COVID-19
ជាតិ
សង្គមជាតិ
​ជួយ​គ្នា​ក្នុង​គ្រា​កូ​វីដ​-១៩! វប្បធម៌​ចែករំលែក​ដល់​អ្នក​ខ្វះខាត​កាន់តែ​ផុសផុល​ក្នុងសង្គម​ខ្មែរ​
31, Mar 2020 , 9:39 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ក្នុង​គ្រា​លំបាក អ្នកខ្លះ​ឆ្លៀត​ទាញ​ចំណេញ តាមរយៈ​ការ​តម្លើង​ថ្លៃទំនិញ ប៉ុន្តែ​អ្នក​ខ្លះទៀត​បង្ហាញ​កាយវិការ​ដ៏​គួរ​ឲ្យ​គោរព​តាមរយៈ​វប្បធម៌​ចែករំលែក​។ ការ​រាតត្បាត​ជំងឺ COVID-19 នៅលើ​ពិភពលោក រួមទាំង​កម្ពុជា​ផ្ទាល់ នាពេល​បច្ចុប្បន្ននេះ ក៏​លេចចេញ​នូវ​ទង្វើ​ទាំងនេះ ដំណាលគ្នា​ផងដែរ ប៉ុន្តែ​សារព័ត៌មាន​ថ្មីៗ សូម​បង្ហាញ​ពី​សកម្មភាព​សប្បុរស​ដ៏​ផុសផុល​របស់​ប្រជាពលរដ្ឋ ក្រោម​ស្មារតី​អ្នកធូរធា ជួយ​ដល់​អ្នក​ខ្វះខាត​។​

 
«​ខ្ញុំ​សួរ​ខ្លួនឯង​ថា ខ្ញុំ​លំបាក​ប៉ុណ្ណឹង​ហើយ ចុះ​ពួកគាត់​លំបាក​ប៉ុនណា​ទៅ​? ពួកគាត់​អត់​មាន​ស្មា​ត​ហ្វូ​ន និង​ទូរ​សព្ទ សម្រាប់​ទទួលបាន​ព័ត៌មាន​។ ពួកគាត់​ពិតជា​ពិបាក​ខ្លាំងណាស់​»​។ នេះ​ជាការ​រៀបរាប់​របស់លោក អ៊ីវ សំណាង ដែល​បាន​ផ្តួចផ្តើម​បង្កើត​កម្មវិធី​មូលនិធិ និង​រៃអង្គាស​សម្រាប់​អ្នកធាក់ស៊ីក្លូ និង​ជនក្រីក្រ​។​
 
​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ តាម​ទូរ​សព្ទ លោក សំណាង បាន​អះអាងថា រូបលោក និង​ក្រុមការងារ​ស្ម័គ្រចិត្ត​ប្រមាណ​១០​នាក់ បន្ត​ប្រមូល​ថវិកា​ពី​សប្បុរសជន ដើម្បី​ជួយ​ទៅដល់​ក្រសួងសុខាភិបាល​ប្រឆាំង​ជំងឺ​កូ​វីដ​-១៩​ផង និង​ពលរដ្ឋ​ដែល​គ្មាន​ទីកន្លែង​សម្រាប់​ពឹងពាក់​អាស្រ័យ​ច្បាស់លាស់  ជាពិសេស​ជា​អ្នក​ដែល​ប្រើ​កម្លាំង​ពលកម្ម​សម្រាប់​ដូរ​យក​បាយ​ក្នុង​មួយថ្ងៃ​រស់​មួយថ្ងៃ​។ 


លោក អ៊ីវ សំណាង និងសមាជិកដទៃទៀតកំពុងតែ​ដើរចុះចែកស្បៀងអាហារ​ដល់អ្នកដែលខ្វះខាត
 
​បន្ថែម​ពីលើ​នេះ លោក សំណាង និង​ក្រុម​ស្ម័គ្រចិត្ត​ដទៃទៀត ចុះទៅ​ផ្សព្វផ្សាយ​ដល់​អ្នកធាក់ស៊ីក្លូ និង​ជនក្រីក្រ អំពី​ការថែទាំ​សុខភាព និង​ស្វែងយល់​ពី​អាការ​របស់ខ្លួន​។ លោក​បញ្ជាក់ថា​៖ «​យើង​វាស់​កម្តៅ​ជូន​ពួកគាត់​ដល់​កន្លែង និង​ណែនាំ​ពួកគាត់​ពី​របៀប​អនាម័យ និង​ប្រាប់​គាត់​ពី​ជំងឺ​កូ​វីដ​-១៩ ដែល​អាច​នឹង​បង្ការ និង​ការពារ ដើម្បី​កុំ​ឲ្យ​ឆ្លង​កូ​វីដ​-១៩»​។  
 
​សកម្មភាព​ផ្តល់​ម៉ាស់ ទឹក​អាល់កុល គ្រឿងឧបភោគ បរិភោគ ទឹក មី​កញ្ចប់ ត្រីខ ក៏ដូចជា​អង្ករ ជាដើម​នោះ ក៏​កាន់តែ​មានការ​ផុសផុល​ផងដែរ ជាពិសេស​ពី​សំណាក់​ពលរដ្ឋ​ដែលមាន​ជីវភាព​ធូរធា ដោយ​ពួកគាត់​រៀបចំ​ដាក់​ថង់​រួចជាស្រេច ហើយ​ជូន​ដល់​ពលរដ្ឋ​ក្រីក្រ​ដែល​ដើរកាត់​មុខផ្ទះ​របស់ខ្លួន ឬ​តាម​ដងផ្លូវ​។​
 
​លោក ប៊ូ សារឿន និង​ក្រុមគ្រួសារ ដែល​រស់នៅក្នុង​រាជធានី​ភ្នំពេញ ក៏បានផ្តល់​អំណោយ​តាម​សទ្ធា​របស់ខ្លួន​សម្រាប់ អ្នកធាក់ស៊ីក្លូ មនុស្ស និង​ជនក្រីក្រ​មួយចំនួន​ផងដែរ​។ លោក​បាន​ពន្យល់ថា​៖ «​ដោយ​មើលឃើញ​ពី​ភាពខ្វះខាត និង​ការងាយ​ប្រឈម នឹង​ការឆ្លង​កូ​វីដ​១៩ ទើប​ធ្វើ​ឲ្យ​ខ្ញុំ និង​ក្រុមគ្រួសារ ធ្វើ​សកម្មភាព​បែបនេះ ដែលជា​ការរួមចំណែក​តិចតួច​មួយ​។ ហើយ​គំនិត​នេះ មានការ​គាំទ្រ​ពី​ក្រុមគ្រួសារ និង​មិត្តភក្តិ​»​។​


លោក ប៊ូ សារឿន និងក្រុមគ្រួសារ បាន​រៀបចំជា​ជេលលាងទឹកសម្រាប់ចែកជូនដល់ពលរដ្ឋដែលរស់នៅរាជធានីភ្នំពេញ
 
​សម្រាប់​លោក សុទ្ធ សុធា​រៈ ដែល​ធ្លាប់បាន​ដើរ​ចែក​ម៉ាស់ និង​ទឹក​អាល់កុល​ជូន​ដល់​ពលរដ្ឋ​ដែល​រស់​នៅតាម​ដងផ្លូវ​ជា​ច្រើនដង​រួចមកហើយ​នោះ លោក​ក៏​បន្ត​ចែក​ស្បៀងអាហារ និង​ចែកជា​ខិ​ត្ត​បណ្ណ​អំពី​របៀប​ការពារ​ជំងឺ​កូ​វីដ​-១៩ ដល់​គ្រួសារ​ប្រមាណ​២០០​គ្រួសារ​បន្ថែមទៀត  ដែល​រស់​នៅតាម​តំបន់​បឹង​ជើងឯក ច្បារអំពៅ និង​ស្ទឹងមានជ័យ​។ លោក សុធា​រៈ រៀបចំ​ជា​អំណោយ​នេះ ដោយ​យល់ឃើញថា ពលរដ្ឋ​ក្រីក្រ​មិនអាច​មានលទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការទិញ​ស្បៀងអាហារ ដោយសារតែ​តម្លៃ​ទំនិញ​ឡើងថ្លៃ​នា​អំឡុងពេល​កូ​វីដ​-១៩ កំពុង​រា​ត​ដ្បា​ត​។​


លោក សុទ្ធ សុធារៈ កំពុងតែ​ចែក​ម្ហូបអាហារដល់លោកអ៊ំំ ជា​អ្នកធាក់ស៊ីក្លូ
 
«​យើង​នឹកឃើញ​ដល់​អ្នក​ដែល​រស់នៅ​តាមផ្លូវ អ៊ំៗ​ជា​អ្នកធាក់ស៊ីក្លូ ជន​អាណា​ថា និង​អ្នក​បោសសំអាត​។ ជាទូទៅ​គាត់​អត់​មានលទ្ធភាព​ទិញ​ឲ្យ​របស់​ហ្នឹង​យកមកប្រើ​ប្រាស់​។ ដោយ​ឃើញថា​របស់​ប្រើប្រាស់​ហ្នឹង​វា​ឡើងថ្លៃ​ពេក សូម្បីតែ​ខ្លួន​យើង​ហ្នឹង​ក៏​អត់​មានលទ្ធភាព​ទិញ​ដែរ ចុះ​ទម្រាំ​ដល់​អ្នក​អត់​ទៀត​។ យើង​មាន​សមាជិក​ដល់​ទៅ​៥០​នាក់ អ៊ីចឹង​យើង​អាច​រៃ​អង្កា​ស​ថវិកា​បាន​ជិត​៣​ពាន់​ដុល្លារ ដើម្បី​ជួយ​ទិញ​របស់​ប្រើប្រាស់ ម្ហូបអាហារ​បន្តិចបន្តួច និង​បោះ​ខិតប័ណ្ណ​ដល់​ពួកគាត់​។ ខ្ញុំ​ឃើញ​ម្នាក់ ចែក​ម្នាក់​»​។ 
 
​ក្រៅពី​មាន​សកម្ម​ភាពចុះ​ចែក​អំណោយ​ដល់​ជនក្រីក្រ ក៏មាន​កន្លែង​មួយចំនួន​ដាក់​ជា​ស្បៀងអាហារ​ដាក់​នៅមុខ​ផ្ទះ និង​មុខ​ហាង សម្រាប់​ឲ្យ​អ្នក​ខ្វះខាត​មក​យក​ដោយ​ខ្លួនឯង​។ ក្នុងនោះ​មាន​ទីតាំង​មួយកន្លែង​នៅក្បែរ​ស្តុ​ប​កាណាឌីយ៉ា​ល់ បានដាក់​អង្ករ​ចំនួន​១​តោន និង​ទឹក​សុទ្ធ​ចំនួន​២០០​ជូរ សម្រាប់​ចែកជូន​ដល់​អ្នកក្រីក្រ​។  


សកម្មភាព​ពលរដ្ឋ​ដែលខ្វះ​ខាតមក​យក​អង្ករ និងទឹកសុទ្ធ
 
«​បច្ចុប្បន្នភាព​ជំងឺ​នេះ​បាន​ប៉ះពាល់​ដល់​អាជីវកម្ម​មួយចំនួន​ត្រូវបាន​បិទ អ៊ីចឹង​អ្នក​ដែល​ប៉ះពាល់​ខ្លាំង​បំផុត​នោះ គឺជា​អ្នកធ្វើការ ដោយ​ប្រើ​កម្លាំង​ពលកម្ម​។ អ៊ីចឹង​ហើយ​បាន​ខ្ញុំ​ចំណាយ​ថវិកា​មួយចំនួន​សម្រាប់​ចែក​ដល់​ពួកគាត់​ខ្លះ​។ ខ្ញុំ​បាន​ត្រៀម​អង្ករ​២០០​ប៉ាវ​(​មួយ​ប៉ាវ​មាន​អង្ករ​៥​គីឡូ​) និង​ទឹក​សុទ្ធ​ចំនួន​២០០​ជួរ ដោយ​យើង​ចែកជូន​គាត់​ម្នាក់​៥​គីឡូ និង​ទឹក​សុទ្ធ​១​ជួរ សម្រាប់​៣០​នាក់ ក្នុង​មួយថ្ងៃ សម្រាប់​ចែក​ដល់ កម្មករសំណង់ អ្នកដើរ​សុំទាន និង​អ្នកប្រមូល​សំរាម​»​។ នេះ​ជាការ​លើកឡើង​របស់​ម្ចាស់​អំណោយ​ដែល​មិន​បញ្ចេញ​ឈ្មោះ​ម្នាក់​ដែល​បាន​ប្រាប់​ដល់​អ្នកសារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​។​
 
​ការអំពាវនាវ​ជួយ​ដល់​អ្នក​ឆ្លង COVID-19 ផ្ទាល់​ក៏មាន​ផងដែរ ដែល​ក្នុងនោះ​អ្នកស្រី អ៊ី​សា រ៉​ហា​នី អ្នកយកព័ត៌មាន​ថ្មីៗ ប្រចាំ​នៅ​ខេត្តសៀមរាប បាន​មើលឃើញ​ពី​ទុក្ខលំបាក​របស់ គ្រួសារ​បុរស​ជនជាតិខ្មែរ​អាយុ​៤០​ឆ្នាំ រួមទាំង ប្រពន្ធ និង​កូនប្រុស​ដែល​សុទ្ធតែ​ឆ្លង​៕
 

Tag:
 ពលរដ្ឋ​
 ​សប្បុរជន
© រក្សាសិទ្ធិដោយ thmeythmey.com