COVID-19
ជាតិ
ក្រសួង​អប់រំឲ្យ​សាលាគ្រប់កម្រិតទាំងអស់ទូទាំងប្រទេសឈប់​សម្រាក​មុនកាលកំណត់
16, Mar 2020 , 10:38 am        
រូបភាព
ដោយ: ថ្មីៗ
លោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវ​ជន​ និង​កីឡា​ នា​ថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០២០ នេះ បាន​ចេញ​សេចក្តីណែនាំស្តីពីការចាប់ផ្តើម​វិស្សមកាលតូច និង​ការឈប់​សម្រាក​មុន​កាល​កំណត់​សម្រាប់​គ្រឹះស្ថាន​សិក្សាគ្រប់កម្រិត​ គ្រប់ប្រភេទ​ទាំង​សាធារណៈ និង​​ឯកជន​ទូទាំង​ប្រទេស។



ផ្អែកតាម​របាយការណ៍ស្ថានភាពរាតត្បាត COVID-19 នៅលើពិភពលោក ក៏ដូចជានៅកម្ពុជា ក្រសួងអប់រំ បាន​ណែនាំគ្រឹះស្ថាន​សិក្សាចំណេះទូទៅ ពីថ្នាក់បឋមសិក្សា ដល់​មធ្យមសិក្សាទុតិយភូមិ និង​មតេយ្យសិក្សាគ្រប់កម្រិត ក៏ដូចជា​គ្រឹះស្ថាន​បណ្តុះបណ្តាលគ្រូ និងកម្រិតឧត្តមសិក្សា​ទាំងសាធារណៈ និងឯកជន ចាប់អនុវត្ត​ការសម្រាកវិស្សមកាលតូច និង​សម្រាក​ទូទៅ រហូតដល់មាន​ការជូន​ដំណឹងជាថ្មី។

សម្រាប់​សាលារៀន​ដែល​មិនទាន់បាន​បញ្ចប់​ការ​វាយតម្លៃលទ្ធផល​សិក្សាក្នុងឆមាសទី១ ក្រសួងតម្រូវឲ្យ​យក​លទ្ធផល​ជាមធ្យមភាគ​នៃ​ពិន្ទុ​ប្រចាំខែ ចាប់ពី​ខែធ្នូ ឆ្នាំ​២០១៩ ដល់​ខែកុម្ភៈ ឆ្នាំ​២០២០ ជាមធ្យមភាគពិន្ទុ​ប្រចាំឆមាសទី១។

សម្រាប់គ្រឹះស្ថានបណ្តុះបណ្តាលគ្រូ និងឧត្តមសិក្សា ក្រសួង​ស្នើ​ឲ្យប្រមូល​ព័ត៌មាន​រាល់​ការ​ធ្វើដំណើរ ទស្សនកិច្ចសិក្សា របស់គរុសិស្ស បុគ្គលិកអប់រំ ដែល​ទៅកាន់ប្រទេសមានផ្ទុះ COVID-19 ក្នុងអំឡុងពេល​១៤ថ្ងៃ មុន​ថ្ងៃទី​១៦ ខែមីនា។ ក្នុងករណីសង្ស័យណាមួយ ពួក​គាត់អាចទាក់ទងទៅ​កាន់​លេខ​១១៥។

លោករដ្ឋមន្ត្រីអប់រំ បាន​ស្នើ​ទៅមន្ទីររាជធានីខេត្ត បន្ត​តាមដាន​ និងរាយការណ៍ហេតុការណ៍ដែល​អាច​កើតឡើង​លើ​មន្ត្រីអប់រំ និង​សិស្ស ខណៈអាណាព្យាបាលត្រូវបានស្នើឲ្យ​ពង្រឹង​ការយក​ចិត្ត​ទុក​ដាក់កូនៗ តាមរយៈ​កម្មវិធីស្វ័យ​សិក្សានៅផ្ទះ និងចៀសវាង​ការនាំទៅកន្លែងដែលប្រឈមឆ្លង COVID-19 ដូចជា កន្លែងហែលទឹកសាធារណៈ កន្លែងហាត់ប្រាណ សួន​កុមារ ជាដើម៕

© រក្សាសិទ្ធិដោយ thmeythmey.com