អន្តរជាតិ
ឥណ្ឌូណេស៊ី ឃាត់ទូកនេសាទខុសច្បាប់វៀតណាមក្នុងដែនទឹករបស់ខ្លួន កងកម្លាំងឥណ្ឌូណេស៊ី ឃាត់ខ្លួនជនជាតិវៀតណាម, រូបភាព៖ AFP
× ឥណ្ឌូណេស៊ី បានឃាត់ទុកទូកនេសាទវៀតណាម និងកងនាវិកជាច្រើននាក់ ដែលបានចូលមកនេសាទក្នុងដែនទឹកឥណ្ឌូណេស៊ីខុសច្បាប់។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃទី៥ ខែមីនា។
ទូកនេសាទចំនួន៥ និងនាវិកចំនួន ៦៨នាក់ ត្រូវបានអាជ្ញាធរឥណ្ឌូណេស៊ីឃាត់ទុក បន្ទាប់ពីចូលមកនេសាទខុសច្បាប់ ក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ (Exclusive Economic Zone) ក្បែរប្រជុំកោះណាទុណា (Natuna) របស់ឥណ្ឌូណេស៊ី។ ចំណាត់ការឃាត់ទុករបស់ឥណ្ឌូណេស៊ីនេះធ្វើឡើង បន្ទាប់ពីទូកនេសាទរបស់វៀតណាមមិនព្រមបញ្ឈប់សកម្មភាពរបស់ខ្លួន។
កាលឆ្នាំមុនឥណ្ឌូណេស៊ី និងវៀតណាមក៏បានប៉ះទង្គិតគ្នាដែរ ជុំវិញការឃាត់ទូកនេសាទនេះ។ កាលនោះនាវាយាមល្បាតរបស់វៀតណាមពីរគ្រឿង បានបើកបុកនាវាយាមល្បាតឥណ្ឌូណេស៊ីមួយគ្រឿង ដើម្បីការពារទូកនេសាទរបស់ខ្លួន។ ហេតុការណ៍នេះ បានបង្កឲ្យមានបញ្ហាចម្រូងចម្រាស់យ៉ាងខ្លាំងរវាងភាគីវៀតណាម និងឥណ្ឌូណេស៊ី។
ជាប្រទេសធំជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ឥណ្ឌូណេស៊ី បានការពារដែនដីរបស់ខ្លួនយ៉ាងខ្លាំង។ នាខែមករា ឆ្នាំ ២០២០កន្លងទៅ ឥណ្ឌូណេស៊ី បានបញ្ជូនយន្តហោះចម្បាំង និងនាវាចម្បាំងជាច្រើនគ្រឿង ដើម្បីបញ្ឈប់សកម្មភាពខុសច្បាប់របស់ទូកនេសាទចិន និងនាវាយាមល្បាតចិន ដែលបានធ្វើសកម្មភាពនៅក្នុងតំបន់ប្រជុំកោះណាទុណា។ ចុងក្រោយទូកនេសាទ និងនាវាយាមល្បាតចិន បានចាកចេញពីតំបន់នេះ ដើម្បីបញ្ចប់ជម្លោះភាគីទាំងពីរ៕
© រក្សាសិទ្ធិដោយ thmeythmey.com