COVID-19
អន្តរជាតិ
៥ប្រទេសទៀតមាន COVID-19៖ រូម៉ានី ន័រវេស ហ្សកហ្ស៊ី ម៉ាសេដ្វានខាងជើង និងប៉ាគីស្ថាន រដ្ឋមន្ត្រីសុខាភិបាលម៉ាសេដ្វានខាងជើង លោក Venko Filipce
× ការរកឃើញករណីឆ្លងកូរ៉ូណាវីរុស ឡើងដល់៤៥ប្រទេសហើយ បើគិតត្រឹមព្រឹកថ្ងៃព្រហស្បត៍ ទី២៧ ខែកុម្ភៈនេះ។ ប្រទេសដែលទើបរកឃើញរួមមាន រូម៉ានី ន័រវេស ហ្សកហ្ស៊ី ម៉ាសេដ្វានខាងជើង និងប៉ាគីស្ថាន។
នៅរូម៉ានី លោក Victor Costache រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអះអាងពីការរកឃើញករណីដំបូងនៅខេត្ត Gorj ខណៈសមាជិកគ្រួសាររបស់បុរសនោះយ៉ាងហោចណាស់៧នាក់ ត្រូវស្ថិតក្រោមវិធានចត្តាឡីស័ក។ នេះបើយោងតាមការផ្សាយរបស់ Digi24.ro។
ប្រធានភ្នាក់ងារសុខភាពសាធារណន័រវេស (FHI) លោក Line Vold បានថ្លែងក្នុងសន្និសីទសារព័ត៌មានពីការតេស្តឃើញ COVID-19 លើកដំបូងក្នុងទឹកដីរបស់ខ្លួន ដោយអ្នកជំងឺទើបវិលត្រឡប់ពីប្រទេសចិន កាលពីចុងសប្តាហ៍មុន។
នៅហ្សកហ្ស៊ី អ្នកជំងឺដំបូងគឺជាបុរសវ័យ៥០ឆ្នាំម្នាក់ដែលជាជនជាតិហ្សកហ្ស៊ីផ្ទាល់ ដែលទើបវិលពីអ៊ីរ៉ង់ ដោយឆ្លងកាត់អាសែបៃហ្សង់។ រដ្ឋមន្ត្រីសុខាភិបាលហ្សកហ្ស៊ី លោកស្រី Ekaterine Tikaradze អះអាងថា ស្ថានភាពអ្នកជំងឺមិនមានបញ្ហាឡើយ។
នៅឯម៉ាសេដ្វានខាងជើង រដ្ឋមន្ត្រីសុខាភិបាល លោក Venko Filipce បានបញ្ជាក់ពីករណី COVID-19 លើស្ត្រីម្នាក់ដែលកើតនៅឆ្នាំ១៩៧០ នៅក្រុង Skopje។ យោងតាមការផ្សាយរបស់សារព័ត៌មាន Makfax ស្ត្រីនោះទើបវិលត្រឡប់ពីអ៊ីតាលី។
នៅប៉ាគីស្ថាន ពីរករណីត្រូវបានរកឃើញជាបន្តបន្ទាប់។ វេជ្ជបណ្ឌិត Zafar Mirza ជំនួញការពិសេសរបស់នាយករដ្ឋមន្ត្រី ដែលទទួលបន្ទុកផ្នែកសុខាភិបាល បានអះអាងបែបនេះនៅក្នុង Twitter របស់ខ្លួន ដោយអ្នកជំងឺទាំងពីរសុទ្ធតែមានប្រវត្តិធ្វើដំណើរទៅអ៊ីរ៉ង់។
ប្រទេស៤០ទៀតដែលមានករណីឆ្លង COVID-19 រួមមាន ចិន (បញ្ចូលទាំងតំបន់រដ្ឋបាលពិសេសហុងកុង តៃវ៉ាន់ និងម៉ាកាវ) កូរ៉េខាងត្បូង ជប៉ុន (+ករណីនាវា Diamond Princess) អ៊ីរ៉ង់ សិង្ហបុរី ថៃ អេមីរ៉ាតអារា់ប់រួម ម៉ាឡេស៊ី វៀតណាម អូម៉ង់ ហ្វីលីពីន លីបង់ អ៊ីរ៉ាក់ កូវ៉ែត ប៉ារែន អាហ្វហ្គានីស្ថាន ឥណ្ឌា ណេប៉ាល់ កម្ពុជា និងស្រីលង្កា។
បណ្តាប្រទេសនៅអឺរ៉ុប មាន អ៊ីតាលី បារាំង អង់គ្លេស អាល្លឺម៉ង់ ស៊ុយអែត រុស្ស៊ី អ៊ីស្រាអែល អេស្ប៉ាញ ហ្វាំងឡង់ បែលហ្ស៊ិក អូទ្រីស ក្រូអាស៊ី ស្វីស និងក្រិក។ ក្រៅពីនោះ មាននៅ សហរដ្ឋអាមេរិក កាណាដា អូស្ត្រាលី អេហ្ស៊ីប អាល់ហ្សេរី និងប្រេស៊ីល៕
© រក្សាសិទ្ធិដោយ thmeythmey.com