COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
កីឡាករ​និង​គ្រូ Real នឹង​កាត់​ប្រាក់ខែ​ពី​១០​ទៅ​២០​ភាគរយ ក្នុង​គ្រា​លំបាក​ដោយ COVID-19
09, Apr 2020 , 2:25 pm        
រូបភាព
​កីឡាករ គ្រូបង្វឹក និង​ប្រធាន​ផ្នែក​គ្រប់គ្រង​របស់​ក្រុម Real Madrid នឹង​កាត់បន្ថយ​ប្រាក់​ឈ្នួល​ពី ១០ ទៅ ២០ ភាគរយ​នៅ​ឆ្នាំនេះ ស្របពេល​ក្លិប​កំពុង​ឈានទៅរក​វិបត្តិ​ដោយសារ​ផលប៉ះពាល់​នៃ​ជំងឺ​រាតត្បាត COVID-19​។​


 
​លី​គ​កីឡាបាល់ទាត់​គ្រប់​កម្រិត​នៅ​ប្រទេស​អេ​ស្ប៉ា​ញ​បាន​ផ្អាក​បណ្តោះអាសន្ន​ដោយ​គ្មាន​ពេល​កំណត់ឡើង​ចាប់តាំងពី​ខែមីនា​មក ក្រោយ​ប្រទេស​នេះ​ត្រូវបាន​បិទ ដ្បិត​បារម្ភ​ពី​ការ​រាលដាល​នៃ​ជំងឺឆ្លង​សកល​ដែល​បានសម្លាប់​មនុស្ស​យ៉ាងច្រើន​នៅ​ជុំវិញ​ពិភពលោក​។​
 
​គិត​ត្រឹម​ថ្ងៃទី​៩ ខែមេសា​នេះ COVID-19 បានសម្លាប់​ប្រជាជន​អេ​ស្ប៉ា​ញ​ជិត​១៥០០០​នាក់ ក្នុងចំណោម​អ្នក​ឆ្លង​ជិត​១៥​ម៉ឺន​នាក់​។​
 
​ក្លិប​រហស្សនាម​ស្តេច​ស​មួយ​នេះ បាន​ប្រាប់​ពី​ការសម្រេចចិត្ត​ក្នុងការ​កាត់បន្ថយ​ប្រាក់​ឈ្នួល​របស់​កីឡាករ គ្រូបង្វឹក និង​ថ្នាក់ដឹកនាំ​ថា គឺ​ដើម្បី​សម្រួល​ដល់​ក្លិប និង​បញ្ចៀស​មិន​ឲ្យ​មានការ​តក់ស្លុត​ដែល​ប៉ះពាល់​ដល់​ប្រាក់​ឈ្នួល​បុគ្គលិក និង​កម្មករ​របស់​ក្លិប​។​
 
​សេចក្តីប្រកាស​របស់ Real Madrid បន្ថែមទៀតថា ការសម្រេចចិត្ត​នេះ​នឹង​ជួយ​កាត់បន្ថយ​ការធ្លាក់ចុះ​ប្រាក់ចំណូល​ក្លិប​ពី​ការផ្អាក​ការប្រកួត​ដែល​នៅ​សេសសល់​រដូវ​កាល​នេះ និង​ការខាតបង់​ថ្លៃ​ផ្សាយពាណិជ្ជកម្ម​ដែលជា​ប្រភព​ចំណូល​ដ៏​ធំ​ផង​នោះ​។​
 
​ការសម្រេច​របស់​ក្រុម​ដែល​ដឹកនាំ​ដោយ​អ្នកចាត់ការ​ទូទៅ​លោក Zinedine Zidane នេះ ធ្វើឡើង​ក្រោយ​ការប្រកាស​របស់​ក្រុម Barcelona កាលពី​ខែ​មុន ដែលថា​កីឡាករ​របស់​ពួកគេ នឹង​កាត់បន្ថយ​ប្រាក់​ឈ្នួល​ចំនួន​៧០​ភាគរយ​ដើម្បី​សម្រួល​ដល់​ក្លិប​អំឡុងពេល​វិបត្តិ​ជំងឺ​រាតត្បាត COVID-19 និង ធានាថា បុគ្គលិក​មិន​ធ្វើការ​នៅ​ផ្នែក​កីឡា នឹង​បានទទួល​ប្រាក់​ឈ្នួល​ពេញលេញ​តាម​ធម្មតា​។​
 
​ក្រៅពី​ក្រុមបាល់ទាត់ ក្រុមកីឡា​បាល់បោះ Real Madrid ក៏បាន​យល់ព្រម​កាត់បន្ថយ​ប្រាក់​ឈ្នួល​ដោយ​ស្ម័គ្រចិត្ត​ដូចគ្នា​ផងដែរ​៕
 

Tag:
 Real Madrid
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com