អន្តរជាតិ
ថៃ រកឃើញអ្នកឆ្លង COVID-19 បីករណីថ្មី, សរុបឡើង ៤០ហើយ ប្រភពរូប៖ AFP
× ប្រទេសថៃ នៅថ្ងៃទី២៦ ខែកុម្ភៈ បានបញ្ជាក់ពីការរកឃើញជំងឺផ្លូវដង្ហើមបង្កឡើងដោយកូរ៉ូណាវីរុស (COVID-19) ចំនួន ៣ ករណីថ្មីទៀត ដែលធ្វើឲ្យចំនួនឆ្លងសរុបឡើងដល់ ៤០ ករណី។ ទន្ទឹមនឹងការប្រកាសករណីឆ្លងថ្មី អាជ្ញាធរសុខាភិបាលថៃ បានរិះគន់លើអ្នកជំងឺម្នាក់សម្រាប់ការព្យាយាមបិទបាំងដំណើរកម្សាន្តទៅកាន់ប្រទេសជប៉ុន។
លេខាធិការអចិន្ត្រៃយ៍នៃក្រសួងសុខភាពសាធារណៈថៃ លោក Sukhum Kanchanapimai បានបញ្ជាក់ថា អ្នកជំងឺថ្មីទាំងបីនាក់នេះ គឺសុទ្ធតែជាជនជាតិថៃ។ លោក បន្តថា អ្នកជំងឺពីរនាក់ ដែលប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា អះអាងថា ជាប្ដីប្រពន្ធ បានត្រលប់មកពីធ្វើដំណើរកម្សាន្តពីកោះ Hokkaido ភាគខាងជើងនៃប្រទេសជប៉ុន ។
តាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍ លោក Sukhum សង្កត់ធ្ងន់ថា អ្នកជំងឺទាំងពីរនេះបានប៉ះផ្ទាល់ជាមួយអ្នកជំងឺទីបី។ យ៉ាងណាមិញ គេពុំបានបង្ហើបអត្តសញ្ញាណរបស់កុមារដែលមាន COVID-19 នេះឡើយ។
ដំបូងឡើយ អ្នកជំងឺជាបុរស ពុំបានបញ្ជាក់ពីប្រវត្តិធ្វើដំណើររបស់លោក នៅពេលលោកបានទៅមន្ទីរពេទ្យដើម្បីទទួលការព្យាបាលកាលពីថ្ងៃអាទិត្យសប្តាហ៍មុន ព្រោះលោកមានរោគសញ្ញាក្អក និងក្តៅខ្លួន។ លោករដ្ឋមន្ត្រីសុខភាពសាធារណៈថៃ Anutin Charnvirakul អះអាងបែបនេះ ដោយបន្ថែមថា បុគ្គលរូបនេះ បង្កហានិភ័យឆ្លងដល់អ្នកដទៃទៀតក្នុងមន្ទីរពេទ្យ។ ត្រង់នេះ លោក សង្កត់ធ្ងន់ថា៖«យើងត្រូវតែរិះគន់លើករណីនេះ។ វាបង្កបញ្ហាច្រើនដល់យើង»។
អ្នកជំងឺរូបនេះ បានមកកាន់មន្ទីរពេទ្យដើម្បីទទួលការព្យាបាល កាលពីថ្ងៃ២៣ ខែកុម្ភៈ ក៏ប៉ុន្តែលោកបានលាក់បាំងពីប្រវត្តិដំណើរកម្សាន្តទៅបរទេសរបស់លោក ពោលគឺរហូតដល់ថ្ងៃទី ២៤ ខែកុម្ភៈ។ អ្នកជំងឺរូបនេះ បានប៉ះផ្ទាល់ជាមួយបុគ្គលិកវេជ្ជសាស្ត្រនៅមន្ទីរពេទ្យនោះចំនួន ៣០នាក់ ដែលក្រោយមកពួកគេបានធ្វើតេស្តអវិជ្ជមានសម្រាប់ COVID-19 ហើយត្រូវស្នើឲ្យនៅផ្ទះមួយរយៈសិន៕
Tag:
ថៃ
កូរ៉ូណាវីរុស
COVID-19
រដ្ឋមន្ត្រីសុខភាពសាធារណៈ
© រក្សាសិទ្ធិដោយ thmeythmey.com