COVID-19
អន្តរជាតិ
នាយករដ្ឋមន្ត្រី​ទី​ម័​រ​ខាងកើត លុបចោល​ការលាលែង​ពី​តំណែង​វិញ ដើម្បី​ប្រយុទ្ធ​នឹង COVID-19
09, Apr 2020 , 11:35 am        
រូបភាព
នាយករដ្ឋមន្រ្តីទីម័រខាងកើតTaur Matan Ruak។ រូបភាព៖ Reuters
នាយករដ្ឋមន្រ្តីទីម័រខាងកើតTaur Matan Ruak។ រូបភាព៖ Reuters
​នាយករដ្ឋមន្ត្រី​ទី​ម័​រ​ខាងកើត លោក Taur Matan Ruak នា​ថ្ងៃទី​៨ ខែមេសា បាន​លុបចោល​ការលាលែង​ចេញពី​តំណែង ដើម្បី​ប្រយុទ្ធប្រឆាំង​ជាមួយ​ជំងឺ​រលាក​សួត ដែល​បង្កដោយ​កូ​រ៉ូ​ណាវី​រុស (COVID-19) ។ រដ្ឋាភិបាល​ទី​ម័​រ​ខាងកើត ក៏បាន​បញ្ចេញ​ថវិកា ២៥០​លាន​ដុល្លារ ដើម្បី​ដោះស្រាយ​បញ្ហា​កូ​រ៉ូ​ណាវី​រុស​នៅក្នុង​ប្រទេស​ផងដែរ​។


 
​បន្ទាប់ពី​បរាជ័យ​ក្នុង​ការអនុម័ត​ថវិកាជាតិ​សម្រាប់​ឆ្នាំ​២០២០ លោកនាយក​រដ្ឋមន្ត្រី Taur Matan Ruak ឬ​មានឈ្មោះ​មួយទៀត​ជា Jose Maria de Vasconcelos បាន​លាលែង​ចេញពី​តំណែង​តាំងពី​ខែកុម្ភៈ​មកម្ល៉េះ​។ ប៉ុន្តែ​ដើម្បី​ដោះស្រាយ​បញ្ហា COVID-19 លោក Ruak នឹង​បន្ត​ធ្វើជា​នាយករដ្ឋមន្ត្រី​សិន រហូតដល់​រដ្ឋាភិបាល​ថ្មី​ត្រូវបាន​បង្កើតឡើង​។ 
 
​មានន័យថា លោកនាយក​រដ្ឋមន្ត្រី​បានសម្រេច​លុបចោល ការលាលែង​ចេញពី​តំណែង​កន្លងមក​។ ថ្លែងប្រាប់​អ្នកសារព័ត៌មាន បន្ទាប់ពី​កិច្ចប្រជុំ​រដ្ឋាភិបាល​ជាមួយ​ប្រធានាធិបតី​ទី​ម័​រ លោក Ruak បានលើកឡើង​យ៉ាង​ដូច្នេះ​ថា​៖ «​ខ្ញុំ​លុបចោល​ពាក្យសុំ​លាលែង​ពី​តំណែង​... ដោយសារ​ខ្ញុំ​គិតថា ក្នុងស្ថានភាព​បែបនេះ ប្រទេស​[​ទី​ម័​រ​ខាងកើត​]  ត្រូវការ​យើងទាំងអស់គ្នា​»​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters​។ 
 
​បន្ថែម​ពីលើ​នេះ រដ្ឋាភិបាល​ទី​ម័​រ​ខាងកើត ក៏បាន​អនុម័ត​ថវិកា​មួយចំនួន​សម្រាប់​វិស័យ​សុខាភិបាល​ផងដែរ ដើម្បី​ទប់ស្កាត់​ជាមួយ COVID-19​។ តាមរយៈ​សេចក្តី​ថ្លែង​ការ​ក្នុង​ថ្ងៃ​ដដែល​នេះ គណៈរដ្ឋមន្ត្រី​ទី​ម័​រ​ខាងកើត បានសម្រេច​បញ្ចេញ​ថវិកា ២៥០​លាន​ដុល្លារ ដើម្បី​ទិញ​ថ្នាំពេទ្យ ឧបករណ៍​វេជ្ជសាស្ត្រ ការសាងសង់​កន្លែង​ដាក់​ច​ត្តា​ឡី​ស័ក និង​កន្លែង​ដាក់​ដាច់ដោយឡែក​ជាដើម​។ 
 
​ចំណែក​ប្រធានាធិបតី​ទី​ម័​រ​ខាងកើត​វិញ ក៏បាន​អំពាវនាវ​ឲ្យ​ប្រជាជន​ទាំងអស់​ចូលរួម​ជាមួយ​រដ្ឋាភិបាល​ផងដែរ ដើម្បី​ជួយ​ទប់ស្កាត់​កូ​រ៉ូ​ណាវី​រុស កុំ​ឲ្យ​រីកសាយ​ភាយ និង​រាតត្បាត​នៅក្នុង​ប្រទេស​។ លើសពីនេះ លោក​ប្រធានាធិបតី​ក៏​ទទួល​សំណូមពរ​ពី​សំណាក់​ប្រជាពលរដ្ឋ​ផងដែរ ប្រសិនបើ​មានការ​លំបាក​អ្វី​។ 
​គិត​មក​ត្រឹម​ថ្ងៃនេះ ទី​ម័​រ​ខាង​កើតមាន COVID-19 សរុប​ត្រឹមតែ ១​ករណី​ប៉ុណ្ណោះ​៕ 

Tag:
 ទី​ម័​យ​ខាងកើត​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com