COVID-19
ជាតិ
សេដ្ឋកិច្ច
មានរោងចក្រដល់ទៅ៩១ហើយ ដែលព្យួរការងារ, ប៉ះពាល់កម្មករជាង៦,១ម៉ឺននាក់
02, Apr 2020 , 12:24 pm        
រូបភាព
កម្មករ-កម្មការិនី ធ្វើដំណើរទៅផ្ទះ ក្រោយចេញពីធ្វើការ
កម្មករ-កម្មការិនី ធ្វើដំណើរទៅផ្ទះ ក្រោយចេញពីធ្វើការ
នៅកម្ពុជា មានរោងចក្រ៩១ហើយ ដែលបានព្យួរការងារ ហើយកម្មករ-កម្មការិនីដល់ទៅប្រមាណ៦១៥០០នាក់ ដែលរងការប៉ះពាល់។ នេះបើតាមរបាយការណ៍ដែលលោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ ផ្ញើមកសារព័ត៌មានថ្មីៗ តាមបណ្តាញទំនាក់ទំនងតេឡេក្រាម នាព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២០។



លោក ហេង សួរ សរសេរមកកាន់សារព័ត៌មានថ្មីៗថា មូលហេតុ ដែលនាំឲ្យរោងចក្រទាំងនោះ ព្យួរការងារ គឺដោយសារតម្រូវការនៅទីផ្សារនាំចេញ ត្រូវបានកាត់បន្ថយ។

លោក បញ្ជាក់ថា៖«អន្តរាគមន៍របស់រាជរដ្ឋាភិបាល នៅតែមានប្រសិទ្ធភាព។ រាជរដ្ឋាភិបាល នៅតែបន្តផ្តល់ប្រាក់២០ភាគរយ ស្មើនឹង៣៨ដុល្លារ នៃប្រាក់ខែគោល១៩០ដុល្លារ ដល់កម្មករ»។

គេ ដឹងកន្លងមកថា ការព្យួរការងារនៅតាមរោងចក្រ គឺដោយសារតែរោងចក្រទាំងនោះ ខ្វះវត្ថុដើម ដែលនាំចូលពីចិន ហើយបញ្ហាធំជាងនេះ គឺអ្នកបញ្ជាទិញ លុបចោលការបញ្ជាទិញផលិតផលសម្លៀកបំពាក់និងស្បែកជើងពីកម្ពុជា។

រាជរដ្ឋាភិបាល បានកំណត់ឲ្យម្ចាស់រោងចក្រ បង់ប្រាក់៤០ភាគរយ ស្មើនឹងប្រមាណ៧៦ដុល្លារនៃប្រាក់ខែគោល១៩០ដុល្លារ ទៅដល់កម្មករ-កម្មការិនី ដែលត្រូវព្យួរការងារ។ ទាំងប្រាក់ឧបត្ថម្ភ២០ភាគពីរាជរដ្ឋាភិបាល និងប្រាក់៤០ភាគរយពីថៅកែរោងច្រក កម្មករ-កម្មការិនី ត្រូវទទួលបានប្រាក់ខែសរុប៦០ភាគ ស្មើនឹងប្រមាណ១១៤ដុល្លារ។

លោក អាត ធន់ មេសហជីពមួយរូប បានប្រាប់សារព័ត៌មាថ្មីៗតាមទូរស័ព្ទ នៅថ្ងៃទី១ ខែមេសាម្សិលមិញថា ពីមុនថៅកែរោងចក្រ បានបើកប្រាក់៤០ភាគរយ ជូនកម្មករ តែពេលនេះ ដោយសារតែអ្នកបញ្ជាទិញ លុបការបញ្ជាទិញ ទើបធ្វើឲ្យថៅកែរោងចក្រខ្លះ ពុំមានលទ្ធភាព បន្តផ្តល់ប្រាក់៤០ភាគនោះ ជូនកម្មករ-កម្មការិនី ទៀតឡើយ។ លោក អះអាងថា លោក ទើបនឹងទទួលបានព័ត៌មាននេះ ពីភាគីរោងចក្រ៕ 

Tag:
 COVID-19
  កម្មករ
  ព្យួរការងារ
  បិទរោងចក្រ
© រក្សាសិទ្ធិដោយ thmeythmey.com