អន្តរជាតិ
COVID-19៖ ក្រៅពី​ចិន អ្នកស្លាប់​ឡើង​ជាង​៥០​នាក់ ដោយ​អ៊ីរ៉ង់ កូរ៉េខាងត្បូង និង​អ៊ីតាលី រងគ្រោះ​ខ្លាំង​
27, Feb 2020 , 2:24 pm        
រូបភាព
បុគ្គលិកសុខាភិបាលកូរ៉េខាងត្បូង លើកអ្នកជំងឺឆ្លង COVID-19 នៅមន្ទីរពេទ្យមួយ ក្នុងក្រុង Chuncheon កាលពីថ្ងៃ២២ ខែកុម្ភៈឆ្នាំ២០២០ (AFP)
បុគ្គលិកសុខាភិបាលកូរ៉េខាងត្បូង លើកអ្នកជំងឺឆ្លង COVID-19 នៅមន្ទីរពេទ្យមួយ ក្នុងក្រុង Chuncheon កាលពីថ្ងៃ២២ ខែកុម្ភៈឆ្នាំ២០២០ (AFP)
ដោយ:
​គិត​ត្រឹម​រសៀល​ថ្ងៃទី​២៧ ខែកុម្ភៈ​នេះ អ្នកស្លាប់​ដោយសារ​ជំងឺ​ផ្លូវដង្ហើម​កូ​រ៉ូ​ណា (COVID-19) បាន​ឡើងដល់​២៨០៤​នាក់ ដែល​ក្នុងនោះ​២៧៥០​នាក់​ស្ថិត​ក្នុងប្រទេស​ចិន (​រួមបញ្ចូល​ហុងកុង​២​ករណី និង​តៃវ៉ាន់​១​ករណី​)​។ ៥៤​ករណី​ទៀត​ស្ថិតនៅ​បណ្តា​ប្រទេស​ផ្សេងៗ ដោយ​អ៊ីរ៉ង់ កូរ៉េខាងត្បូង និង​អ៊ីតាលី រងគ្រោះ​ខ្លាំងជាងគេ​។​

 
​ប្រសិនបើ​ដក​ប្រទេស​ចិន​ចេញពី​បញ្ជី​អ្នកស្លាប់​ព្រោះ COVID-19 ប្រទេស​អ៊ីរ៉ង់ ដែល​ស្ថិតនៅ​តំបន់​មជ្ឈិមបូព៌ា ឈរ​នៅ​កំពូល​តារាង ដោយមាន​អ្នកស្លាប់  គិត​ត្រឹម​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ ចំនួន​១៩​នាក់​ហើយ​។ ចូលដល់​តំបន់​អាស៊ី​បូព៌ា កូរ៉េខាងត្បូង មាន​ករណី​ស្លាប់​ព្រោះ​ជំងឺ COVID-19 ចំនួន ១៣​នាក់ ខណៈ​នៅ​ប៉ែក​អឺរ៉ុប​វិញ ប្រទេស​អ៊ីតាលី នៅ​ប្រកៀក​នឹង​កូរ៉េខាងត្បូង​ដែរ ជាមួយ​អ្នកស្លាប់ ១២​នាក់​។ 
 
​ជប៉ុន មាន​អ្នកស្លាប់​៣ នាក់ ហើយ​អ្នកស្លាប់​លើ​នាវា​ទេសចរណ៍ Diamond Princess ដែល​ចត​នៅ​តំបន់ យូ​កូ​ហា​ម៉ា ប្រទេស​ជប៉ុន មាន​៤​នាក់​។ ទីក្រុង​ហុងកុង ដែលជា​តំបន់​ស្វ័យ​តរបស់​រដ្ឋាភិបាល​ចិន មាន​អ្នកស្លាប់​២​នាក់ ខណៈ​កោះ​តៃវ៉ាន់ ដែល​ចិន​ចាត់ទុកជា​ខេត្ត​មួយ​រង់ចាំ​បង្រួបបង្រួម​នោះ មាន​អ្នកស្លាប់​១​នាក់​។ ចំណែក​បារាំង មាន​អ្នកស្លាប់ ២ នាក់ ឯ​ហ្វីលីពីន មាន​១​នាក់​។​
 
​មកដល់ពេលនេះ ករណី​ឆ្លង​មាន​ជាង​៨២០០០​នាក់ ដែល​ក្នុងនោះ ចិន មាន​ប្រមាណ​៨​ម៉ឺន​នាក់​។ កូរ៉េខាងត្បូង​ស្ថិតនៅ​លេខ​២ ដោយមាន​ជិត​១៦០០​នាក់ ជប៉ុន​មាន​ជិត​៩០០​នាក់ (​ក្នុងនោះ​ជាង​៧០០​នាក់​នៅ​នាវា Diamond Princess) អ៊ីតាលី​មាន​៤៧០​នាក់ អ៊ីរ៉ង់​មាន​១៣៩​នាក់​។ ប្រទេស​ជា​បន្តបន្ទាប់​រួមមាន​សិង្ហ​បុរី អាមេរិក ថៃ បា​រ៉ែ​ន អាល្លឺម៉ង់ កូ​វ៉ែត អូស្ត្រាលី និង​ម៉ាឡេស៊ី ជាច្រើន​។​
 
​ប្រទេស​ដែលមាន​ជាង​១០​ករណី រួមមាន បារាំង វៀតណាម អេ​ស្ប៉ា​ញ អង់គ្លេស អេ​មី​រ៉ា​ត​អារ៉ាប់​រួម និង​កាណាដា​។​
 
​ប្រទេស​៤៥៧​ដែលមាន​ករណី​ឆ្លង COVID-19 រួមមាន ចិន (​បញ្ចូល​ទាំង​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង តៃវ៉ាន់ និង​ម៉ា​កាវ​) កូរ៉េខាងត្បូង ជប៉ុន (​បូក​ករណី​នាវា Diamond Princess) អ៊ីរ៉ង់ សិង្ហ​បុរី ថៃ អេ​មី​រ៉ា​ត​អា​រា់ប់​រួម ម៉ាឡេស៊ី វៀតណាម អូ​ម៉​ង់ ហ្វីលីពីន លី​បង់ អ៊ីរ៉ាក់ កូ​វ៉ែត ប៉ា​រែ​ន អា​ហ្វ​ហ្គា​នី​ស្ថាន ឥណ្ឌា ណេ​ប៉ាល់ កម្ពុជា ស្រីលង្កា ប៉ា​គី​ស្ថាន​។ 
 
​បណ្តា​ប្រទេស​នៅ​អឺរ៉ុប មាន អ៊ីតាលី បារាំង អង់គ្លេស អាល្លឺម៉ង់ ស៊ុយអែត រុស្ស៊ី អ៊ីស្រាអែល អេ​ស្ប៉ា​ញ ហ្វាំ​ង​ឡង់ បែលហ្ស៊ិក អូទ្រីស ក្រូ​អាស៊ី ស្វី​ស ក្រិ​ក រូ​ម៉ា​នី ន័​រវេ​ស ម៉ា​សេ​ដ្វា​ន​ខាងជើង ហ្ស​ក​ហ្ស៊ី អេ​ស្តូ​នី និង​ដា​ណឺ​ម៉ាក​។ 
 
​ក្រៅពីនោះ មាននៅ សហរដ្ឋអាមេរិក កាណាដា អូស្ត្រាលី អេ​ហ្ស៊ី​ប អាល់​ហ្សេ​រី និង​ប្រេ​ស៊ី​ល​៕

Tag:
 ចិន​
  កូរ៉េខាងត្បូង​
  អ៊ីរ៉ង់​
  កូរ៉េខាងត្បូង​
  អ៊ីតាលី​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com