COVID-19
អន្តរជាតិ
COVID-19 ថយបន្តិចនៅចិន ឯប្រទេសដទៃកើន ខណៈអ្នកស្លាប់មានជាង២៨០០នាក់ រូបភាព Xinhua
× ស្ថានការណ៍ជំងឺរលាកសួតដែលបង្កដោយកូរ៉ូណាវីរុសប្រភេទថ្មី (COVID-19) នៅចិន បានចេញសញ្ញាថមថយបន្តិច ដោយចំនួនអ្នកស្លាប់ដោយសារមេរោគបានធ្លាក់ចុះបីថ្ងៃជាប់គ្នា ខណៈចំនួនករណីឆ្លងក៏មានមិនច្រើនដូចពេលមុនដែរ។ យ៉ាងណាមិញ COVID-19 នៅក្រៅទឹកដីចិន បែរជាកើនឡើងគួរឲ្យកត់សម្គាល់ ពិសេសនៅតំបន់អឺរ៉ុបដែលមានការរាយការណ៍ពីករណីឆ្លងថ្មីៗបន្ថែមទៀត ស្របពេលកូរ៉េខាងត្បូងនៅតែជាឈរបន្ទាប់ពីចិនលើករណីឆ្លងសរុបដដែល។ គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍នេះ អ្នកស្លាប់មាន២៨០៤នាក់។
នៅថ្ងៃទី២៧ ខែកុម្ភៈ ចិនបានរាយការណ៍ពីករណីស្លាប់ចំនួន២៩នាក់ថែមទៀតដោយសារកូរ៉ូណាវីរុសថ្មី ដែលនេះជាតួលេខប្រចាំថ្ងៃទាបជាងគេបំផុតគិតចាប់តាំងពីថ្ងៃទី២៩ ខែមករា និងជាការធ្លាក់ចុះអ្នកស្លាប់បីថ្ងៃជាប់គ្នា។ ប៉ុន្តែករណីឆ្លងជំងឺបានងើបឡើងបន្តិចវិញ បន្ទាប់ពីធ្លាក់ចុះនាពេលកន្លងមក។ បើតាមទិន្នន័យរបស់គណៈកម្មការសុខាភិបាលចិន ចំនួនអ្នកស្លាប់សរុបនៅទឹកដីចិនដីគោកមាន២៧៤៧នាក់។
នៅថ្ងៃដដែល គណៈកម្មការសុខាភិបាលចិន បានបញ្ជាក់ពីករណីឆ្លងចំនួន៤៣៣ នៅទូទាំងប្រទេស។ ជាសរុប ចំនួនករណីឆ្លងនៅចិនមានចំនួន៧៨៥០០នាក់ហើយ។ នៅខេត្តខណ្ឌក្រៅខេត្តហ៊ូប៉ី ករណីឆ្លង COVID-19 បានធ្លាក់នៅប៉ុន្មានថ្ងៃមកនេះ។ ខេត្តជាច្រើន ក៏បានទម្លាក់កម្រិតឆ្លើយតបអាសន្នរបស់ខ្លួន ខណៈដែលខេត្តហ៊ូប៉ីបន្តបិទដដែល។ ជាមួយគ្នា កម្មករជាបន្តបន្ទាប់ ក៏ត្រឡប់ទៅធ្វើការវិញរៀងៗខ្លួនផងដែរ។
បើទោះជាស្ថានការណ៍នៅចិនហាក់ធូរស្រាលបន្តិចក្ដី ករណីឆ្លង COVID-19 នៅជុំវិញពិភពលោក បែរជាបន្តកើនឡើងទៅវិញ។ កូរ៉េខាងត្បូង នៅតែជាប្រទេសមានករណីឆ្លងច្រើនជាងគេបន្ទាប់ពីចិនដដែល ដោយបានរកឃើញការឆ្លងថ្មីៗចំនួន៣៤៤ទៀត ដែលនាំឲ្យករណីសរុបកើនដល់១៥៩៥។ ករណីស្លាប់នៅកូរ៉េខាងត្បូង មានចំនួន១៣នាក់។ ទីក្រុង Daegu នៅតែជាប្រភពចម្លងដ៏ធំនៅកូរ៉េខាងត្បូងដដែល។
ឯទ្វីបអឺរ៉ុបវិញ ករណីឆ្លង COVID-19 នៅអ៊ីតាលីកើនដល់៤៧០ និងអ្នកស្លាប់មានចំនួន១២នាក់។ រដ្ឋតំបន់អឺរ៉ុបថ្មីៗដែលរាយការណ៍ពីករណីឆ្លង COVID-19 មាន រូម៉ានី ន័រវេស ហ្សកហ្ស៊ី ម៉ាសេដ្វានខាងជើង និងក្រិក។ ដោយឡែក ប៉ាគីស្ថាន និងប្រេស៊ីល ក៏បានរាយការណ៍ពីករណីឆ្លងដំបូងរបស់ខ្លួនផងដែរ។ នៅអ៊ីរ៉ង់ឯណោះ ចំនួនអ្នកស្លាប់មាន១៩នាក់ ហើយករណីឆ្លងមាន១៣៩នាក់ រាប់ទាំងអនុរដ្ឋមន្ត្រីសុខាភិបាលម្នាក់ផងដែរ។
ស្របពេលជាមួយគ្នា អ្នកជំងឺជិត៣៣០០០នាក់ក្នុងចំណោមជាង៨២០០០នាក់ បានជាសះស្បើយ និងត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។
បើតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក (WHO) គិតត្រឹមថ្ងៃទី២៦ ខែកុម្ភៈ ចំនួនអ្នកស្លាប់ដោយសារ COVID-19 នៅទូទាំងពិភពលោកមាន២៧៦១នាក់ ជាមួយនឹងករណីឆ្លងសរុបជាង៨១០០០នាក់ឯណោះ។ លោក Bruce Aylward ប្រធានបេសកកម្មចិន-WHO ដើម្បីស្រាវជ្រាវជំងឺមួយនេះ ព្រមានថា ពិភពលោក មិនទាន់ត្រៀមខ្លួនដើម្បីទប់ទល់នឹងវីរុសប្រភេទថ្មីនេះនៅឡើយទេ ហើយវិធានការគ្រប់គ្រងត្រូវតែដាក់ចេញឲ្យបានលឿនបំផុត៕
© រក្សាសិទ្ធិដោយ thmeythmey.com