អន្តរជាតិ
COVID-19 មានជាង៣០០ករណីថ្មីនៅកូរ៉េខាងត្បូង ដោយអ្នកស្លាប់ឡើងដល់១៣នាក់ ប្រភពរូប៖ AFP
× អាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូង បានបញ្ជាក់ពីការរកឃើញជំងឺផ្លូវដង្ហើមបង្កឡើងដោយកូរ៉ូណាវីរុស ៣៣៤ករណីថ្មីបន្ថែម ដែលបង្កើនករណីឆ្លងសរុបដល់ ១៥៩៥នាក់ហើយ។ តួលេខថ្មីនេះ គឺជាករណីឆ្លងដែលបានរកឃើញច្រើនបំផុតក្នុងប្រទេសនេះ ចាប់តាំងករណីឆ្លងដំបូងបានរកឃើញកាលពីថ្ងៃ២០ ខែមករា មក។
ក្នុងចំណោមតួលេខថ្មីនេះ ៣០៧ នាក់ គឺស្ថិតក្នុងទីក្រុង Daegu ភាគអាគ្នេយ៍នៃប្រទេសកូរ៉េខាងត្បូង។ ទីក្រុងនេះហើយគឺជាចំណុចផ្ដើមនៃការផ្ទុះរីករាលដាលនៃជំងឺ COVID-19 ដែលចេញពីវិហារសាសនាគ្រឹស្តមួយ។ មជ្ឈមណ្ឌលសម្រាប់គ្រប់គ្រងនិងបង្កាជំងឺរបស់កូរ៉េខាងត្បូង (KCDC) បានបញ្ជាក់បែបនេះនៅព្រឹកថ្ងៃព្រហស្បតិ៍ទី២៧ ខែកុម្ភៈ ក្នុងសេចក្តីថ្លែងការណ៍។
អ្នកឆ្លងក្នុងក្រុង Daegu ដែលមានចម្ងាយ ៣០០គីឡូម៉ែត្រពីរដ្ឋធានី សេអ៊ូល បានឡើងដល់ ១០១៧នាក់ហើយ ខណៈខេត្ត North Gyeongsang ដែលនៅក្បែរទីក្រុងនេះ បានឡើងដល់៣២១ករណី។ បើតាមអាជ្ញាធរ KCDC នៅថ្ងៃព្រហស្បតិ៍ ទីក្រុង សេអ៊ូល បានរកឃើញ COVID-19 ចំនួន ៦ករណីថ្មីបន្ថែម ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Yonhap ។
ក្នុងសេចក្តីថ្លែងការណ៍ដដែល អាជ្ញាធរសុខាភិបាលនេះ បានបញ្ជាក់ទៀតថា គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍នេះ គ្មានការស្លាប់ដោយសារ COVID-19 កើតឡើងថ្មីទៀតឡើយក្នុងប្រទេសកូរ៉េខាងត្បូង ខណៈតួលេខស្លាប់សរុប នៅតែ ១២ នាក់ដដែល។ យ៉ាងណាមិញ តាមរបាយការណ៍ចុងក្រោយដែលចុះផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters ហើយស្រង់សម្តីរបស់អភិបាលក្រុង Daegu អ្នកស្លាប់នៅកូរ៉េខាងត្បូង បានឡើងដល់ ១៣ នាក់ហើយ៕
Tag:
កូរ៉េខាងត្បូង
COVID-19
កូរ៉ូណាវីរុស
© រក្សាសិទ្ធិដោយ thmeythmey.com