អន្តរជាតិ
COVID-19 បង្ខំ​ឲ្យ​ចិន​លើក​ពេល​ប្រជុំ​សភា​ទាំងពីរ​ជា​លើកដំបូង​ក្នុងពេល​ជាង​៣០​ឆ្នាំ​
25, Feb 2020 , 11:54 am        
រូបភាព
សមាជិកសភាប្រជាជនចិនតម្រង់ជួរចូលវិមានប្រជាជនក្នុងទីក្រុងប៉េកាំង។ រូបភាព Xinhua
សមាជិកសភាប្រជាជនចិនតម្រង់ជួរចូលវិមានប្រជាជនក្នុងទីក្រុងប៉េកាំង។ រូបភាព Xinhua
​សភា​ទាំងពីរ​របស់​ចិន នឹង​លើក​ពេល​កិច្ចប្រជុំ​ប្រចាំឆ្នាំ​របស់ខ្លួន​ដែល​គ្រោង​ធ្វើ​នៅ​ខែ​ដើម​មីនា ព្រោះ​បារម្ភ​ពី​ការ​រាលដាល​ជំងឺ​ផ្ល​វ​ដង្ហើម​ដែល​បង្កដោយ​កូ​រ៉ូ​ណាវី​រុស​ប្រភេទ​ថ្មី (COVID-19)​។ នេះ​ជា​លើកដំបូង​ក្នុង​រយៈពេល​ជាង​៣០​ឆ្នាំ ដែល​កិច្ចប្រជុំ​ដ៏​ធំ​ទាំងពីរ​នេះ ត្រូវ​លើក​ពេលដែល​ធ្វើឡើង​ក្រោម​ហេតុផល​ថា ដើម្បី​អនុវត្តតាម​ការសម្រេច​ចិត្ត​របស់​បក្ស​កុម្មុយនីស្ត​ចិន​ក្នុងការ​ទប់ស្កាត់ និង​ការគ្រប់គ្រង​វីរុស​ប្រភេទ​ថ្មី​ដ៏​គ្រោះថ្នាក់​នេះ​។

 
​នា​កិច្ចប្រជុំ​ថ្ងៃទី​២៤ ខែកុម្ភៈ គណៈកម្មាធិការ​អចិន្ត្រៃយ៍​សភា​ប្រជាជន​ចិន បានអនុម័ត​សំណើ​លើក​ពេល​ប្រជុំ​ពេញអង្គ​លើក​ទី​បី សភា​ប្រជាជន​នីតិកាល​ទី​១៣ ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃទី​៥ ខែមីនា​ខាងមុខ​។ ការផ្ទុះ​ឡើង​កូ​រ៉ូ​ណាវី​រុស ជា​មូល​ហេតុដែល​នាំ​ឲ្យ​មានការ​លើក​ពេល​កិច្ចប្រជុំ​ដ៏​សំខាន់​ក្នុង​ប្រក្រតីទិន​នយោបាយ​របស់​ចិន​។ នេះ​ក៏​ជា​លើកដំបូង​គិត​តាំងពី​ឆ្នាំ​១៩៧៨ មក​ដែល​សភា​ប្រជាជន​ចិន ពន្យារពេល​បែបនេះ​។​
 
​ជាធម្មតា ចិន​តែង​បើក​កិច្ចប្រជុំសភា​របស់ខ្លួន​នៅ​ខែមីនា ហើយ​អំឡុងពេល​ពីរ​ទសវត្ស​រ៍​មកនេះ បានកំណត់​យក​ថ្ងៃ​បើក​នៅ​ថ្ងៃទី​៥ ខែមីនា​ជា​រៀងរាល់ឆ្នាំ​តែម្ដង​។ មេដឹកនាំ​ធំៗ​របស់​ប្រទេស តែងមាន​វត្តមាន​ក្នុង​កិច្ចប្រជុំ​នេះ ទោះជា​សភា​ចិន​ត្រូវបាន​មើលឃើញថា ជា​សភា​ប្រថាប់ត្រា​លើ​សេចក្ដីសម្រេច​របស់​បក្ស​កុម្មុយនីស្ត​ដ៏​មាន​ឥទ្ធិពល​ក្ដី​។ របៀបវារៈ​នៃ​កិច្ចប្រជុំសភា គឺ​ការអនុម័ត​គម្រោង​ចំណាយ​របស់​ប្រទេស និង​ការផ្ដល់​សេចក្ដីទុកចិត្ត​លើ​ការផ្លាស់ប្ដូរ​មន្ត្រី​នានា​។​
 
​ចំណែកឯ​កិច្ចប្រជុំសភា​ពិគ្រោះ​យោបល់​នយោបាយ​ប្រជាជន​ចិន​វិញ ក៏ត្រូវ​បាន​ណែនាំ​ឲ្យ​លើក​ពេល​កិច្ចប្រជុំ​ដែលជា​ធម្មតា​ចាប់ផ្ដើម​នៅ​ថ្ងៃទី​៣ ខែមីនា​។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​ចិន Xinhua ការសម្រេចចិត្ត​នេះ ធ្វើឡើង​អំឡុងពេល​កិច្ចប្រជុំ​ថ្នាក់ដឹកនាំ​របស់​សភា​នេះ​។ ប្រភពព័ត៌មាន​បន្ត កាលបរិច្ឆេទ​ថ្មី នឹងត្រូវ​កំណត់​នៅពេល​ក្រោយ​។ ការសម្រេចចិត្ត​លើក​ពេល​កិច្ចប្រជុំ​នេះ នឹង​អនុញ្ញាត​ឲ្យ​មន្ត្រី​ដែល​នឹងត្រូវ​មក​ប្រជុំ បង្វែរ​ការយកចិត្តទុកដាក់​របស់​ពួកគេ​លើ​ការទប់ស្កាត់ COVID-19 ។​
 
​សូមបញ្ជាក់ថា តួលេខ​អ្នកស្លាប់​ដោយសារ COVID-19 ឡើងដល់​ប្រមាណ​២៧០០​នាក់​ហើយ ដោយ​គិត​ត្រឹម​ព្រឹក​ថ្ងៃ​អង្គារ ទី​២៥ ខែកុម្ភៈ ហើយ​ករណី​ឆ្លង​មាន​ជាង​៨​ម៉ឺន​នាក់ និង​អ្នក​សះស្បើយ​មាន​ជាង​២៧០០០​នាក់​ផងដែរ​។ នៅ​ចិន មាន​ករណី​ស្លាប់​ចំនួន​២៦៦៦​នាក់ ដែល​ភាគច្រើន​នៅ​ខេត្ត​ហ៊ូ​ប៉ី ខណៈ​នៅ​ខេត្ត​ផ្សេង​មានការ​រាយការណ៍​ពី​ការធ្លាក់ចុះ​ករណី​ឆ្លង​គួរ​ឲ្យ​កត់សម្គាល់​។ 
 
​ក្រៅពី​ចិន ករណី​ស្លាប់​ចំនួន​១២​នាក់​នៅ​អ៊ីរ៉ង់ ៨​នាក់​នៅ​កូរ៉េខាងត្បូង ៧​នាក់​នៅ​អ៊ីតាលី ៤​នាក់​នៅ​ជប៉ុន (​ក្នុងនោះ​៣​នាក់​លើ​ករណី​នាវា Diamond Princess) រីឯ​បារាំង និង​ហ្វីលីពីន មាន​១​ករណី​រៀងៗ​ខ្លួនៗ​។ នៅ​ទូទាំង​ពិភពលោក ប្រទេស​ចំនួន​៣៤ មាន​ករណី​ឆ្លង COVID-19 ហើយ​ប្រទេស​ដែលមាន​ករណី​ឆ្លង​មាន​អ៊ីរ៉ង់ អូ​ម៉​ង់ និង​អ៊ីរ៉ាក់​ជាដើម​៕ 

Tag:
 ចិន​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com