COVID-19
អន្តរជាតិ
អាល់​ហ្សេ​រី​ជា​ប្រទេស​ទី​៣៨​ដែល​រកឃើញ​ករណី​ឆ្លង COVID-19
26, Feb 2020 , 7:12 am        
រូបភាព
​ប្រធានាធិបតី​អាល់​ហ្សេ​រី លោក Abdelmadjid Tebboune
​ប្រធានាធិបតី​អាល់​ហ្សេ​រី លោក Abdelmadjid Tebboune
ដោយ: រួបរួម
​ប្រធានាធិបតី​អាល់​ហ្សេ​រី លោក Abdelmadjid Tebboune តាមរយៈ Twitter របស់ខ្លួន បាន​អះអាង​ពី​ការរកឃើញ​ករណី​ដំបូង​នៃ​អ្នកជំងឺ​រលាក​សួត​បង្កដោយ​មេរោគ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី (COVID-19)​។ អ្នកជំងឺ​គឺជា​បុរស​ជនជាតិ​អ៊ីតាលី ដែល​បាន​ទៅដល់​អាល់​ហ្សេ​រី កាលពី​ថ្ងៃទី​១៧ ខែកុម្ភៈ​។​




​ករណីនេះ នាំ​ឲ្យ​អាល់​ហ្សេ​រី ក្លាយជា​ប្រទេស​ទី​៣៨​ដែលមាន​ករណី​ឆ្លង COVID-19 បន្ទាប់ពី​ការប្រកាស​ពីរ​ករណី​ដំបូង​នៅ​អូទ្រីស ១​ករណី​នៅ​ក្រូ​អាត និង​១​ករណី​នៅ​ស្វី​ស​។ ស្វី​ស​ក៏​ក្លាយជា​ប្រទេស​ទី​២​ផងដែរ​នៅ​អាហ្វ្រិក​ផងដែរ ដែល​បាន​រកឃើញ​វត្តមាន​ជំងឺ​ដែល​កំពុង​រាលដាល​មួយ​នេះ​។​

​លោក​ប្រធានាធិបតី​អាល់​ហ្សេ​រី Abdelmadjid Tebboune បាន​បញ្ជា​ទៅ​អាជ្ញាធរ​សុខាភិបាល​ឲ្យ​ចាត់វិធានការ​ម៉ឺងម៉ាត់​លើ​ការទប់ស្កាត់ ហើយ​លោក​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​ប្រុងប្រយ័ត្ន​ចំពោះ​ការចែករំលែក​ព័ត៌មាន​អន​ឡាញ​។​

COVID-19 មាន​វត្តមាន ខណៈដែល​អាល់​ហ្សេ​រី កំពុងមាន​វិបត្តិ​ផ្ទៃក្នុង ដោយ​ចលនា​បាតុកម្ម​ប្រមូល​ផ្តុំគ្នា​ដែល​ដឹកនាំ​ដោយ​ក្រុមប្រឆាំង កើត​ឡើងជា​ញឹកញាប់ បើ​គិត​ចាប់តាំងពី​លោក Tebboune ជាប់ឆ្នោត កាលពី​ខែធ្នូ កន្លងមក​។​

​ប្រទេស​ទាំង​៣៧​ដែលមាន​ករណី​ឆ្លង COVID-19 រួមមាន ចិន (​បញ្ចូល​ទាំង​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង តៃវ៉ាន់ និង​ម៉ា​កាវ​) កូរ៉េខាងត្បូង ជប៉ុន (+​ករណី​នាវា Diamond Princess) អ៊ីរ៉ង់ សិង្ហ​បុរី ថៃ អេ​មី​រ៉ា​ត​អា​រា់ប់​រួម ម៉ាឡេស៊ី វៀតណាម អ៊ីស្រាអែល អូ​ម៉​ង់ ហ្វីលីពីន លី​បង់ អ៊ីរ៉ាក់ កូ​វ៉ែត ប៉ា​រែ​ន អា​ហ្វ​ហ្គា​នី​ស្ថាន ឥណ្ឌា ណេ​ប៉ាល់ កម្ពុជា និង​ស្រីលង្កា​។​
 
​បណ្តា​ប្រទេស​នៅ​អឺរ៉ុប មាន អ៊ីតាលី បារាំង អង់គ្លេស អាល្លឺម៉ង់ ស៊ុយអែត រុស្ស៊ី អេ​ស្ប៉ា​ញ ហ្វាំ​ង​ឡង់ និង​បែលហ្ស៊ិក អូទ្រីស ​ក្រូ​អាត និងស្វីស​។ ក្រៅពីនោះ មាននៅ សហរដ្ឋអាមេរិក កាណាដា អូស្ត្រាលី ​និង​អេ​ហ្ស៊ី​ប​៕



Tag:
 COVID19
© រក្សាសិទ្ធិដោយ thmeythmey.com