COVID-19
អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អាជ្ញាធរ​ក្រុង​ហូជីមិញ សន្យា​ផ្ដល់​៤៣​ដុល្លារ​ប្រចាំខែ​ដល់​ពលរដ្ឋ​បាត់បង់​ការងារ​
29, Mar 2020 , 2:30 pm        
រូបភាព
បុរសវៀតណាមម្នាក់ ដើរកាត់ហាងទំនិញមួយកន្លែងដែលបិទទ្វារនៅក្រុង ហូជីមិញ កាលពីថ្ងៃ ៥ មីនា ២០២០ (VN Express)
បុរសវៀតណាមម្នាក់ ដើរកាត់ហាងទំនិញមួយកន្លែងដែលបិទទ្វារនៅក្រុង ហូជីមិញ កាលពីថ្ងៃ ៥ មីនា ២០២០ (VN Express)
ដោយ:
អាជ្ញាធរ​ក្រុង​ហូជីមិញ បាន​សន្យាថា​នឹង​យកលុយ​ពាក់កណ្ដាល​ដែល​គ្រោង​ប្រើ​សម្រាប់​ដំឡើង​ប្រាក់បៀវត្ស​មន្ត្រី​ស៊ីវិល ទៅ​ជួយ​គាំទ្រ​ពលរដ្ឋ​ដែល​បាត់បង់​ការងារ​ធ្វើ​ដោយសារ​ជំងឺ COVID-19 ។

 
 
​នា​ជំនួប​មួយ កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​នេះ លេខាធិការ​បក្ស​ក​ម្មុយ​នី​ស្ត​ប្រចាំ​ទីក្រុង ហូជីមិញ លោក Nguyen Thien Nhan បាន​អះអាងថា ជំងឺ​រាតត្បាត COVID-19 បាន​បង្ខំ​ឲ្យ​ប្រជាជន ៦០​ម៉ឺន​នាក់​ដែល​រស់នៅ​ទីក្រុង​នេះ​បាត់បង់​ការងារ​ធ្វើ​។ ទីក្រុង​ហូជីមិញ មាន​ប្រជាជន​រស់នៅ​សរុប​ជិត​៩​លាន​នាក់ (​ឆ្នាំ​២០១៩)​។ 
 
​បើតាម​សារព័ត៌មាន​អន​ឡាញ​វៀតណាម Vietnam Express ដែល​ផ្សាយ​ជា​ភាសា​អង់គ្លេស លោក Nguyen គូសបញ្ជាក់ថា អាជ្ញាធរ​ក្រុង​ហូជីមិញ នឹង​ផ្ដល់​ប្រាក់ខែ​ជូន​ពួកគេ​ក្នុង​ម្នាក់ ៤៣​ដុល្លារ ដែល​ដកចេញ​ពី​លុយ​ដែល​គ្រោង​ប្រើប្រាស់​សម្រាប់​ដំឡើង​ប្រាក់បៀវត្ស​មន្ត្រី​។ 
 
​ត្រង់ចំណុច​នេះ​លោក សង្កត់ធ្ងន់​ដូច្នេះ​ថា​៖«​ក្នុងពេល​ដ៏​លំបាក​នេះ មនុស្ស​រាល់គ្នា គួរ​រួមគ្នា​បញ្ឈប់​ការ​ការរីក​រាលដាល​ជំងឺ​នេះ​ទៅកាន់​អ្នកដទៃ ហើយក៏​ជួយ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ដល់​អ្នក​ជួប​ការលំបាក​ផងដែរ​»​។ យ៉ាងណាមិញ លោក​ពុំបាន​បញ្ជាក់​អំពី​ពេលវេលា​ជាក់លាក់​នៃ​ការបើកប្រាក់ ឬ​ចំនួន​ខែ​ដែល​ពួកគេ​អាច​បន្ត​បើកប្រាក់​ទាំងនេះ​ឡើយ​។ 
 
​គិត​ត្រឹម​ព្រឹក​ថ្ងៃអាទិត្យ ២៩ ខែមីនា ប្រទេស​វៀតណាម មាន​ករណី​ឆ្លង COVID-19 សរុប​ចំនួន ១៧៩​ករណី ក្នុងនោះ​មាន​៥​ករណី​ថ្មី ខណៈ​អ្នកជា​សះស្បើយ មាន​២១ នាក់​។ យ៉ាងណាមិញ ប្រទេស​នេះ ពុំទាន់​មាន​ករណី​ស្លាប់​ដោយសារ COVID-19 នៅឡើយ​៕ 
 
 

Tag:
 វៀតណាម​
  ហូជីមិញ​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com