អន្តរជាតិ
បន្ទាប់ពី​ប្រឈមមុខ​ដាក់គ្នា​មួយរយៈ​ខ្លី នាវា​ចិន​ចាក​ចេញពី​ដែនទឹក​ឥណ្ឌូណេស៊ី​វិញ​
10, Jan 2020 , 3:41 pm        
រូបភាព
លោកប្រធានាធិបតីឥណ្ឌូណេស៊ី ចុះទៅមើលស្ថានការណ៍នៅតំបន់ប្រជុំកោះណាទុណា។ រូបភាព៖ AFP
លោកប្រធានាធិបតីឥណ្ឌូណេស៊ី ចុះទៅមើលស្ថានការណ៍នៅតំបន់ប្រជុំកោះណាទុណា។ រូបភាព៖ AFP
​យោធា​ឥណ្ឌូណេស៊ី នៅ​ថ្ងៃទី​៩ ខែមករា បាន​អះអាងថា ទូក​នេសាទ និង​នាវា​យាមល្បាត​ចិន បាន​ចាក​ចេញពី​តំបន់សេដ្ឋកិច្ចផ្តាច់មុខ​របស់ខ្លួន​ហើយ​។ ការដកចេញ​នេះ ទំនងជា​អាច​បណ្តាលមកពី​ការចរចា​រវាង​ប្រទេស​ទាំងពីរ​បានទទួល​ជោគជ័យ ឬ​បណ្តាលមកពី​ការពង្រាយ​កម្លាំងយោធា​ដ៏​ច្រើនសន្ធឹក​របស់​ឥណ្ឌូណេស៊ី​នៅតាម​តំបន់​ប្រជុំ​កោះ​ណា​ទុ​ណា​។


 
​វត្តមាន​របស់​ទូក​នា​សាទ និង​នាវា​យាមល្បាត​ចិន មាន​តាំងពី​ខែធ្នូ ឆ្នាំ ២០១៩ នៅ​តំបន់​ភាគ​ខាងជើង​កោះ​ណា​ទុ​ណា ដែល​តំបន់សេដ្ឋកិច្ចផ្តាច់មុខ​មួយ​របស់​ឥណ្ឌូណេស៊ី​។ ដើម្បី​តតាំង​នឹង​ស្ថានការណ៍​នេះ ទីក្រុង​ហ្សា​ការ​តា បាន​បញ្ជូន​នាវាចម្បាំង​ចំនួន ៨​គ្រឿង និង​យន្តហោះ​ចម្បាំង​បួន​គ្រឿង ដើម្បី​ទៅ​ឃ្លាំមើល​សកម្មភាព​ទូក​នេសាទ និង​នាវា​យាមល្បាត​ចិន​នៅក្នុង​តំបន់​ប្រជុំ​កោះ​ណា​ទុ​ណា​។​
 
អត្ថបទទាក់ទង
​យ៉ាងណាក៏ដោយ​ស្ថានការណ៍​បាន​ប្រែ​ទៅជា​ធម្មតា​វិញ បន្ទាប់ពី​ទូក​នេសាទ និង​នាវា​យាមល្បាត​ចិន ដកទ័ព​ចេញពី​តំបន់​ប្រជុំ​កោះ​ណា​ទុ​ណា​។ បើតាម​ឧ​ត្ត​មនា​វី​ឯក​ឥណ្ឌូណេស៊ី Yudo Margono បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ «​ទូក​នេសាទ​ចិន ចេញ​អស់ហើយ​។ ពួកគេ​ចាក​ចេញពី​តំបន់​ណា​ទុ​ណា និង​កំពុង​ឆ្ពោះទៅ​ភាគ​ខាងជើង​»​។ បន្ថែម​ពីលើ​នេះ លោក Margono បានបញ្ជាក់​ទៀតថា ទូក​យាមល្បាត​ចិន​ឯណោះ​វិញ ក៏បាន​ចាកចេញ​ដូចគ្នា និង​កំពុង​ឆ្ពោះទៅ​ម៉ាឡេស៊ី​។ នេះ​បើតាម​ការចុះផ្សាយ​របស់​សារព័ត៌មាន Channel News Asia​។ 
 
​បើទោះបីជា​ទូក​នេសាទ និង​នាវា​យាមល្បាត​ចិន​ដក​ទៅ​អស់​ក៏ពិតមែន ប៉ុន្តែ​ឥណ្ឌូណេស៊ី នឹងដាក់​នាវា​យាមល្បាត​ខ្លះ និង​យន្តហោះ​ស៊ើបអង្កេត ដើម្បី​ពិនិត្យមើល​ដែនទឹក​ផ្សេងៗ នៅក្នុង​ប្រជុំ​កោះ​ណា​ទុ​ណា និង​តំបន់​ដែនទឹក​ផ្សេងទៀត​។ 
 
​ពាក់ព័ន្ធ​ទៅនឹង​បញ្ហា​នេះ លោក​ប្រធានាធិបតី​ឥណ្ឌូណេស៊ី ចូ​កូ វី​ដូ​ដូ ក៏បាន​លើកឡើងថា តំបន់​ប្រជុំ​កោះ​ណា​ទុ​ណា គឺជា​កម្មសិទ្ធិ​របស់​ឥណ្ឌូណេស៊ី ហើយ​ប្រទេស​ផ្សេង មិនអាច​យក​អំណះអំណាង​ណាមួយ​មក​បញ្ជាក់ថា តំបន់​ដែន​ទឹកជា​របស់ខ្លួន​បានឡើយ​។ 
 
​សូមបញ្ជាក់ថា ចិន និង​ឥណ្ឌូណេស៊ី មាន​ជម្លោះ​លើ​ប្រជុំ​កោះ​ណា​ទុ​ណា​តាំងពី​ឆ្នាំ ២០០៦ មក​ម្លេះ​។ តាម​ការអះអាង​របស់​ឥណ្ឌូណេស៊ី ប្រជុំ​កោះ​ណា​ទុ​ណា គឺជា​ដែនទឹក​របស់ខ្លួន ដោយ​ផ្អែកទៅលើ​ច្បាប់​សមុទ្រ​អន្តរជាតិ​ឆ្នាំ ១៩៨២ (UNCLOS) ៕

Tag:
 ចិន​
  ឥណ្ឌូណេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com