COVID-19
អន្តរជាតិ
ប្រធានាធិបតី​អាមេរិក មិន​ទុកចិត្ត​តួលេខ COVID-19 នៅ​ប្រទេស​ចិន​
02, Apr 2020 , 2:09 pm        
រូបភាព
លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ, រូបភាព៖ AFP
លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ, រូបភាព៖ AFP
​ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ នា​ថ្ងៃទី​១ ខែមេសា បានលើកឡើង​ពី​ចម្ងល់​របស់ខ្លួន ជុំវិញ​តួលេខ​អ្នកជំងឺ​រលាក​សួត ដែល​បង្កដោយ​កូ​រ៉ូ​ណាវី​រុស (COVID-19) នៅ​ប្រទេស​ចិន ដោយ​ថា​មាន​តួលេខ​តិច និង មិនគួរ​ឲ្យ​ជឿ​។ ចំណែក​សមាជិកសភា​អាមេរិក​ឯណោះ​វិញ បាន​បង្ហាញថា ចិន​បាន​លាក់​តួលេខ​អ្នក​ឆ្លង និង​អ្នកស្លាប់​នៅក្នុង​ប្រទេស​។


 
​នា​សន្និសីទកាសែត​នា​ថ្ងៃទី​១ ខែមីនា ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ «​តើ​យើង​ដឹង តួលេខ​នៅ​ប្រទេស​ចិន​ពិត​ដោយ​របៀប​ណា​»​។ ក្នុងន័យនេះ លោក​ដូ​ណា​ល់ ត្រាំ ចង់​សំដៅថា តួលេខ​នៅ​ចិន​គឺ​ល្អ​ណាស់ និង​ភាពល្អប្រសើរ ដែល​ខុស​ឆ្ងាយ​ពី​តួលេខ​នៅ​អាមេរិក​។ 
 
​គិត​មក​ត្រឹម​ថ្ងៃទី​១ ខែមេសា​នេះ អាមេរិក​មាន​ករណី​COVID-19 សរុប​រហូតដល់​ទៅជា​ង ២១​ម៉ឺន​ករណី និង​អ្នកស្លាប់​ជាង ៥​ពាន់​ករណី ស្របពេល​ចិន​មាន​ត្រឹមតែ​ជាង ៨​ម៉ឺន​ករណី និង​អ្នកស្លាប់​ជាង ៣​ពាន់​ករណី​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP​។​
 
​យ៉ាងណាក៏ដោយ លោក​ត្រាំ នៅតែ​អះអាងថា ទំនាក់ទំនង​ចិន និង​អាមេរិក នៅតែមាន​ភាពល្អប្រសើរ ខណៈពេល​លោក និង​លោក ស៊ី ជិន​ភីង ប្រធានាធិបតី​ចិន នៅតែមាន​ទំនាក់ទំនង​ជិតស្និត​ដដែល​។ 
 
​ចំណែក​នៅក្នុង​សភា​ឯណោះ​វិញ សមាជិក​បក្ស​សាធារណរដ្ឋ បានលើកឡើង​ពី​របាយការណ៍​មួយ​របស់​សារព័ត៌មាន Bloomberg ។ ជា​របាយការណ៍​ផ្អែក​តាម​ទិន្នន័យ​របស់​ទីភ្នាក់ងារ​សម្ងាត់​របស់​អាមេរិក សារព័ត៌មាន Bloomberg បាន​បង្ហាញថា ទីក្រុង​ប៉េកាំង បាន​បញ្ចេញ​តួលេខ​មិន​ពិត​មួយចំនួន​ទាក់ទង​នឹង​អ្នក​ឆ្លង និង​អ្នកស្លាប់​នៅក្នុង​ប្រទេស ដែល​បានចាប់ផ្តើម​ឡើង​នៅ​ចុងឆ្នាំ ២០១៩​។​
 
​លោក Ben Sasse សមាជិក​ព្រឹទ្ធសភា​អាមេរិក​មកពី​បក្ស​សាធារណរដ្ឋ បាន​លើកឡើងថា តួលេខ​ដែល​បង្ហាញថា​តួលេខ​អ្នកស្លាប់​នៅ​អាមេរិក មាន​ច្រើនជាង​ចិន គឺជា​រឿង​មិន​ពិត​។ ចិន បាន​បំភ្លៃ​ព័ត៌មាន​នេះ ដើម្បី​ការពារ​របប​ដឹកនាំ​របស់ខ្លួន​។ មកពី​បក្ស​ដូចគ្នា លោក Michael McCaul សមាជិក​គណៈកម្មាធិកា​រ​កិច្ចការបរទេស នៃ​សភាតំណាងរាស្ត្រ​អាមេរិក បាន​បញ្ជាក់ថា ចិន គឺជា​ដៃគូ​មិនគួរ​ឲ្យ​ទុកចិត្ត​ក្នុងការ​ប្រយុទ្ធប្រឆាំង​ជាមួយ COVID-19 ដោយសារ​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង បានបង្ហាញ​ព័ត៌មាន​មិន​ពិត​ទៅកាន់​ពិភពលោក​ទាំងមូល​។ ក្នុងន័យនេះ លោក Michael និយាយថា ចិន​បាន​បំបិទមាត់​វេជ្ជបណ្ឌិត និង​អ្នកកាសែត​មិន​ឲ្យ​បញ្ចេញ​តួលេខ​ត្រឹមត្រូវ​៕

Tag:
 អាមេរិក​
  ចិន​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com