ជាតិ
អាថ៌កំបាំងជិត១ពាន់ឆ្នាំមួយត្រូវបានរកឃើញនៅស្រះអង្គរវត្ត
× សៀមរាប៖ អាថ៌កំបាំងដ៏ធំមួយនៃប្រាសាទអង្គរវត្ត ត្រូវបានក្រុមអ្នកបុរាណវិទ្យាទើបនឹងប្រទះឃើញ នោះគឺសំណង់ឈើលាយនឹងថ្មដែលកប់នៅកណ្ដាលស្រះអង្គរវត្ត។ នេះជាអាថ៌កំបាំងជិត១ពាន់ឆ្នាំ ហើយក៏ជាភស្ដុតាងបែបវិទ្យាសាស្ដ្រថ្មីមួយនៃការសិក្សាស្រាវជ្រាវពីរចនាសម្ព័ន្ធប្រាសាទអង្គរវត្ត។
ក្រុមអ្នកបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា បានប្រទះសំណង់ឈើលាយថ្មមួយដែលមានអាយុជិត១ពាន់ឆ្នាំ ដែលកប់ក្នុងរណ្ដៅចំកណ្ដាលស្រះខាងជើងប្រាសាទអង្គរវត្ត។ ការរកឃើញនេះ ខណៈដែលក្រុមអ្នកជំនាញកំពុងស្ដាររចនាសម្ព័ន្ធ និងលើកតម្លៃសោភ័ណភាពស្រះនេះឡើងវិញ។
លោក អ៊ឹម សុខរិទ្ធី ប្រធាននាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ នៃអាជ្ញាធរជាតិអប្សរាឱ្យដឹងថា សំណង់ដ៏អាថ៌កំបាំងនេះគឺទាក់ទងទៅនឹងដំណើរការនៃការកសាងស្រះ និងប្រាសាទ ក៏ដូចជាស្របតាមដំណើរវិវត្តន៍នៃមនុស្សដែលរស់នៅមិនដាច់តាំងពីសម័យកសាងរហូតដល់សម័យទំនើប។
លោក អ៊ឹម សុខរិទ្ធី មិនទាន់អាចបញ្ជាក់ថាសំណង់ឈើនោះជាប្រភេទអ្វីនៅឡើយ គ្រាន់តែសភាពឈើគឺនៅមាំល្អ ដែលមានអាយុកាលជិត១ពាន់ឆ្នាំ កប់កណ្ដាលស្រះ។ អ្នកជំនាញនឹងបន្តពង្រីករណ្ដៅកំណាយបន្ថែម ដើម្បីដឹងច្បាស់ពីទ្រង់ទ្រាយសំណង់នេះ៕
សូមស្ដាប់ការពន្យល់បន្ថែមរបស់លោក អ៊ឹម សុខរិទ្ធី ដែលផ្តល់បទសម្ភាសជាមួយអ្នកសារព័ត៌មាននៅថ្ងៃទី២៥ មីនា នៅទីតាំងកំណាយដូចតទៅ៖
Tag:
អង្គរវត្ត
ស្រះខាងជើងអង្គរវត្ត
អ៊ឹម សុខរិទ្ធី
© រក្សាសិទ្ធិដោយ thmeythmey.com