមេរិកពីបំណងរបស់ខ្លួនក្នុងការបញ្ចប់កិច្ចព្រមព្រៀងទទួលកម្លាំងបរទេស (VFA) ។ កិច្ចព្រមព្រៀងដែលមានអាយុ២០ឆ្នាំនេះ ចែងពីលក្ខខណ្ឌនានាក្នុងការទទួលយកកងទ័ពអាមេរិកសម្រាប់គោលដៅផ្សេងៗដូចជាការធ្វើសមយុទ្ធរួមគ្នាជាដើម។ វាស្ថិតក្នុងចំណោមកិច្ចព្រមព្រៀងទ្វេភាគីជាច្រើនដែលអាមេរិកចុះហត្ថលេខាជាមួយហ្វីលីពីនដែលជាសម្ពន្ធមិត្តសំខាន់បំផុតមួយនៅក្នុងតំបន់អាស៊ី។
យ៉ាងណាមិញ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ មិនបារម្ភអ្វីនឹងការសម្រេចចិត្តរបស់ទីក្រុងម៉ានីលឡើយ។ ឆ្លើយនឹងសំណួររបស់អ្នកសារព័ត៌មានថា លោកនឹងបញ្ចុះបញ្ចូលសមភាគីហ្វីលីពីន រ៉ូឌ្រីហ្គោ ឌូទើតេ ឲ្យពិចារណាឡើងវិញឬយ៉ាងណានោះ លោក ត្រាំ និយាយដោយត្រង់ៗថា លោកមិនខ្វល់អ្វីនឹងរឿងនេះឡើយ។ ប៉ុន្តែលោកបានលើកឡើងពីកិច្ចសហប្រតិបត្តិការនាពេលកន្លងមករវាងយោធាប្រទេសទាំងពីរ។
«យើងបានជួយហ្វីលីពីនច្រើនណាស់។ យើងជួយពួកគេកម្ចាត់ក្រុមរដ្ឋឥស្លាម... ខ្ញុំមិនជាអីឡើយប្រសិនបើពួកគេចង់ធ្វើបែបនោះ ហើយវាជួយសន្សំលុយយើងបានច្រើនណាស់។ ទស្សនៈរបស់ខ្ញុំខុសពីគេផ្សេង។» នេះជាការបញ្ជាក់របស់លោក ត្រាំ ពីសេតវិមាន។ យ៉ាងណាមិញ លោកអះអាងថា លោកនៅតែមានទំនាក់ទំនងល្អជាមួយលោក ឌូទើតេ ដដែល ហើយនឹងបន្តរង់ចាំមើលសភាពការណ៍បន្តទៀត។
ការសម្រេចចិត្តរបស់លោក ឌូទើតេ ក្នុងការបញ្ចប់កិច្ចព្រមព្រៀងជាមួយអាមេរិក ផ្ដើមចេញពីការលុបចោលទិដ្ឋាការសមាជិកព្រឹទ្ធសភាម្នាក់ ដែលធ្លាប់ជាមេប៉ូលិសជាតិដឹកនាំយុទ្ធនាការបង្ក្រាបគ្រឿងញៀនដ៏បង្ហូរឈាម។ អាមេរិក ក៏បានរិះគន់រដ្ឋាភិបាលម៉ានីលលើបញ្ហាដែរ។ ទាំងការរិះគន់លើសង្គ្រាមកម្ចាត់គ្រឿងញៀន និងការប៉ះពាល់មនុស្សជំនិតរបស់លោក ឌូទើតេ ផងនោះ ក៏នាំឲ្យទំនាក់ទំនងហ្វីលីពីន និងអាមេរិកល្អក់ករខ្លាំង ខណៈហ្វីលីពីនក៏ខិតជិតចិនទៅទៀត។
VFA គឺជាកិច្ចព្រមព្រៀងសំខាន់មួយក្នុងទំនាក់ទំនងជារួមរវាងយោធាអាមេរិក និងហ្វីលីពីន។ អស់កិច្ចព្រមព្រៀង វត្តមានយោធាអាមេរិកនៅក្នុងតំបន់ប្រឈមមុខបញ្ហាខ្លាំង ខណៈកំពុងជួបបញ្ហារក្សាចំនួនទ័ពនៅកូរ៉េខាងត្បូង និងជប៉ុនផងនោះ៕
Tag:
អាមេរិក
ហ្វីលីពីន
ដូណាល់ ត្រាំ
រ៉ូឌ្រីហ្គោ ឌូទើតេ
© រក្សាសិទ្ធិដោយ thmeythmey.com